- ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

ការសម្រេចចិត្តរបស់ចិនក្នុងការបញ្ឈប់ការទិញឧស្ម័នធម្មជាតិរាវ(LNG) របស់អាម៉េរិក ធ្វើឡើងស្របពេលដែលកិច្ចសហប្រតិបត្តិការថាមពលកាន់តែជិតស្និទ្ធរវាងប្រទេសនេះ និងរុស្ស៊ី។
យោងតាមទិន្នន័យដែលប្រមូលបានដោយកាសែត Financial Times ក្នុងរយៈពេល១០ សប្តាហ៍កន្លងមកនេះ ចិនបានបញ្ឈប់ទាំងស្រុងនូវការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីអាម៉េរិក។ ពោលគឺមិនមានការដឹកជញ្ជូន LNG បន្ថែមពីអាម៉េរិកទៅចិនទេ ចាប់តាំងពីកប៉ាល់ LNG ទម្ងន់ ៦៩ ០០០តោនពី Corpus Christi រដ្ឋ Texas បានចូលចតនៅខេត្ត Fujian កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
កប៉ាល់ដឹកប្រេង LNG មួយទៀតត្រូវបានបង្វែរទៅបង់ក្លាដែស បន្ទាប់ពីវាមិនបានទៅដល់ប្រទេសចិន មុនពេលទីក្រុងប៉េកាំងដាក់ពន្ធ ១៥ភាគរយលើ LNG របស់អាម៉េរិកកាលពីថ្ងៃទី១០ ខែកុម្ភៈ។ ពន្ធនោះបានឡើងដល់ ៤៩ភាគរយដែលធ្វើឱ្យ LNG អាម៉េរិកមានតម្លៃថ្លៃសម្រាប់អ្នកនាំចូលចិន។
កន្លងមក ក្នុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ ចិនក៏បានបញ្ឈប់ការនាំចូល LNG របស់អាម៉េរិកអស់រយៈពេលជាងមួយឆ្នាំដែរ បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង។ លើកនេះ ការផ្អាកការទិញ LNG របស់អាម៉េរិករបស់ចិន កើតឡើងចំពេលមានសង្រ្គាមពាណិជ្ជកម្មឡើងវិញរវាងប្រទេសទាំងពីរ បន្ទាប់ពីលោក ត្រាំ ដំឡើងពន្ធម្តងហើយម្តងទៀតលើទំនិញចិន ហើយទីក្រុងប៉េកាំងបានឆ្លើយតប។
ការផ្អាកការនាំចូល ក៏កើតមានឡើងស្របពេលមានកិច្ចសហប្រតិបត្តិការថាមពលកាន់តែខ្លាំងឡើងរវាងចិន និងរុស្ស៊ី ដែលបង្កើនការព្រួយបារម្ភអំពីស្ថានីយ LNG សំខាន់ៗដែលកំពុងត្រូវបានសាងសង់ និងពង្រីកនៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។
អ្នកជំនាញខាងឧស្ម័នធម្មជាតិរាវនៅមជ្ឈមណ្ឌលគោលនយោបាយថាមពលសកលរបស់សាកលវិទ្យាល័យ Columbia បាននិយាយថា វានឹងមានផលវិបាករយៈពេលវែង ។
អ្នកជំនាញ Anne-Sophie Corbeau យល់ឃើញថា ៖« ខ្ញុំគិតថាអ្នកនាំចូល LNG របស់ចិននឹងមិនចុះកិច្ចសន្យាថ្មីដើម្បីទិញ LNG របស់អាម៉េរិកទៀតទេ»។
ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ ចិនបានកាត់បន្ថយការនាំចូល LNG របស់ខ្លួនពីអាម៉េរិក។ កាលពីឆ្នាំមុន ការនាំចូល LNG របស់ចិនត្រឹមតែ ៦ភាគរយប៉ុណ្ណោះបានមកពីអាម៉េរិក ធ្លាក់ចុះពីកម្រិតខ្ពស់បំផុត១១ភាគរយក្នុងឆ្នាំ ២០២១។
ទោះបីជាយ៉ាងណាក យោងតាមទិន្នន័យពី Kpler ក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុនប្រេងយក្ស PetroChina និង Sinopec បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងចំនួន ១៣ ដើម្បីទិញ LNG ពីស្ថានីយ LNG របស់អាម៉េរិក។ កិច្ចសន្យាខ្លះដំណើរការរហូតដល់ឆ្នាំ ២០៤៩។
កិច្ចសន្យារយៈពេលវែងបែបនេះ គឺមានសារៈសំខាន់សម្រាប់អាម៉េរិកក្នុងការចាប់ផ្តើមគម្រោង LNG សំខាន់ៗ បើទោះបីជាថ្មីៗនេះម្ចាស់គម្រោងមួយចំនួនបានព្យាយាមចរចាឡើងវិញនូវលក្ខខណ្ឌដើម្បីគណនាអតិផរណា និងការចំណាយកើនឡើងដោយសារតែពន្ធគយ។
«វាមិនមានហេតុផលសម្រាប់អាម៉េរិក និងចិនក្នុងការចាប់ផ្តើមពាណិជ្ជកម្ម LNG ឡើងវិញក្នុងពេលអនាគតដ៏ខ្លីនោះទេ»។ នេះបើយោងតាមអ្នកវិភាគ Gillian Boccara នៃក្រុមហ៊ុន Kpler ។
អ្នកជំនាញរូបនេះបានលើកឡើងថា លើកចុងក្រោយមានរឿងបែបនេះកើតឡើង វាត្រូវបានរំខានទាំងស្រុង រហូតដល់អាជ្ញាធរចិនចាត់វិធានការ។ ទោះជាយ៉ាងណាក៏ដោយ នោះគឺជាពេលដែលតម្រូវការឧស្ម័នកំពុងកើនឡើង។
កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសរុស្ស៊ី លោក Zhang Hanhui បាននិយាយថា ចិនអាចនឹងបង្កើនការនាំចូល LNG របស់រុស្ស៊ី។
«រឿងមួយដែលខ្ញុំដឹងច្បាស់គឺថា មានក្រុមហ៊ុនជាច្រើនដែលចង់នាំចូល។ មានក្រុមហ៊ុនជាច្រើនកំពុងស្នើសុំឱ្យស្ថានទូតជួយពួកគេចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់រុស្ស៊ី»។ នេះបើតាមលោក Zhang ។
បច្ចុប្បន្នរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ LNG ធំជាងគេទីបីរបស់ចិន បន្ទាប់ពីអូស្ត្រាលី និងកាតា។ រុស្ស៊ី និងចិនកំពុងចរចាលើការសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីមួយដែលមានឈ្មោះថា Power of Siberia 2 ដែលនឹងដឹកនាំពីភាគខាងលិចស៊ីបេរី (រុស្ស៊ី) ទៅកាន់ប្រទេសចិន។
លោក Richard Bronze មកពីក្រុមហ៊ុនប្រឹក្សាថាមពល Energy Aspects បាននិយាយថា នៅក្នុងបរិបទនៃពន្ធកើនឡើងស្មើនឹងការហាមឃាត់ ពិភពលោកនឹងឃើញការរៀបចំឡើងវិញនៃលំហូរពាណិជ្ជកម្ម ។ អ្នកជំនាញរូបនេះព្យាករថា តម្រូវការឧស្ម័ននៅអាស៊ីនឹងធ្លាក់ចុះប្រហែលពី ៥ ទៅ ១០លានតោន ដែលវាអាចជួយសម្រួលដល់តម្លៃឧស្ម័ននៅអឺរ៉ុប៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
