លោក ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ ​ជាឱកាសសន្សំថវិកាជាតិ បង្កើនប្រសិទ្ធភាពការងារស្ថាប័ន..!
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
លោក ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ ​ជាឱកាសសន្សំថវិកាជាតិ បង្កើនប្រសិទ្ធភាពការងារស្ថាប័ន..!
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងថា ការងារវិភាគមុខងារ ជាឱកាស ជាជាងបន្ទុក។ ឱកាសនេះ ជាឱកាសសន្សំសំចៃថវិកាជាតិ, ឱកាសលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ, ឱកាសលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្ថាប័ន។ លោក​រដ្ឋមន្រ្តី​ លើកឡើង​ដូច្នេះ​នៅ​ក្នុង​សិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»។

TTN-Free-Banner-In-Article-PC

ក្រោយ​ចូលឆ្នាំ​ខ្មែរបាន​បញ្ចប់​ ក្រសួង​មុខងារសាធារណៈ បន្ត​រៀបចំ​សិក្ខាសាលា​ពាក់ព័ន្ធ​នឹង​ការ​ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី។ ក្នុង​សិក្ខា​សាលា​នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ បាន​លើក​ឡើងថា សិក្ខាសាលាដែលរៀបចំកន្លងមកជាការផ្សព្វផ្សាយបន្ថែមនៃការធ្វើវិភាគមុខងារកន្លងមកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន។

បើតាម​លោក​ឧបនាយករដ្ឋមន្រ្តី​ ការដែលថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសធ្វើដំណើរតាមបណ្តាក្រសួង ស្ថាប័ននីមួយៗ គឺដើម្បីចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការភ័ន្តច្រឡំនានា។ លោក បន្តថា៖«ការវិភាគមុខងារមិនមែនជាយន្តការវះកាត់ ឬប៉ះពាល់ដល់ប្រយោជន៍មន្ត្រីដែលមានចែងក្នុងច្បាប់ជាធរមាននោះទេ»។ 



តាមរយៈ​សិក្ខាសាលា​ខាង​លើ គឺជាបង្ហាញពីភាពចំបាច់នៃការវិភាគមុខងារ។ សម្រាប់​លោក ហ៊ុន ម៉ានី​ ការវិភាគមុខងារជាកិច្ចការសំខាន់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តធ្វើជាប្រចាំ។ «ការងារកែទម្រង់ មិនមែនជារឿងថ្មីនោះទេ គ្រាន់តែវិសាលភាពនៃការអនុវត្តក្នុងពេលបច្ចុប្បន្ន មានលក្ខណៈទូទាំងរាជរដ្ឋាភិបាលតែម្តង (Whole Government Approach)។»។ លោក​រដ្ឋមន្រ្តី បន្ថែម​ដូច្នេះ។​

ទន្ទឹម​នឹងនេះ សិក្ខាសាលានេះ ក៏​ចង់បង្ហាញថា ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាឱកាស ជាជាងបន្ទុក។ លោក ហ៊ុន ម៉ានី ពន្យល់បែបនេះ៖«ឱកាសនេះ ជាឱកាសដែលក្រសួង ស្ថាប័ន បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ចូលរួមដោះស្រាយ ដើម្បីលើកកម្ពស់ និងកែលម្អរចនាសម្ព័ន្ធ និងមុខងារអនុវត្តនៅក្រសួង ស្ថាប័ន នីមួយៗ។ ឱកាសនេះ ជាឱកាសសន្សំសំចៃថវិកាជាតិ, ឱកាសលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ, ឱកាសលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្ថាប័ន, ឱកាសពង្រឹងបន្ថែមជវភាពប្រព័ន្ធតួអង្គតែមួយ និងឱកាសបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ»។

សូម​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន» បានចំនួន២១ដង។ នេះ​បើតាម​ក្រសួង​មុខងារសាធារណៈ៕ 



អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ