- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១:២៩ នាទី រសៀល

ក្របខណ្ឌបាល់ទាត់លីគកំពូលអ៊ីតាលី Serie A និងលីគបាល់ទាត់អាហ្សង់ទីន Primavera 1 បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់បណ្តោះអាសន្ន ពីថ្ងៃទី២១ ខែមេសា ក្រោយពេលដែល សម្តេចប៉ាប Francis បានទទួលមរណភាពក្នុងព្រះជន្ម ៨៨ ព្រះវស្សា។ ការប្រកួតមួយចំនួនចំថ្ងៃមរណភាពរបស់ សម្តេចប៉ាប់ គ៏ត្រូវលើកពេល។
នៅលើទឹកដីអ៊ីតាលី គណៈកម្មាធិការអូឡាំពិកអ៊ីតាលី បានស្នើសុំឱ្យរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ ត្រូវផ្អាកបណ្តោះអាសន្ន និងកីឡាខ្លះទៀតត្រូវតែពន្យារពេលរៀបចំ។
តាមការប្រកាសរបស់បុរីវ៉ាទីកង់ សម្តេចប៉ាប Francis បានទទួលមរណភាព ក្នុងព្រះជន្ម ៨៨ ព្រះវស្សា នៅនិវេសនដ្ឋាន Saint Martha House។ សម្តេចសង្ឃកាតូលិក បានលាចាកពិភពលោកនេះ នៅម៉ោង ៧ និង៣៥នាទី (ម៉ោងនៅទីក្រុងរ៉ូម)។
សម្តេចប៉ាប Francis ទៀតសោត ក៏ជាមេដឹកនាំសាសនាចក្ររ៉ូម៉ាំងកាតូលិក ដើមកំណើតជាជនជាតិអាម៉េរិកឡាទីន ដំបូងគេបង្អស់ ហើយក៏ជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ខ្លាំងក្លាមួយរូបពេញមួយជីវិត។
«បន្ទាប់ពីការសោយទិវង្គតរបស់ទ្រង់ លីគកំពូលបាល់ទាត់អាជីពជាតិ Serie A សូមប្រកាសនៅថ្ងៃនេះថា ការប្រកួតក្នុងលីគ Seria A និង Primavera 1 នឹងត្រូវផ្អាកបណ្តោះអាសន្ត។»។ នេះបើតាមការប្រកាសរបស់លីគកំពូលបាល់ទាត់អ៊ីតាលី Serie A។
ការប្រកួតមួយចំនួនក្នុងលីគកំពូលអ៊ីតាលី នឹងត្រូវរៀបចំឡើងវិញ នៅថ្ងៃទី២៣ មេសា ដោយក្នុងនោះក៏មានការប្រកួតជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Copa Italia ជើងទី២ រវាងក្រុម Inter Milan និង AC Milan។
ចំណែកនៅប្រទេសអាហ្សង់ទីន សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ក៏បានប្រកាសផ្អាករាល់ការប្រកួតបាល់ទាត់ទាំងអស់ នៅថ្ងៃទី២១ មេសា ដើម្បីកាន់ទុក្ខមរណភាពសម្តេចប៉ាប។ សម្រេចប៉ាប ជាអ្នកគាំទ្រការប្រកួត និងជាអ្នកគាំទ្រក្រុម San Lorenzo ស្ថិតក្នុងទីក្រុង Buenos Aires ថែមទៀតផង។ ទីក្រុង Buenos Aires ជាទីក្រុងកំណើតរបស់សម្តេចប៉ាប Francis។
សមាគមបាល់ទាត់អាហ្សង់ទីន បានប្រកាសពីការសម្រេចចិត្តផ្អាកការប្រកួតក្នុងលីគរបស់ខ្លួនដូច្នេះថា៖«បាល់ទាត់អាហ្សង់ទីន សូមនិយាយថាលាហើយទៅកាន់អ្នកលាយឡំដោយទុក្ខសោក។»។ នៅពេលការប្រកួតចាប់ផ្តើមដំណើរឡើងវិញក្នុងប្រទេសអាហ្សង់ទីន រាល់ការប្រកួតទាំងអស់ ក៏នឹងត្រូវរៀបចំពិធីកាន់ទុក្ខ ជាការឈរនៅចំកណ្តាលទីលាន ដោយភាពស្ងៀមស្ងាត់រយៈពេល ១នាទី។
លើសពីនេះ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi កំពុងប្រកបអាជីពនៅក្លិប Inter Miami ក៏បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមរំលែកទុក្ខ និងកាន់ទុក្ខទៅកាន់សម្តេចប៉ាប ដោយលាយឡំនឹងរូបភាពដែលរូបគេបានជួបជាមួយនឹងសម្តេចប៉ាប កាលពីឆ្នាំ ២០១៣៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
