- ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៣៣ នាទី រសៀល

រដ្ឋអាជ្ញាកំពូលប្រជាជនចិន (SPP) នៅថ្ងៃទី២២ ខែមេសា បានបញ្ជាឲ្យចាប់ខ្លួនលោក Li Gang ដែលជាអតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ ពីបទសង្ស័យទទួលសំណូក។ នេះបើតាមសារព័ត៌មាន Xinhua ។
លោក Li Gang ធ្លាប់ធ្វើជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យ ក្រោមនាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃគណៈគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា រដ្ឋអាជ្ញាកំពូលប្រជាជនចិន (SPP) បានបញ្ជាក់ថា ករណីរបស់ Li Gang ត្រូវបានស៊ើបអង្កេតដោយគណៈកម្មការត្រួតពិនិត្យជាតិ មុនពេលបញ្ជូនទៅរដ្ឋអាជ្ញា។
មុនពេលចាប់ខ្លួន លោក Li Gang ត្រូវបានបណ្ដេញចេញពីបក្សកុម្មុយនិស្តចិន ហើយត្រូវបានដកចេញពីតំណែងពីបទបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យបក្ស និងច្បាប់។
បើតាមសារព័ត៌មាន Reuters ថ្មីៗនេះ ចិនបានបង្កើនយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ខ្លួន ដោយផ្តោតលើឥស្សរជនជាន់ខ្ពស់ជាច្រើន។ កាលពីឆ្នាំមុន ការស៊ើបអង្កេតជាច្រើនបានកំណត់គោលដៅទៅលើទេសាភិបាលរងនៃធនាគារកណ្តាល មន្ត្រីយោធាជាន់ខ្ពស់ និងជាអតីតប្រធានសាជីវកម្មប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសនេះ។
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានលើកឡើងថា អំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្តចិន។ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ប្រទេស កាលពីខែមករា លោក ស៊ី បានសង្កត់ធ្ងន់ថា អំពើពុករលួយនៅតែរីករាលដាលនៅក្នុងសង្គម និងកំពុងកើនឡើង។
កន្លងមក យោងតាមស្ថិតិពីកាសែត South China Morning Post (SCMP) ភាគច្រើននៃមន្ត្រីដែលត្រូវបានចាប់ខ្លួននៅចិនក្នុងឆ្នាំ២០២៤ គឺមកពីក្រុមមន្ត្រីដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្តាល មានន័យថា នៅកម្រិតថ្នាក់អនុរដ្ឋមន្ត្រី ឬខ្ពស់ជាងនេះ។ ទោះបីជាតួលេខមួយចំនួនមានឋានៈទាបជាងនេះ ក៏ពួកគេកាន់មុខតំណែងខ្ពស់ៗនៅក្នុងវិស័យសំខាន់ៗដែរ។
នៅឆ្នាំ ២០២៤ មន្ត្រីជាន់ខ្ពស់សរុបចំនួន ៥៦នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ចំនួននេះគឺកើនឡើង ២៥ភាគរយពីឆ្នាំ ២០២៣ នៅពេលដែលគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ (CCDI) បានស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ចំនួន ៤៥នាក់។
យោងតាមការវិភាគរបស់ SCMP ករណីពុករលួយពាក់ព័ន្ធនឹងគណៈជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិន និងក្រសួងបានកើនឡើងទ្វេដង ខណៈមានការកើនឡើងនៃករណីនៅក្នុងវិស័យអាកាសចរណ៍ និងការពារជាតិ។ ទោះយ៉ាងណាក៏ដោយ មានករណីពុករលួយផ្នែកហិរញ្ញវត្ថុតិចជាងក្នុងឆ្នាំ២០២៤ បើធៀបឆ្នាំមុនៗ។ ហិរញ្ញវត្ថុជាវស័យដ៏សំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣។
ក្នុងចំណោមមនុស្ស ៥៦នាក់ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន មាន ១២នាក់កាន់មុខតំណែងជាន់ខ្ពស់នៅក្នុងគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន និងរដ្ឋ ដែលចំនួននេះកើនឡើងទ្វេដងក្នុងឆ្នាំ ២០២៣ ។ នេះឆ្លុះបញ្ចាំងថា យុទ្ធនាការប្រឆាំងអំពើពុករលួយបានផ្លាស់ប្តូរការផ្តោតទៅកាន់ថ្នាក់កំពូលនៃបក្ស និងក្រសួង។
បុគ្គលមួយចំនួនដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរួមមាន អតីតរដ្ឋមន្ត្រីយុត្តិធម៌ Tang Yijun អតីតរដ្ឋមន្ត្រីកសិកម្ម Tang Renjian និងអតីតប្រធានរដ្ឋបាលទូទៅនៃកីឡា ចិន Gou Zhongwen ។
កាលពីខែមិថុនា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានសម្រេចបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូប គឺលោក Li Shangfu និង Wei Fenghe ចេញពីបក្ស។ បក្សកុម្មុយនីស្តចិនបានអះអាងថា អតីតរដ្ឋមន្ត្រីទាំងពីររូបបានបំពានលើវិន័យបក្ស និងច្បាប់៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
