ថៃ​ចាប់ខ្លួន​ម្ចាស់​ភាគហ៊ុន​ចិន ​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ​នៅក្រុង​បាងកក
  • ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ថៃ​ចាប់ខ្លួន​ម្ចាស់​ភាគហ៊ុន​ចិន ​ក្នុង​ឧបទ្ទវហេតុ​បាក់​អគារ​នៅក្រុង​បាងកក

អាជ្ញាធរថៃបានចាប់ខ្លួននាយកប្រតិបត្តិចំនួន ៣នាក់ និងម្ចាស់ភាគហ៊ុនធំម្នាក់នៃក្រុមហ៊ុនម៉ៅការចិន ដែលទទួលខុសត្រូវលើការសាងសង់គម្រោងអគារដែលដួលរលំ នៅទីក្រុងបាងកក។

TTN-Free-Banner-In-Article-PC

អាជ្ញាធរថៃកាលពីថ្ងៃទី២១ ខែមេសា បានប្រកាសពីមូលហេតុមួយនៃការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ ដែលកំពុងសាងសង់ បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដោយសារតែការសង់កម្រាស់ជញ្ជាំងនៃជណ្តើរយន្តត្រូវបានកាត់បន្ថយជិត៣ ដងបើប្រៀបធៀបទៅនឹងកម្រិតស្តង់ដារ។

ក្រសួងយុត្តិធម៌ថៃមានការព្រួយបារម្ភ ជាពិសេសចំពោះលទ្ធផលនៃការស៊ើបអង្កេតចុងក្រោយដែលបង្ហាញថា កម្រាស់នៃការសង់ជញ្ជាំងនៃជណ្តើរយន្តអគារការិយាល័យសវនកម្មរដ្ឋ មានត្រឹមតែប្រហែល ២៥សង់ទីម៉ែត្រ ដែលស្តើងជាងស្តង់ដារប្រហែល ៦០សង់ទីម៉ែត្រ។ 

អ្នកម៉ៅការសំខាន់ដែលទទួលខុសត្រូវលើគម្រោងនេះ គឺក្រុមហ៊ុន China Railway No. 10 (មានមូលដ្ឋាននៅថៃ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មគ្រប់គ្រងដោយរដ្ឋចិន។

ខណៈការស៊ើបអង្កេតកំពុងដំណើរការ នាយកប្រតិបត្តិជនជាតិថៃចំនួន ៣នាក់របស់ក្រុមហ៊ុនបានសារភាពកំហុស ហើយឥឡូវនេះពួកគេទាំង៣ ត្រូវបានចោទប្រកាន់ពីបទតំណាងឱ្យម្ចាស់ភាគហ៊ុនជនជាតិចិនខុសច្បាប់នៅក្នុងក្រុមហ៊ុន។ ទន្ទឹមនោះ អាជ្ញាធរថៃនៅថ្ងៃទី ១៩ មេសា ក៏បានចាប់ខ្លួនម្ចាស់ភាគហ៊ុនធំរបស់ចិនគឺលោក Zhang Chuanling ដែលបច្ចុប្បន្នកាន់កាប់ភាគហ៊ុន ៤៩ភាគរយរបស់ក្រុមហ៊ុន។

ជុំវិញចំណាត់ការដែលពាក់ព័ន្ធ ក្រុមប្រឹក្សាវិនិយោគថៃ (BOI) ក៏បានដកហូតការលើកទឹកចិត្ត និងសិទ្ធិវិនិយោគសម្រាប់រោងចក្រផលិត និងផ្គត់ផ្គង់ដែកសម្រាប់គម្រោងសាងសង់អគារការិយាល័យសវនកម្មរដ្ឋក្នុងខេត្តរ៉ាយ៉ង ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព និងគុណភាពដែកថែបដែលទាបជាងស្តង់ដារ។

ក្រសួងយុត្តិធម៌ថៃក៏បានបន្ថែមថា អាជ្ញាធរចិនបានបញ្ជូនអ្នកជំនាញទៅប្រទេសថៃ ដើម្បីសម្របសម្រួលការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ក៏ដូចជាគាំទ្រការងារជួយសង្គ្រោះ និងសំណងដល់ជនរងគ្រោះផងដែរ។

ការដួលរលំអគារការិយាល័យសវនកម្មរដ្ឋកាលពីថ្ងៃទី២៨ ខែមីនាបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៤នាក់ ខណៈមនុស្សជាង ៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គួរបញ្ជាក់ថា អគារនេះជាអគារតែមួយគត់នៅក្នុងទីក្រុងបាងកក ដែលបានដួលរលំទាំងស្រុងបន្ទាប់ពីការរញ្ជួយដី។

បច្ចុប្បន្ន ​អាជ្ញាធរ​ថៃ​កំពុង​ពង្រីក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​ចាត់​ទុក​ថា​ជា​ករណី​ពិសេស។ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏បានណែនាំយ៉ាងម៉ឺងម៉ាត់នូវដំណើរការស៊ើបអង្កេត ដោយទាមទារឱ្យមានការប្រមូលភស្តុតាងលម្អិត និងតម្លាភាព អំពីមូលហេតុនៃការដួលរលំអគារ ដើម្បីស្តារទំនុកចិត្តរបស់ប្រជាជនឡើងវិញ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង