UN ៖ ​ការបោកប្រាស់អនឡាញនៅ​អាស៊ី ​កំពុង​​រាលដាល​​ពេញពិភពលោក
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
UN ៖ ​ការបោកប្រាស់អនឡាញនៅ​អាស៊ី ​កំពុង​​រាលដាល​​ពេញពិភពលោក
ក្រុមមនុស្សមកពីចិន វៀតណាម និងអេត្យូពីត្រូវបានគេបោកប្រាស់ធ្វើការនៅមីយ៉ាន់ម៉ា។ រូបភាព ៖ AP

អង្គការសហប្រជាជាតិ (UN) បាននិយាយថា ក្រុមឧក្រិដ្ឋជន ឆ្លងដែនកំពុងពង្រីកប្រតិបត្តិការបោកប្រាស់តាមអនឡាញរបស់ពួកគេទូទាំងពិភពលោក បន្ទាប់ពីត្រូវបានបង្ក្រាបនៅអាស៊ីអាគ្នេយ៍។

TTN-Free-Banner-In-Article-PC

មជ្ឈមណ្ឌលឧក្រិដ្ឋជនអាស៊ីកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេទៅកាន់តំបន់ដែលមានប្រព័ន្ធច្បាប់ទន់ខ្សោយនៅជុំវិញពិភពលោក។ នេះបើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចេញផ្សាយរបាយការណ៍ថ្មីមួយកាលពីថ្ងៃទី២១ ខែមេសា។ 

កន្លងមក មជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញមានការកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅហ្វីលីពីន តំបន់ព្រំដែនកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ អង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមឧក្រិដ្ឋជនជារឿយៗផ្លាស់ប្តូរទីតាំងរបស់ពួកគេ ដើម្បីគេចខ្លួនពីការការកំណត់គោលដៅរបស់អាជ្ញាធរ។ ថ្មីៗនេះ ការបោកប្រាស់បានរីករាលដាលដល់ទ្វីបជាច្រើនទៀត។

UNODC បានកំណត់អត្តសញ្ញាណមជ្ឈមណ្ឌលបោកប្រាស់ដែលប្រតិបត្តិការនៅក្នុងទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងកោះប៉ាស៊ីហ្វិកមួយចំនួន។ ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងសេវាកម្មជ្រើសរើសបុគ្គលិកដែលពាក់ព័ន្ធ ក៏កើតមានផងដែរនៅអឺរ៉ុប អាម៉េរិកខាងជើង និងអាម៉េរិកខាងត្បូង។

លោក Benedikt Hofmann តំណាង UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពនេះឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រីកវិស័យបោកប្រាស់ ដែលក្រុមឧក្រិដ្ឋជនកំពុងស្វែងរកទីតាំងថ្មី និងវិធីនៃប្រតិបត្តិការ ដើម្បីចៀសវាងការបង្រ្កាបដោយអាជ្ញាធរក្នុងប្រទេសអាស៊ីអាគ្នេយ៍»។

UNODC ប៉ាន់ប្រមាណថា មានមជ្ឈមណ្ឌលបោកប្រាស់ទ្រង់ទ្រាយធំរាប់រយកន្លែងនៅទូទាំងពិភពលោក ដែលភាគច្រើនដំណើរការដោយមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអាស៊ី រកចំណូលបានជិត ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

នៅទ្វីបអាហ្រ្វិក នីហ្សេរីយ៉ា គឺជាចំណុចក្តៅនៃក្រុមនេះ។ នៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ ប៉ូលិសរបស់ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីតាមប្រមាញ់ និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់មកពីអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ដោយចោទពីបទបោកប្រាស់រូបិយប័ណ្ណអេឡិចត្រូនិក និងបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។ អាជ្ញាធរ​ក្នុង​ប្រទេសសំប៊ី និងអង់ហ្គោឡា ក៏បានបិទប្រតិបត្តិបោកប្រាស់តាមអ៊ីនធឺណិតដែលភ្ជាប់អាស៊ីផងដែរ។

នៅអាម៉េរិកឡាទីន ប្រេស៊ីលប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការបោកប្រាស់ ការលាងលុយកខ្វក់ និងការភ្ជាប់ទៅនឹងក្រុមក្មេងទំនើងដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅចុងឆ្នាំ២០២៣ អាជ្ញាធរប្រទេសប៉េរូបានជួយសង្គ្រោះជនជាតិម៉ាឡេស៊ីជាង ៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុម Red Dragon ដែលជាក្រុមក្មេងទំនើងមានប្រភពមកពីតៃវ៉ាន់ ហើយត្រូវបានបង្ខំឱ្យប្រព្រឹត្តការបោកប្រាស់តាមអ៊ីនធឺណិត។

របាយការណ៍របស់ UNODC បានបន្តដោយមានការព្រួយបារម្ភថា ខណៈក្រុមក្មេងទំនើងនៅអាស៊ីកំពុងពង្រីកក្រុមរបស់ពួកគេ ក្រុមក្មេងទំនើងមកពីផ្នែកផ្សេងទៀតនៃពិភពលោកក៏បានចូលរួមកាន់តែខ្លាំងឡើងក្នុងការបោកប្រាស់តាមអ៊ីនធឺណិត។

យោងតាម ​​UNODC ការវិវត្តនៃបច្ចេកវិទ្យាកំពុងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ក្រុមក្មេងទំនើងក្នុងប្រតិបត្តិការតាមអ៊ីនធឺណិត និងសម្របខ្លួនទៅនឹងការវាយឆ្មក់ពីអាជ្ញាធរ។ លោក Hofmann បានព្រមានថា ៖«ទាំងនេះគឺជារួមដៃគ្នារវាងក្រុមក្មេងទំនើងដែលពង្រីកលទ្ធភាពរបស់ពួកគេ កំពុងបង្កើតបញ្ហាប្រឈមថ្មី។ រដ្ឋាភិបាលចាំបាច់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតប»៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង