- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:២៩ នាទី រសៀល

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញបំណងចង់ជួបប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅពេលដែលមេដឹកនាំទាំងពីរចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាបនៅឯបុរីវ៉ាទីកង់នាចុងសប្តាហ៍នេះ។
«បាទ ខ្ញុំចង់ជួបលោក ហើយខ្ញុំត្រៀមខ្លួនជាស្រេច។ យើងតែងតែត្រៀមខ្លួនដើម្បីជួបដៃគូរបស់យើងពីអាម៉េរិក»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សារព័ត៌មាននៅទីក្រុងកៀវកាលពីថ្ងៃទី២២ ខែមេសា បែបនេះ។
ពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា នៅបុរីវ៉ាទីកង់។ មេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាម៉េរិក និងសមភាគីអ៊ុយក្រែន បានប្រកាសថាពួកគេនឹងចូលរួមពិធីបុណ្យនេះ។
លោក ហ្សេលេនស្គី បានដាក់សំណើប៉ុន្មានថ្ងៃនេះ បន្ទាប់ពីប្ធានាធិបតីអាម៉េរិកបានព្រមានថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដែលលោកខំជំរុញសន្តិភាពនៅអ៊ុយក្រែន ប្រសិនបើភាគីនានាមិនឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ។ អាម៉េរិកនឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបនៅអង់គ្លេសនៅថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនៃបញ្ចប់ការប្រយុទ្ធ។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ឬបទឈប់បាញ់មួយផ្នែក»នៅក្នុងកិច្ចពិភាក្សាក្នុងប្រទេសអង់គ្លេស។ លោកក៏បានចោទរុស្ស៊ីពីការព្យាយាមអូសទាញចេញពីដំណើរការសន្ទនា ដើម្បីធ្វើឱ្យអាម៉េរិកបាត់បង់ការអត់ធ្មត់ជាបណ្តើរៗ ដោយនិយាយថា ទីក្រុងមូស្គូនឹងត្រូវយល់ព្រមចំពោះបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ មុនពេលទីក្រុងកៀវត្រៀមខ្លួនចាប់ផ្តើមការចរចាដោយផ្ទាល់។
កិច្ចពិភាក្សាក្នុងប្រទេសអង់គ្លេសត្រូវបានគេមើលឃើញថា នឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំងកាលពីសប្តាហ៍មុន ដែលអាម៉េរិកបានចែកសំណើ ដើម្បីសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
សារព័ត៌មានអាម៉េរិក Bloomberg បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ និងទទួលស្គាល់ឧបទ្វីបគ្រីមៀថាជាទឹកដីរុស្ស៊ីជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ទន្ទឹមនោះ លោក ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះទេ៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
