មេ​ដឹក​នាំ​សាកល​វិទ្យាល័យ​ទូទាំង​អាម៉េរិក ​តវ៉ា​គោលនយោបាយអប់រំរបស់​រដ្ឋបាល ត្រាំ
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
មេ​ដឹក​នាំ​សាកល​វិទ្យាល័យ​ទូទាំង​អាម៉េរិក ​តវ៉ា​គោលនយោបាយអប់រំរបស់​រដ្ឋបាល ត្រាំ
និស្សិតតវ៉ាចំពោះគោលនយោបាយអប់រំដាក់កំហិតលើសាកលវិទ្យាល័យ ។ រូបភាព ៖ AP

ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាអាម៉េរិកប្រមាណ ២២០នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដោយថ្កោលទោស ចំពោះការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋបាល ដូណាល់ ត្រាំ និងការរំលោភបំពានអំណាច។

TTN-Free-Banner-In-Article-PC

«យើងបញ្ចេញសំឡេងរបស់យើង ដើម្បីតវ៉ាចំពោះការរំលោភបំពានអំណាច និងការជ្រៀតជ្រែកនយោបាយដែលមិនធ្លាប់មានពីមុនមក ពីរដ្ឋាភិបាលដែលកំពុងគំរាមកំហែងដល់ការអប់រំឧត្តមសិក្សារបស់អាម៉េរិក»។ មេដឹកនាំនៃសាកលវិទ្យាល័យ និងអង្គការអប់រំចំនួន ២២០នាក់នៅទូទាំងអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២២ ខែមេសា។ 

ការផ្លាស់ប្តូរនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីសាកលវិទ្យាល័យ Harvard បានប្តឹងរដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជុំវិញការសម្រេចចិត្តរបស់ខ្លួនក្នុងការបង្កកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងមូលនិធិសហព័ន្ធ។

ប្រទេសហត្ថលេខីរួមមានទាំងអ្នកដឹកនាំនៃសាកលវិទ្យាល័យស្រាវជ្រាវសំខាន់ៗដូចជាសាកលវិទ្យាល័យ Virginia និងសាកលវិទ្យាល័យ Wisconsin-Madison ក៏ដូចជាសាលាឯកជនតូចៗដូចជា Amherst និង Kenyon ។ ប្រធានសាកលវិទ្យាល័យ Harvard លោក Alan Garber និងលោក Larry Jameson ប្រធានសាកលវិទ្យាល័យ Pennsylvania ដែលលោក ត្រាំ បានបញ្ចប់ការសិក្សាពីសាលាធុរកិច្ចក្នុងឆ្នាំ ១៩៦៨ ក៏ស្ថិតក្នុងបញ្ជីហត្ថលេខីខាងលើផងដែរ។

មេដឹកនាំអប់រំបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ពួកគេ សម្រាប់ការសន្ទនាក្នុងន័យស្ថាបនាជាមួយសេតវិមាន ដោយចៀសវាងសកម្មភាពដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការស្រាវជ្រាវ និងអាហារូបករណ៍។

«យើងបើកចំហចំពោះកំណែទម្រង់សមហេតុផល ហើយមិនជំទាស់នឹងការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយអនុលោមតាមសិទ្ធិអំណាចរបស់ខ្លួន។ ទោះជាយ៉ាងណា យើងត្រូវបានបង្ខំឱ្យប្រឆាំងនឹងការជ្រៀតជ្រែកហួសហេតុនៅក្នុងជីវិតរបស់និស្សិត សាស្រ្តាចារ្យ និងបុគ្គលិកដែលកំពុងសិក្សា និងធ្វើការនៅក្នុងបរិវេណសាកលវិទ្យាល័យ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងពីការព្រួយបារម្ភអំពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ដែលលេចឡើងនៅក្នុងបរិវេណមហាវិទ្យាល័យដោយនិយាយថា ការគំរាមកំហែងនៃការនិរទេសកំពុងធ្វើឱ្យបរិយាកាសសិក្សាចុះខ្សោយ។អ្នកដឹកនាំអប់រំបានសង្កត់ធ្ងន់ថា ៖« មហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់យើងប្តេជ្ញាធ្វើជាកន្លែងនៃសេរីភាពសិក្សា ដែលសាស្រ្តាចារ្យ និស្សិត និងបុគ្គលិកអាចផ្លាស់ប្តូរទស្សនៈដោយសេរីនៅគ្រប់វិញ្ញាសា ដោយមិនខ្លាចការសងសឹក ការចាប់ពិរុទ្ធ ឬការបណ្តេញចេញ»។

រដ្ឋបាល ត្រាំ ថ្មីៗនេះបានជំរុញសាកលវិទ្យាល័យ Harvard ឱ្យធ្វើកំណែទម្រង់សិក្សា និងអភិបាលកិច្ច «ដើម្បីដោះស្រាយការប្រឆាំងនឹងពួកយូដា» បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងកាហ្សា និងការតវ៉ាគាំទ្រប៉ាឡេស្ទីនដែលរៀបចំដោយនិស្សិត និងបុគ្គលិកកាលពីឆ្នាំមុន។

សាកលវិទ្យាល័យ Harvard បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល ត្រាំ កាលពីថ្ងៃទី២១ ខែមេសា សម្រាប់ការបង្កកមូលនិធិសហព័ន្ធរាប់ពាន់លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ សាកលវិទ្យាធិការលោក Garber បាននិយាយថា អន្តរាគមន៍នេះគឺជាការរំលោភអំណាចរបស់រដ្ឋាភិបាល ហើយនឹងមានផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង