- ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានចាត់ទុកការប្រកួតក្នុងរដូវកាល ២០២៤-២៥ ជារដូវកាលដ៏អាក្រក់បំផុត ហើយប្រាប់កូនក្រុមឱ្យចាត់ទុកថាជាបទពិសោធន៍គួរឱ្យចងចាំមួយ បើទោះជាក្រុមរហស្សនាមមេឃខៀវ មានកៅអីលេង UEFA Champions League រដូវកាលក្រោយ។
Man City រក្សាបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីពួកគេបានផ្តួលក្រុម Aston Villa លទ្ធផល ២-១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមទៀតក្នុងក្របខណ្ឌ Premier League ថ្ងៃទី២២ មេសា។
ក្រុមដឹកនាំដោយលោក Guardiola ឡើងឈរនៅចំណាតថ្នាក់លេខ ៣ ក្នុងតារាង Premier League ហើយមានគម្លាតដាច់ចំនួន ១៨ពិន្ទុ ពីក្រោយក្រុមកំពូលតារាង Liverpool។ Man City ខកខានការពារតំណែងជើងឯក ក្រោយពីបានឈ្នះជើងឯកលីគកំពូលអង់គ្លេស ៤លើកជាប់ៗគ្នា។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បើទោះជាក្រុមនៅតែមានកៅអីលេងក្នុងពានរង្វាន់ UCL ប៉ុន្តែលោក នៅតែចាត់ទុករដូវកាល ២០២៤-២៥ ថាជារដូវកាលដ៏អាក្រក់បំផុតមួយ។
«រដូវកាលនេះ ពិតជាពេលវេលាដ៏អាក្រក់បំផុតមួយ។ វាមិនសំខាន់នោះទេថាតើយើងអាចឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ឬក៏អាចឈ្នះកៅអីលេងក្នុងពានរង្វាន់ UEFA Champions League រដូវកាល។ ការពិតនោះគឺអ្វីជួបប្រទះនៅពេលនេះ រឿងដែលធ្វើឱ្យយើងរងសម្ពាធខ្លាំងរដូវកាលនេះ នោះគឺជា Premier League មិនមែនជា Champions League មិនមែន FA Cup នោះទេ។ វាគឺជារឿងនៅក្នុងក្របខណ្ឌ Premier League។»។ អ្នកចាត់វ័យ ៥៤ឆ្នាំ បាននិយាយបែបនេះ ក្រោយបញ្ចប់ការប្រកួត។
នៅការប្រកួតបន្ទាប់ ក្រុម Man City នឹងត្រូវបន្តដំណើរទៅប៉ះក្រុម Nottingham Forest ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី២៦ មេសា ខណៈ Crystal Palace ត្រូវស្វាគមន៍ភ្ញៀវ Aston Villa នៅថ្ងៃទី២៧ មេសា៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
