- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានបន្តបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ បើតាមក្រសួងមុខងារសាធារណៈ កិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលចុងក្រោយ និងរៀបចំជាឯកសាររបាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។
នៅថ្ងៃទី២២ ខែមេសា លោក ហ៊ុន ម៉ានី អនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអភិបាលខេត្ត ប្រមាណ ១១០នាក់។
បើតាមក្រសួងមុខងារសាធារណៈ កិច្ចប្រជុំខាងលើនេះ គឺជាការប្រមូលធាតុចូលបន្ថែមទៀតក្នុងកម្រិតលេខាធិការដ្ឋាន គ.វ.រ. ដើម្បីប្រមូលធាតុចូលចុងក្រោយ និងរៀបចំជាឯកសារនិងរបាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។ នាពេលកន្លង សេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនេះ បានឆ្លងកាត់កិច្ចប្រជុំបច្ចេកទេសជាច្រើនដំណាក់កាល។
កិច្ចប្រជុំកន្លងមក រួមមានកិច្ចប្រជុំកម្រិតក្រុមការងារបច្ចេកទេសចំនួន ៩លើក, កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈចំនួន ៤លើក, កិច្ចប្រជុំកម្រិតអនុគណៈកម្មការប្រតិបត្តិនៃលេខាធិការដ្ឋាន គ.វ.រ. ចំនួន ២លើក និងកិច្ចប្រជុំកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាលចំនួន ១លើក។
សូមបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ បានដាក់ឱ្យវិធានការគន្លឹះចំនួន ៣ រួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
