តើភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​នឹងធូរស្រាល?
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
តើភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​នឹងធូរស្រាល?
រូបភាព ៖ Xinhua

អាម៉េរិករំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងពន្ធគយជាមួយចិនក្នុងពេលឆាប់ៗនេះ ខណៈទីក្រុងប៉េកាំងព្រមានថា ពន្ធគយ និងសង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។

TTN-Free-Banner-In-Article-PC

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទើបតែបានបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយចិន ហើយរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងពន្ធគយជាមួយប្រទេសនេះក្នុងពេលឆាប់ៗនេះ។ បើតាម​មេដឹកនាំ​អាម៉េរិក ប្រទេស​នេះ​នឹង​កាត់បន្ថយ​ពន្ធ​យ៉ាង​ខ្លាំង​លើ​ទំនិញ​របស់​ចិន ប៉ុន្តែ​មិនអាចធ្លាក់ ០ភាគរយទេ។

«១៤៥ភាគរយគឺជាចំនួនខ្ពស់ណាស់ ហើយវានឹងមិននៅតួលេខនេះទៀតទេ។» លោក ត្រាំ បានលើកឡើងដូច្នេះ។ 

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីអាម៉េរិក គឺជាសញ្ញាមួយផ្សេងទៀតដែលថាលោកចង់បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោក Scott Bessent បាននិយាយថា ការប្រឈមមុខពន្ធគយនាពេលបច្ចុប្បន្នជាមួយចិនគឺគ្មាននិរន្តរភាព ហើយរំពឹងថានឹងមាន «ការថយចុះ» នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt ក៏បានបញ្ជាក់ដែរថា អាម៉េរិកកំពុងធ្វើឱ្យមានដំណើរការល្អក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មានសក្តានុពលជាមួយប្រទេសចិន។

ខាងភាគីចិន លោកប្រធានាធិបតី ស៊ី ជិនភីង បានសង្កត់ធ្ងន់នៅថ្ងៃទី២៣ ខែមេសា ថា សង្គ្រាមពន្ធគយ នឹងបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។

កន្លង​មក ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា ប្រទេស​នេះ​នឹង​ការពារ​ផលប្រយោជន៍​ជាតិ​យ៉ាង​ម៉ឺងម៉ាត់។ ប្រសិនបើភាគីណាមួយឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិកដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននោះ ទីក្រុងប៉េកាំងនឹងមិនទទួលយកវាទេ ហើយនឹងចាត់វិធានការតបត។ 

មិន​ទាន់​មាន​ជំនួប​ផ្លូវការ​រវាង​អាម៉េរិក និង​ចិន​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​សញ្ញា​ថា​ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា។ ជាមួយនឹងសេដ្ឋកិច្ចពិភពលោកក្រោមសម្ពាធពីកត្តាភូមិសាស្ត្រនយោបាយ និងខ្សែច្រវាក់ផ្គត់ផ្គង់ ការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរអាចមានឥទ្ធិពលវិជ្ជមានកាន់តែទូលំទូលាយ។ 

យ៉ាងណាមិញ អ្នកសង្កេតការណ៍និយាយថា ការផ្លាស់ប្តូរនាពេលបច្ចុប្បន្នពីភាគីទាំងពីរ ទោះបីជាមានលក្ខណៈស្ថាបនាក៏ដោយ គឺមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីចំណុចរបត់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនោះទេ។ ភាពខុសគ្នានៃគោលនយោបាយស៊ីជម្រៅ ជាពិសេសផ្នែកសន្តិសុខ និងបច្ចេកវិទ្យា ទំនងជានឹងបន្តជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកកិច្ចព្រមព្រៀងយូរអង្វែង។ 

តាម​រយៈ​ការ​ដំឡើង​ពន្ធ​ជា​ច្រើន​លើក ពន្ធ​នាំ​ចូល​សរុប​របស់​​អាម៉េរិក​ដែល​បាន​អនុវត្ត​ចំពោះ​ទំនិញ​ចិន​ទាំង​អស់​បាន​ឡើង​ដល់ ១៤៥ភាគរយ។ ផលិតផលខ្លះជាប់ពន្ធមានរហូតដល់ ២៤៥ភាគរយ។ ប្រទេសចិនក៏បានឆ្លើយតបជាមួយនឹងអត្រាពន្ធ ១២៥ភាគរយលើទំនិញអាម៉េរិកដែរ។ ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​បាន​អង្រួន​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង