«ការភាន់ច្រឡំ»ស្នាដៃដំបូងបំផុត របស់លោក កឹម សុវណ្ណា ផ្សារភ្ជាប់នឹងល្ខោនខោល
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
«ការភាន់ច្រឡំ»ស្នាដៃដំបូងបំផុត របស់លោក កឹម សុវណ្ណា ផ្សារភ្ជាប់នឹងល្ខោនខោល
លោក កឹម សុវណ្ណា ម្ចាស់ស្នាដៃរូបថតសិល្បៈ «ការភាន់ច្រឡំ» កំពុងដាក់ពិព័រណ៍នៅ Treeline Urban Resort ក្រុងសៀមរាប។ រូបភាពពីហ្វេសប៊ុក លោក កឹម សុវណ្ណា៕

សៀមរាប៖ «ការភាន់ច្រឡំ» ​ជាស្នាដៃរូបថតសិល្បៈដំបូងបំផុត របស់ លោក កឹម សុវណ្ណា បង្ហាញជាទម្រង់ល្ខោនខោលយ៉ាងប្រណិត។ ក្នុងស្នាដៃនេះ លោកបានលើកឡើងពីបញ្ហា ក្នុង​ទំនាក់ទំនងរបស់មនុស្សក្នុងសង្គម ដែលបង្កជម្លោះ ឬសង្គ្រាម ដោយការភាន់ច្រឡំ រវាងគ្នា តាមរយៈឈុតមួយក្នុងរឿងរាមកេរ្តិ៍ដ៏ល្បីល្បាយ។

TTN-Free-Banner-In-Article-PC

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

មានរឿងជាច្រើន ដែលធ្វើឱ្យទំនាក់ទំនងមានភាពរង្គោះរង្គើ ឬបង្កជាជម្លោះ ក្នុងនោះការ យល់ច្រឡំ ឬការភាន់ច្រឡំ ជាដើមហេតុមួយផងដែរ។ «ការភាន់ច្រឡំ»​ បានក្លាយជា ចំណងជើងធំមួយ របស់សិល្បករ លោក កឹម សុវណ្ណា សម្រាប់ស្នាដៃរូបថតសិល្បៈលើក ដំបូងរបស់ខ្លួន ដែលកំពុងពិព័រណ៍នៅលើទឹកដីសៀមរាប។ ស្នាដៃរូបថតរបស់លោក ត្រូវ​បានយកមកពិព័រណ៍ជាមួយនឹងសិល្បករ៦នាក់ទៀត ក្រោម ការរៀបចំពី សាលាបណ្ដុះ បណ្ដាល «ទីលាននិម្មិត»។ 

លោក កឹម សុវណ្ណា ជាសិស្សមួយរូបដែលទើបនឹងបញ្ចប់ការសិក្សា ពីសាលាបណ្ដុះ បណ្ដាលសិល្បៈថតរូប «ទីលាននិម្មិត» ថ្នាក់មធ្យមសិល្បៈនៃការថតរូប។ «ការភាន់ច្រឡំ» នេះជាស្នាដៃរបស់លោកបន្ទាប់ពីឆ្លងកាត់ការបណ្ដុះបណ្ដាលប្រមាណ១ឆ្នាំរួចមក។ មុនចូលរួមវគ្គបណ្ដុះបណ្ដាលនេះ លោកក៏ជាបុគ្គលមួយរូបត្រូវបានគេស្គាល់ច្រើន តាមរយៈស្នាដៃរូបថតរបស់លោករាប់រយសន្លឹក នៅលើបណ្ដាញសង្គម។ 

«ការភាន់ច្រឡំ» ជារឿងរ៉ាវល្អិតល្អោចដែលអ្នកផងមិននឹងចាប់អារម្មណ៍ លើកមកនិ​យាយសោះ តែហេតុអ្វី លោក កឹម សុវណ្ណា ចាប់អារម្មណ៍លើរឿងរ៉ាវនេះ? ក្នុងបទ សម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មី កាលពីដើមខែមេសាកន្លងទៅ លោកលើកឡើង ថា ការជ្រើសរើសប្រធានបទ «ការភាន់ច្រឡំ» មកដាក់ជាចំណងជើងស្នាដៃមួយនេះ ព្រោះវា ជាបទពិសោធដែលលោកធ្លាប់ឆ្លងកាត់ ហើយវាផ្ដល់ផលអាក្រក់ មកលើការរស់នៅប្រចាំ ថ្ងៃក្នុងសង្គម និងក្នុងការទំនាក់ទំនង។ 

ស្នាដៃរូបថតសិល្បៈ «ការភាន់ច្រឡំ» របស់លោក កឹម សុវណ្ណា។

លោក កឹម សុវណ្ណា ជឿថា នៅក្នុងសម័យជឿនលឿននៃប្រព័ន្ធទំនាក់ទំនង មនុស្សប្រើ ប្រាស់សញ្ញា អក្សរខ្វះពាក្យសម្ដីពេញលេញ ឬបង្ហាញអារម្មណ៍ តាមរយៈទឹកមុខ ឬ​សំ​ឡេង អាចបណ្ដាលឱ្យទំនាក់ទំនងរបស់មនុស្សមានភាពភាន់ច្រឡំ ហើយវាបង្កឱ្យកើតឡើង ច្រើនថែមទៀត។ 

លោក លោក កឹម សុវណ្ណា ពន្យល់បន្ថែមដូច្នេះ៖ «មិនថាតែសង្គមគ្រួសារ ឬប្រទេសជាតិ ឬពិភពលោកឡើង គឺការភាន់ច្រឡំអាចកើតឡើងមានគ្រប់នាទី ក្នុងការប្រាស័យទាក់​ទង​គ្នា។ បើយើងខ្វះការប្រាស័យទាក់ទងគ្នា ខ្វះការយោគយល់គ្នាវានឹងបង្កើតជាជម្លោះ ដែល​បណ្ដាលឱ្យកើតមានការអាក់អន់ស្រពន់ចិត្ត ការបង្កើតជាការគុំកួន ឬសង្គ្រាម»។ 

ដើម្បីបង្ហាញពីទស្សនៈរបស់ លោក លោក សុវណ្ណា បានដកស្រង់ឈុតឆាតមួយ ពី​រឿង​រាម​​កេរ្តិ៍ ដែលមានភាពល្បីល្បាយក្នុងក្នុងអក្សរសិល្ប៍ខ្មែរពីបុរាណមក ក្នុងទម្រង់ជាល្ខោន​ខោល​។ លោក បានដកស្រង់ត្រង់វគ្គសង្គ្រាមបងប្អូនឯង នៃតួអង្គស្វាពាលី ដែលជាស្ដេច​ស្វា និងព្រះអនុជ ស្វា​ សុគ្រីព នៅឯនគរខាស់ខិនបូរី។ 

ផ្អែកលើសាច់រឿងទេវកថា ត្រង់វគ្គសង្គ្រាមនៃស្វាទាំងពីរ បានកើតឡើងដោយការភាន់​ច្រឡំ។ នៅខ្សែទី៤ នៃរឿងរាមកេរ្ដិ៍នេះ បាននិទានឡើងពីក្របីឈ្មោះទូភី នៅឯព្រៃ ហេមពាន្ត។ ក្របីទូភីនេះ បន្ទាប់ពីសម្លាប់ឪពុកខ្លួន ដែលជាស្ដេចក្របីហើយ ក៏ចេះតែ ដើររករឿងរាតត្បាតគេឯងដូចជាទៅរករឿងនាងទេពធីតារក្សាសមុទ្រ ឥសីបញ្ចលិង្គ និងចុងក្រោយទៅរករឿងស្ដេចស្វាពាលី ដែលសោយរាជ្យនៅនគរខាស់ខិនបូរី។ 

ស្នាដៃរូបថតសិល្បៈ «ការភាន់ច្រឡំ» របស់លោក កឹម សុវណ្ណា។

នាគ្រានោះ ដោយចៀសមិនប្រយុទ្ធនឹងក្របីទូភីដ៏គឃ្លើននេះ មិនបាន ស្ដេចស្វាពាលី ក៏​ប្រយុទ្ធអស់កាល៧ថ្ងៃ៧យប់ តែមិនមានអ្នកឈ្នះចេញឡើយ ក៏ទៅប្រយុទ្ធគ្នាក្នុងគុហារវិញ ហើយបានផ្ដាំអនុជខ្លួនជាសូគ្រីព ឱ្យសន្ធប់ថ្មបិទរូង​ប្រសិនបើឃើញឈាម​ក្រហមចេញពីរូង​គុហារនោះ។ 

នៅក្នុងការប្រកួតទីបំផុត ស្វាពាលី ក៏សម្លាប់ក្របីទូភីបាន ហើយឈាមទូភី​បានហូរចេញ​តាមរូងគុហារ និងបានលាយជាមួយទឹកភ្លៀង ឈាមខ្មៅក៏ប្រៃជាក្រហម។ ដោយឃើញ​ដូច្នោះ ស្វាសូគ្រីពនឹងស្មានតែបងស្លាប់ ក៏សន្ធប់ថ្មបិទរូងគុហារនោះ ហើយវិលមកនគរនឹង​យកដំណឹងទៅផង។ ក្រោយមកមន្ត្រីក៏លើកសូគ្រីពឱ្យឡើងគ្រងរាជ្យ ស្នងពីស្វាពាលី។ 

ក្រោយពីចេញពីរូងរួចស្វាបងក៏ខឹងស្វាប្អូន ដោយនឹកស្មានប្អូនក្បត់ខ្លួន ដណ្ដើមរាជ្យ ក៏ទះ​តប់ក្បាលប្អូនមួយដៃ ហើយស្វាប្អូនខឹង រត់ទៅជ្រកនៅភ្នំមគង្គបព៌ត ជាមួយនឹងអារម្មណ៍​ឈឺចាប់ខ្លោចផ្សា។ 

ជាមួយនឹងការជ្រើសរើសតួអង្គពីទេវកថាដ៏ល្បីល្បាញ លោក សុវណ្ណា បានជ្រើសរើសទម្រង់ល្ខោនខោល សម្រាប់ស្នាដៃដំបូងរបស់លោកផងដែរ។ លោកថា ការបញ្ចេញទស្សនាជារឿងមួយ ឯរឿងមួយទៀត គឺលោកចង់បង្ហាញពីទម្រង់សិល្បៈខ្មែរ ទៅកាន់ពិភពលោកផងដែរ។ 

 គួរជម្រាបផងដែរថា ស្នាដៃរូបថតសិល្បៈរបស់ កឹម សុវណ្ណា កំពុងដាក់បង្ហាញឱ្យសា ធារណជនចូលទស្សនាបាននៅវិចិត្រសាល Treeline Resort Urban Resort ក្នុង​ក្រុងសៀមរាប។ ពិព័រណ៍នេះ ​នឹងបន្តរហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥​៕ 

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី