វិភាគមុខងារ៖ ក្រសួងវប្បធម៌ បានសម្រួលមុខងារ និងកាត់បន្ថយចំនួនការិយាល័យ
  • ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
វិភាគមុខងារ៖ ក្រសួងវប្បធម៌ បានសម្រួលមុខងារ និងកាត់បន្ថយចំនួនការិយាល័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ មេសា នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។ លោកស្រី ភឿង សកុណា ក្រសួងវប្បធម៌ បានបន្តសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយកាត់បន្ថយចំនួនការិយាល័យ។
TTN-Free-Banner-In-Article-PC


លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។ 

នាសិក្ខាសាលា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានសម្រួលមុខងារមួយចំនួន។ បើតាមលោកស្រីរដ្ឋមន្រ្តី ក្រសួងវប្បធម៌ បានបន្តសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយកាត់បន្ថយចំនួនការិយាល័យ ដែលបច្ចុប្បន្ន ក្រសួងបានបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» ដើម្បីស្នើសុំការពិនិត្យផ្តល់យោបល់ពីក្រសួងមុខងារសាធារណៈ។



ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត  និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។

សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ញឹក ស្រីល័ក្ខ