ឥណ្ឌារងការ​​​បាញ់​ប្រហារ​សម្លាប់​ទេសចរនៅតំបន់​កាស្មៀរ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០៥ នាទី ព្រឹក
ឥណ្ឌារងការ​​​បាញ់​ប្រហារ​សម្លាប់​ទេសចរនៅតំបន់​កាស្មៀរ

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ទេសចរ​​​ចំនួន​២៦​នាក់​ នៅក្នុង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទ័ព​ព្រៃ​​មួយ​ក្រុម​នៅ​តំបន់​កាស្មៀរឥណ្ឌា។ ​ប៉ូលិស​ឥណ្ឌា​កំពុង​បើក​ប្រតិបត្តិការ​​ទ្រង់ទ្រាយ​ធំ​ នៅថ្ងៃពុធ​ទី ២៣​មេសា​នេះ តាម​ចាប់​ក្រុម​ដៃដល់​។ នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​រួសរាន់​ត្រលប់​ចូល​ប្រទេស​វិញ និង​សន្យា​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ទៅ​ដាក់​ទោស។ នេះ​ជា​ហេតុការណ៍​ហិង្សា ​​សម្លាប់​ជនស៊ីវិល ក្នុង​តំបន់ដ៏​ធ្ងន់ធ្ងរ​មិនធ្លាប់​មាន​ទេ គិត​ចាប់​តាំងពី​ឆ្នាំ​២០០០មក។

TTN-Free-Banner-In-Article-PC

ហេតុការណ៍​បាញ់​សម្លាប់​ជន​ស៊ីវិល​ជា​ទេសចរ​ បាន​កើត​ឡើង​នៅ​ប្រមាណ​៩០គីឡូម៉ែត្រ​ពី ​ក្រុងSrinagar រដ្ឋធានី​នៃ​​តំបន់​កាស្មៀរឥណ្ឌា។ បើ​តាម​សំដី​សាក្សី ចុះ​ផ្សាយ​ក្នុង​កាសែត​The Indian Express ខ្មាន់​កាំភ្លើងប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​បាន​ស្ទុះ​ចេញ​ពី​ព្រៃ​មក​បាញ់​រះ​លើ​ក្រុម​ទេសចរ​ បណ្តាល​ឱ្យដួល​​ស្លាប់​យ៉ាង​ហោច​២៦នាក់ និង​របួស​ជាងដប់​នាក់។ ជនរងគ្រោះ​បាត់​បង់​ជីវិត ដែលសុទ្ធ​សឹង​ជា​ទេសចរក្នុង​ស្រុក​ជាតិ​ឥណ្ឌា និងម្នាក់ជា​បរទេស​​មក​ពី​នេប៉ាល់ មាន​ភេទ​ជា​​បុរស​ទាំងអស់។ ជន​ដៃ​ដល់​ទំនង​ជា​ចៀស​មិន​បាញ់​សម្លាប់​ស្ត្រីភេទ។ នេះ​បើ​តាម​កាសែត​ក្នុង​ស្រុកដដែល។

​​អាជ្ញាធរ​ឥណ្ឌា​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ តាម​ប្រមាញ់​ក្រុម​ខ្មាន់​កាំភ្លើង​ ដោយ​ពង្រាយ​កង​កម្លាំងសន្តិសុខជា​ច្រើន​នាក់​ និង​ឧទ្ធម្ភាចក្រ​យោធា​ជាច្រើន​គ្រឿង ​ ហោះ​ឆ្វែល​លើ​តំបន់​កើត​ហេតុ​ដែល​ជា​តំបន់​ភ្នំ​និង​ព្រៃ​ស្រោង។ យោធា​ឥណ្ឌា​បាន​ប្រកាស​កម្ចាត់​បាន​ ខ្មាន់​កាំភ្លើង​ជាប់​សង្ស័យ​ពីរ​នាក់ នៅក្នុង​ពេលពើប​​ប្រទះ​គ្នា​​។​ “ត្រូវ​ចាប់​ឱ្យ​បាន​ជន​ដៃដល់​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់” នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលបាន​បង្រួញ​​​ទស្សនកិច្ច​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​រួស​រាន់​ត្រលប់ចូល​ស្រុក​វិញមុន​កាល​កំណត់ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ក្រុម​ភេរវជន។ ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ទេសចរណ៍ឥណ្ឌា បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានការណ៍​ដល់​ផ្ទាល់​កន្លែង។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ពុធ​ទី​២៣​មេសា​ ពុំ​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​ចេញ​មុខ​បញ្ជាក់​អំពី​ទង្វើ​របស់​ពួកគេ​ទេ។

ជាទិសដៅ​ទេសចរណ៍ ដោយ​ទទួល​ភ្ញៀវ​ប្រមាណ​៣លាន​នាក់​កន្លះ នៅ​ឆ្នាំ​២០២៤ និង​ធ្លាប់​ទទួល​រៀប​ចំ​ជំនួប​​កំពូល​ហ្សេ​២០ ​កាលពី​ឆ្នាំ​២០២៣ផង ​​តំបន់​កាស្មៀរឥណ្ឌា​នេះ ជា​ប្រភព​ជម្លោះ​រ៉ាំរ៉ៃជាមួយ​​ប៉ាគីស្ថាន ដោយ​មាន​​​កម្លាំង​ទ័ព​ឈរ​ជើង​ជាអចិន្ត្រៃយ៍​ប្រមាណ​៥​សែន​នាក់​ ​នៅ​តំបន់​កាស្មៀរឥណ្ឌា។ តំបន់ហាក់​ទើប​បាន​​ស្គាល់​ភាព​ស្ងប់​ស្ងាត់ខ្លាំង​ តាំងពី​រដ្ឋាភិបាល​លោក​ណារិនដ្រាម៉ូឌី បាន​ដក​ស្វ័យភាព​ ដែន​ដី​នេះហើយ​ដាក់​ឱ្យ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រងរដ្ឋបាល​របស់​ញូវដេលី​​ដោយ​ផ្ទាល់មក។​ អំពើហិង្សា​វាយប្រហារ​លើ​ជន​ស៊ីវិល លើក​ចុងក្រោយ​បាន​កើត​ឡើង​នៅ​ខែ​មីនា​ឆ្នាំ​២០០០ ពេល​ប្រធានាធិបតី​អាមេរិក​ ប៊ីល គ្លីនតុន​ មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា។

ឯលើក​នេះ ក៏អំពើ​​ហិង្សា​បាន​ផ្ទុះ​ឡើងចំ​ពេលអនុប្រធានាធិបតី​អាមេរិកបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ឥណ្ឌា និង​​​តែ​មួយ​ថ្ងៃ​ក្រោយ​ជំនួប​រវាងJD Vance​ និង​លោកនាយករដ្ឋមន្ត្រី​ម៉ូឌី​នៅ​ទីក្រុង​ញូវដេលី​។ ភ្លាម​មួយ​រំពេច លោក​អនុប្រធានាធិបតី​អាមេរិក​ បាន​ថ្លែង​សារ​រំលែក​ទុក្ខនិង​​​សាមគ្គីភាពជាមួយ​ជន​រងគ្រោះ​។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រមុខ​ដឹកនាំ​អឺរ៉ុប ចិន សុទ្ធ​តែ​បានបង្ហាញ​សមានចិត្តជាមួយ​ឥណ្ឌា​ដោយ​ថ្កោលទោស​ទង្វើ​វាយប្រហារ​លើជនស៊ីវិល​​ទេសចរថា​អាក្រក់​មិនអាច​ទទួល​យក​បាន​ទេ៕

ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ