អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអុីន ត្រូវបានចោទពីបទស៊ីសំណូក
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣៥ នាទី ព្រឹក
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអុីន ត្រូវបានចោទពីបទស៊ីសំណូក
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ។ រូបភាព​ ៖ ហ្វ៊េសបុក 문재인

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់អតីតប្រធានាធិបតី លោក មូន ចេអ៊ីន ដែលចាកចេញពីតំណែងក្នុងឆ្នាំ ២០២២ ពីបទស៊ីសំណូក។

TTN-Free-Banner-In-Article-PC

ការិយាល័យរដ្ឋអាជ្ញាខណ្ឌ Jeonju របស់កូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២៤ ខែមេសាថា បានសម្រេចចោទប្រកាន់អតីតប្រធានាធិបតីលោក មូន ចេអ៊ីន ពីបទស៊ីសំណូក ប៉ុន្តែមិនបានសុំដីកាចាប់ខ្លួនលោកទេ។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក មូន ពីបទទទួលសំណូកដែលមានតម្លៃប្រហែល ២២៣លានវ៉ុន (ប្រមាណ ១៥២ ០០០ដុល្លារ) ក្នុងទម្រង់ជាប្រាក់បៀវត្ស និងផ្ទះសំបែងរបស់កូនប្រសារបស់លោកមានឈ្មោះថា Seo ដែលត្រូវជ្រើសធ្វើជានាយកក្រុមហ៊ុនអាកាសចរណ៍ Thai Eastar Jet មានមូលដ្ឋាននៅថៃ ចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២០។ អ្នកស៊ើបអង្កេតរកឃើញថា ក្រុមហ៊ុនអាកាសចរណ៍ មានអ្នកគ្រប់គ្រងពិតគឺអតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងលោក Lee Sang-jik ។

អតីត​សមាជិក​សភា Lee Sang-jik ក៏​ត្រូវ​បាន​រដ្ឋអាជ្ញា​ចោទប្រកាន់​ពី​បទ​សូកប៉ាន់ និង​ការ​ធ្វេសប្រហែស​ផង​ដែរ។ ការិយាល័យរដ្ឋអាជ្ញាស្រុក Jeonju បានលើកឡើងថា លោក Seo និងកូនស្រីលោកមូនគឺ Moon Da-hye មិនត្រូវបានគេចោទប្រកាន់នោះទេ ប៉ុន្តែការសម្រេចអាចត្រូវបានធ្វើឡើងអាស្រ័យលើវឌ្ឍនភាពនៃការស៊ើបអង្កេត។

ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២១ នៅពេលលោក មូន នៅកាន់តំណែងនៅឡើយ បន្ទាប់ពីរដ្ឋអាជ្ញាបានទទួលពាក្យបណ្តឹងពីក្រុមពលរដ្ឋ។

រដ្ឋអាជ្ញាបានអះអាងថា លោក Seo ជាកូនប្រសារបស់លោក មូន ធ្លាប់ធ្វើការនៅក្នុងវិស័យហ្គេមអនឡាញ និងមិនមានបទពិសោធន៍ផ្នែកអាកាសចរណ៍ ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Thai Eastar Jet ជាថ្នូរនឹងការដោះដូរតំណែងជាមួយអតីតសមាជិកសភា Lee ដែលត្រូវបានតែងតាំងជាប្រធានផ្នែកគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យមរបស់កូរ៉េខាងត្បូង។

មន្ត្រីកូរ៉េខាងត្បូងអះអាងថា Thai Eastar Jet មិនបានជួលលោក Seo ទេ ប៉ុន្តែនៅតែតែងតាំងលោកឱ្យកាន់តំណែងជាន់ខ្ពស់ និងផ្តល់ប្រាក់ឧបត្ថម្ភផ្ទះដល់រូបលោក។ យោងតាមក្រុមអ្នកស៊ើបអង្កេត លោក មូន បានប្រើប្រាស់ក្រុមអធិការកិច្ចពិសេសនៃការិយាល័យប្រធានាធិបតី ដើម្បីជំរុញឱ្យមានការតែងតាំងកូនប្រសារបស់លោកនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងការផ្ទេរទៅធ្វើការនៅប្រទេសថៃ។

លោក មូន និង​កូន​ប្រសា​គឺលោក Seo មិន​ទាន់ប្រតិកម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ។

អតីតប្រធានាធិបតី មូន ចេអ៊ីន អាយុ ៧២ឆ្នាំ បានដឹកនាំប្រទេសកូរ៉េខាងត្បូងពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២។ បន្ទាប់ពីចាកចេញពីតំណែង លោកបានប្រកាសថា លោក និងភរិយានឹងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេនៅ Yangsan ដើម្បីរស់នៅដូចកសិករធម្មតា។

ក្រោមការគ្រប់គ្រងរបស់លោក មូន ចេអ៊ីន កូរ៉េខាងត្បូងបានធ្វើឱ្យទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងផ្តោតសំខាន់លើគោលនយោបាយការបរទេសរបស់ខ្លួន ដោយជួយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០១៨ លោក មូន ចេអ៊ីន បានជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចំនួនបីដង ហើយត្រូវបានកោតសរសើរដោយលោក គីម ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់សន្តិភាព៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង