ក្រោយ​វិភាគមុខងារ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានមុខងារស្នូល៣ និងមុខងាររង២៤
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៩ នាទី រសៀល
ក្រោយ​វិភាគមុខងារ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានមុខងារស្នូល៣ និងមុខងាររង២៤

ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន បាន​ឱ្យដឹងថា បន្ទាប់ពី​វិភាគមុខងារ និងរចនាសម្ព័ន្ធ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ដែល​បានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន១៦។ លោក​រដ្ឋមន្រ្តី លើក​ឡើងដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

TTN-Free-Banner-In-Article-PC

ក្នុង​នីតិកាលទី​៧ នៃ​រដ្ឋ​សភា រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​ស្នូល​នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ​ គឺ​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​រដ្ឋ​ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកបដោយ​សមត្ថ​ភាព​ខ្ពស់​ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ។ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យខាងលើ រដ្ឋាភិបាល បាន​ជំរុញឱ្យ​ក្រសួង​​ ស្ថាប័ន ធ្វើការ​ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ 

ជាក់ស្ដែង​ រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន ដែលជា​សេនាធិការ​រដ្ឋាភិបាល បាន​សម្រេច​បេសកកម្ម​របស់​ខ្លួន​តាម​រយៈ​ការ​វិភាគមុខងារ និង​រចនា​សម្ព័ន្ធ ស្រប​តាម​ការ​ណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុង​សិក្ខាសាលា​ក្រោម​អធិបតី​ភាព​លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ លោក ឡាំ ជា រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន បាន​លើក​ឡើងថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដើម្បីឈានសម្រេចបានជោគជ័យ។

លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន 

«ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈការសហការអនុវត្តការងារ ២ដំណាក់កាល»។ នេះ​ជាការ​រៀបរាប់​របស់​លោក ឡាំ ជា ដោយ​បន្តថា ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន។ ដំណាក់កាលនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។

បើតាម​រដ្ឋមន្រ្តីរូបនេះ ដំណាក់កាលទី២ ជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែល​ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ លោក ឡាំ ជា បង្ហាញ​លទ្ធផល​ដូច្នេះ៖ «ជាលទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ត្រូវបានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន១៦។»។

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។

ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ចំពោះកិច្ចការវិភាគមុខងារនេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត  និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់របស់ក្រសួង ស្ថាប័ននីមួយៗ។

សូមបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ ត្រូវបានចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕





 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ