ព្រះរាជាណាចក្រ២ គោលដៅតែ១! កម្ពុជា-ថៃ វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូត៧៥ឆ្នាំ
- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០៥ នាទី រសៀល

ជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ រដ្ឋាភិបាលកម្ពុជា និងថៃ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃចំណងមិត្តភាព ទំនាក់ទំនង កិងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែផងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ភាគីទាំងពីរជឿជាក់ថា ចំណងការទូតដែលមានឈានដល់ខួបទី៧៥ឆ្នាំ នឹងកាន់តែរឹងមាំ។

ក្នុងជំនួបទ្វេភាគីនៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសមភាគីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ថាមពល សន្តិសុខនិងការពារជាតិអប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសបំពេញបន្ថែម (Complementary SEZ) នៅតាមបណ្តោយព្រំដែន។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាថ្ងៃទី២៤ ខែមេសា នេះ ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ មេដឹកនាំវ័យក្មេងទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។
កម្ពុជា-ថៃ នឹងមានគម្រោងសម្ពោធជាផ្លូវការស្ថានអគ្គកុងស៊ុលទៅវិញទៅមក គឺ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជាគម្រោងសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាណង់អ៊ាន)។
ក្នុងជំនួបនោះផងដែរ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណភាគីថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការចំពោះពលករកម្ពុជា ដោយអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ និងប្រគល់ជូនកម្ពុជាវិញនូវវត្ថុបុរាណចំនួន២០ទេវរូប ដែលត្រូវបានរឹបអូសពីជនទុច្ចរិត។
ជាមួយគ្នានេះ ថៃអះអាងពីការមិនអនុញ្ញាតឱ្យជនណាប្រើប្រាស់ ទឹកដីរបស់ខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ចំណែកកម្ពុជាក៏អនុវត្តគោលការណ៍ដូចគ្នាដែរ។
ទាក់ទងផ្នែកធុរកិច្ច ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីការបង្កើតនូវយន្តការនិងគំនិតផ្តួចផ្តើម បំពេញបន្ថែមផ្សេងៗទៀត ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់ប្រជាជននិងប្រជាជន ការប្តេជ្ញាចិត្តជាថ្មីក្នុងក្របខណ្ឌ «ព្រះរាជាណាចក្រ២ គោលដៅតែ១» និងគំនិតផ្តួចផ្តើម «ប្រទេស៦ គោលដៅតែ១» ជាដើម។
ចំពោះវិស័យសន្តិសុខ ភាគីទាំងពីរឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមដែលមានស្រាប់ ក្នុងនោះ ការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។
ការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន, ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងឆ្លងដែនក្នុងគោលដៅទេសចរណ៍, នីតិវិធីនៃការជ្រើសពលករស្របច្បាប់កម្ពុជា ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
ប្រទេសទាំងពីរ បន្តប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីបង្កើនទំហំពាណិជ្ជកម្មពី ១០ពាន់ លានដុល្លារអាម៉េរិក ឱ្យដល់ ១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៧។
នាអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជាពីថ្ងៃទី២៣ ដល់ទី២៤ ខែមេសា ឯកសារសំខាន់ៗចំនួន៧ត្រូវបានចុះហត្ថលេខា ក្នុងនោះរួមមាន ១. កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងប្រទេស ទាំងពីរ ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៣. អនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ៤. កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណង់អ៊ាន) ៥. កិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពាន ព្រំដែន (ផ្សារព្រំ-បានជាកាត) ៦. កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទួលទ្ធភាពលើ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) និង៧. លិខិតប្តូរសារស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
ជាមួយគ្នានេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ បានចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងចូលថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com