បណ្ណាគារ Tsutaya ដ៏ល្បីល្បាញរបស់ជប៉ុន មានសៀវភៅជាង ៧ម៉ឺនចំណងជើង បានមកដល់កម្ពុជាហើយ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២២ នាទី រសៀល
បណ្ណាគារ Tsutaya ដ៏ល្បីល្បាញរបស់ជប៉ុន មានសៀវភៅជាង ៧ម៉ឺនចំណងជើង បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហាងសៀវភៅ Tsutaya ដែលមានឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ទី១ ក្រោមអធិបតីភាពរបស់ លោក អ៊ូអិណុ អាត់ស៊ូស្សី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ បណ្ណាគារ Tsutaya មានទំហំសរុប ១,៥០០ ម៉ែត្រការ៉េ និងសៀវភៅរហូតដល់ ៧០,០០០ ចំណងជើង ថែមទាំងមានហាងកាហ្វេ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានដំបូងគេនៅកម្ពុជា។

បណ្ណាគារ Tsutaya មានអាជ្ញាប័ណ្ណអាជីវកម្មថ្មីនៅប្រទេសកម្ពុជា ជាបណ្ណាគារដំបូងគេបង្អស់ក្នុងចំណោមបណ្ណាគារទាំង ៦ ដែលគ្រោងនឹងបើកដំណើរការនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០៣៤ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងរបៀបរស់នៅ Urban Living Solutions Co., Ltd. (ULS)។

នៅក្នុងកម្មពិធី លោក គាន គឹមលាង ប្រធានក្រុមប្រឹក្សាភិបាល ULS បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានមោទកភាពក្នុងការនាំយកនូវបទពិសោធបណ្ណាគាលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា ដែលជាការរួមបញ្ចូលនូវវប្បធម៌ ការរចនា និងសហគមន៍។ Tsutaya មិនត្រឹមតែជា កន្លែងលក់សៀវភៅប៉ុណ្ណោះទេ ប៉ុន្តែដើរតួនាទីជាស្ពានវប្បធម៌ ក៏ដូចជាកន្លែងដែលមនុស្សគ្រប់វ័យអាចជួបជុំ ស្វែងយល់អ្វីថ្មីៗ និងទទួលបានការបំផុសគំនិតផងដែរ។»

នាឱកាសនោះ លោក Hideyuki Uemoto នាយកប្រតិបត្តិនៃក្រុមហ៊ុន Tsutaya Books Malaysia Sdn. Bhd., បានលើកឡើងថា៖ «ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង ស្វាហាប់ និងចង់ចេះចង់ដឹងច្រើនអំពីវប្បធម៌ និងការអប់រំ។ យើងខ្ញុំជឿជាក់ថា Tsutaya នឹងដើរតួនាទីដ៏ពិសេសក្នុងការអភិវឌ្ឍភាពច្នៃប្រឌិត និងការសិក្សាពេញមួយជីវិត។»

គួរបញ្ជាក់ថា បណ្ណាគារTsutaya ក៏មានទទួលរៀបចំជាកម្មវិធីសម្ពោធសៀវភៅ ការពិភាក្សា របស់អ្នកនិពន្ធ សិក្ខាសាលាប្រកបដោយភាពច្នៃប្រឌិត និងព្រឹត្តិការណ៍អប់រំជាប្រចាំ ដោយសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិផងដែរ៕










(អត្ថបទពាណិជ្ជកម្ម)

 

 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ប៉េង សុងឡេង