- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:៣៧ នាទី រសៀល

អ្នកគាំទ្របឹងកេត បានបង្ហាញការខឹងសម្បាចំពោះការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល ក្រោយ បឹងកេត បានចាញ់ព្រះខ័នរាជស្វាយរៀង លទ្ធផល១-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេច ហ៊ុន សែន លើកទី១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២៥។ លោក Conor Nestor គ្រូបង្វឹកបឹងកេត យល់ថា អាជ្ញាកណ្ដាល មិនយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីខ្លួន។ គ្រូបង្វឹករូបនេះ ស្នើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកកិច្ចប្រជុំធំមួយជុំវិញករណីនេះ ដើម្បី បង្ការទង្វើបែបនេះ កើតឡើងម្តងហើយម្តងទៀត។
បញ្ហាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងទីលាននៅតែកើតមាន និងនៅតែជាប្រធានបទក្តៅ នៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា លើកមកជជែកម្ដងហើយម្ដងទៀត។ ជាក់ស្ដែង ករណីការកាត់សេចក្ដីរបស់អាជ្ញាកណ្តាលក្នុងការប្រកួតពានសម្ដេច ហ៊ុន សែន ២រដូវកាលមកនេះ បានជះឥទ្ធិពល និងប៉ះពាល់ខ្លាំង ដល់ទឹកចិត្តអ្នកគាំទ្រក្រុមបាល់ទាត់នីមួយៗ។
ឧទាហរណ៍ ករណីក្លិបបាល់ទាត់វិសាខា សុំដកខ្លួននៅចុងរដូវលកាល ២០២៣-២០២៤។ ករណី លោក ភា សុភក្ដ្រា គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ រងពិន័យ បន្ទាប់ពីប្រតិកម្មខ្លាំងជាមួយអាជ្ញាកណ្ដាលក្នុងទីលាន នៅរដូវកាល២០២៤-២០២៥។ ករណីអ្នកគាំទ្របឹងកេត រត់ចូលក្នុងទីលានទាំងកំហឹង សំដៅទៅអាជ្ញាកណ្ដាល នៅកីឡដ្ឋាន AIA KMH Park។ ក្រៅពីនេះ នៅមានករណីមិនពេញចិត្តតូចតាចច្រើនករណីទៀត ចំពោះអាជ្ញាកណ្ដាល។
ការមិនពេញចិត្តចំពោះការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល មិនមែនមាននៅតែកម្ពុជាមួយទេ គឺមានស្ទើរតែគ្រប់ប្រទេសដែលមានវិស័យបាល់ទាត់។
លោក Conor Nestor យល់ថាបញ្ហានេះ ដូចជាជំងឺឆ្លងរាលដាលមួយ ដែលសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា មិនទាន់មានវ៉ាក់សាំងការពារឡើយ។ គ្រូបង្វឹករូបនេះ ស្នើ FFC បើកកិច្ចប្រជុំធំមួយ (Extraordinary General Meeting ឬ EGM) ដើម្បីរកវិធីដោះស្រាយបញ្ហានេះ។ ប្រសិនបើ FFC មិនមានវិធានការទេ លោក Conor Nestor ជឿថាម្ចាស់ក្លិបទាំងអស់នឹងខ្សោះទឹកចិត្ត ក្នុងការប្រឹងប្រែង និងចូលរួមជាមួយបាល់ទាត់កម្ពុជា។
លោក Conor Nestor គ្រូបង្វឹកបឹងកេត រូបពី Hun Sen Cup
គ្រូបង្វឹកបឹងកេត បាននិយាយថា៖ «តើពេលណា យើងចាប់ផ្ដើមសកម្មភាពច្បាស់លាស់? ម្ចាស់ក្លិបកំពុង បង្ហូរធនធាន ញើសឈាម និងទឹកភ្នែក មកលើកីឡាបាល់ទាត់នៅទីនេះ។ ជឿខ្ញុំទៅ សូម្បីកីឡាករ ក៏ខំប្រឹងប្រែងដែរ។ សូម FFC មាន EGM ឆាប់ៗនេះ ហើយពិភាក្សាអំពីផែនការសកម្មភាព ព្រោះកាន់តែរីករាលដាល។ ហើយយើងមិនទាន់មាន វ៉ាក់សាំងនៅឡើយទេ។ ខ្ញុំជឿថា បើយើងចង់ផ្លាស់ប្តូរដោយពិតប្រាកដ យើងអាចធ្វើបាន ប៉ុន្តែយើងត្រូវធ្វើសកម្មភាពទាំងអស់គ្នា ដោយក្ដីស្រឡាញ់បាល់ទាត់កម្ពុជា។ សូមកុំគាំទ្រចំពោះសកម្មភាពអវិជ្ជមាន របសស់អាជ្ញាកណ្តាល។ យើងត្រូវតែប្រតិកម្ម ប៉ុន្តែយើងក៏ត្រូវការបើកចំហក្នុងការផ្លាស់ប្តូរដែរ។ នេះមិនអាចទទួលយកបានទេ។»។
ព្រះខ័នរាជស្វាយរៀង បាននាំមុខ បឹងកេត ១-០ នៅនាទី៩ ដោយការតែតបញ្ចូលទីពី កីឡាករ ជូ ស៊ិនទិ កីឡាករព្រះខ័នរាជស្វាយរៀង បន្ទាប់ពី Bounphachan មិត្តរួមក្រុម បានបញ្ចូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់របស់បឹងកេត។
នៅនាទី១៧ កីឡាករបឹងកេត បានប៉ះទង្គិចគ្នា នៅក្នុងប្រអប់គ្រោះថ្នាក់ ហើយត្រូវកីឡាករ ព្រះខ័នរាជស្វាយរៀង ដណ្ដើមបាល់បានវិញ ព្រមទាំងវាយបកលឿនៗ ប៉ុន្ដែអាជ្ញាកណ្ដាល មិនបានផ្ដល់ពិន័យអ្វី ទៅខាងបឹងកេតឡើយ។ លុះចូលដល់នាទី៣៨ អ៊ាម សុវណ្ណារ៉ា របស់ បឹងកេត ត្រូវបាន Cristian Roque ផ្ដួលខ្លួនត្រូវជើងរបស់គេ និងដណ្ដើមបាល់បាន ក្នុង ប្រអប់គ្រោះថ្នាក់។
ចំណែកកីឡាករបឹងកេត អ៊ាម សុវណ្ណរ៉ា កំពុងដេកដួលក្នុងនៅតំបន់កើតហេតុ ប៉ុន្ដែអាជ្ញា កណ្ដាល មិនបានពិន័យព្រះខ័នរាជស្វាយរៀងឡើយ ហើយបន្ដការប្រកួតធម្មតា។ ព្រះខ័ន រាជស្វាយរៀង នាំមុខ១-០ នេះ បន្ដរហូតដល់ចប់ការប្រកួត។
លោក Conor Nestor លើកឡើងថា បើសិជាបឹងកេត អាចទទួលបានបាល់ពិន័យ១១ម៉ែត្រ នោះ អាចជាសំណាងបន្ដិចរបស់បឹងកេត ប៉ុន្ដែមិនមានអាជ្ញាកណ្ដាលណាមួយ ក្នុងចំណោម ៣រូបនេះ បានផ្ដល់ឲ្យឡើយ។ គ្រូបង្វឹករូបនេះ យល់ថាអាជ្ញាកណ្ដាលនៅកម្ពុជា គួរតែបណ្ដុះបណ្ដាលឲ្យបានច្បាស់លាស់ និងតឹងរឹង។
«បើយើងទទួលបានបាល់ពិន័យ ២ដងនោះ យើងអាចមានអារម្មណ៍ថាសំណាងបន្ដិច។ ប៉ុន្ដែ (អាជ្ញាកណ្តាល) ៣នាក់នោះ មិនមានសួរនាំយើងឡើយ។ យើងត្រូវការនោះ គឺការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ដ៏ច្បាស់លាស់មួយនៅកម្ពុជា។»។ គ្រូបង្វឹកបឹងកេត បាននិយាយដូច្នេះ៕
អ្នកសរសេរអត្ថបទ
