- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

ស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធូរស្រាលមួយកម្រិត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបន្ធូរបន្ថយរនាំងពន្ធគយ ចំពោះទំនិញចិន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ព្រមចរចាចុះកិច្ចព្រមព្រៀង។ ចំណែក រដ្ឋអំណាចចិន វិញ ក៏បានប្រកាសបើកចំហទ្វារសម្រាប់ចរចា តែប៉េកាំងបានបដិសេធ មិនទទួលយកកិច្ចព្រមព្រៀងដែលបង្ខូចប្រយោជន៍ចិន នោះឡើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់រនាំងពន្ធគយ ដែលលោកបានដាក់កំហិតចំពោះទំនិញចិន រហូតដល់ ១៤៥% នោះ ធ្ងន់ធ្ងរពេកហើយ។ ក្រៅពីទទួលស្គាល់ចំណុចនេះ ចៅហ្វាយសេតវិមានអាមេរិក ក៏បានបញ្ជាក់នៅថ្ងៃអង្គារ ទី២២ ខែមេសា ថាអត្រាពន្ធដ៏ខ្ពស់ អាចនឹងថយចុះវិញច្រើនដែរ ហើយការចុះពន្ធ គឺច្បាស់ណាស់ថា មិនអាចធ្លាក់ដល់កម្រិតសូន្យទេ តែក៏មិនដល់ចំនួន ១៤៥% ដែរ។ នេះបើតាមមហាសេដ្ឋី ដូណាល់ ត្រាំ ដែលបានតាំងខ្លួនជាមនុស្សសុភាពនិងមានចិត្តធម៌ចំពោះចិន ដែលជាគូសត្រូវ។
ទោះបីជាយ៉ាងក៏ដោយចុះ ក៏ប្រធានាធិបតីអាមេរិករូបនេះ នៅតែទាមទារឲ្យ រដ្ឋអំណាចចិនត្រូវចុះញ៉ម និងសុំចរចាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយគ្នា។ អនាគតកិច្ចព្រមព្រៀងនោះ គឺភាគីអាមេរិក ជាអ្នកកំណត់លក្ខខណ្ឌសម្រាប់ចរចា ហើយដែលលោក ត្រាំ យល់ថា ជាកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ។ បុរសខ្លាំងអាមេរិក ក៏ចង់ឲ្យនីតិវិធីចរចា អាចប្រព្រឹត្តទៅ ក្នុងពេលកាន់តែឆាប់។
មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់ចៅហ្វាយសេតវិមានអាមេរិក ថ្នាក់ដឹកនាំចិនជាច្រើន បានប្រតិកម្មឆ្លើយតប។ រដ្ឋអំណាចក្រុងប៉េកាំង បានប្រកាសយល់ព្រមបើកទ្វារចំហយ៉ាងធំទូលាយសម្រាប់ចរចាគ្នា ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ថ្ងៃពុធ ទី២៣មេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបញ្ជាក់ថា ប្រសិនបើត្រូវតស៊ូប្រយុទ្ធ រដ្ឋអំណាចចិន នឹងតស៊ូប្រយុទ្ធរហូតដល់ទីបំផុត ក៏ប៉ុន្តែច្រកទ្វារសម្រាប់កិច្ចសន្ទនាចរចាគ្នា នៅតែបើកចំហជានិច្ច។
ដើមសប្តាហ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធច្រានចោលកិច្ចព្រមព្រៀងទាំង ឡាយណាជាមួយអាមេរិក ដែលនាំឲ្យខូចផលប្រយោជន៍ចិន។ មិនតែប៉ុណ្ណោះ ថ្ងៃអង្គារ ទី២២មេសា ប្រមុខការទូតចិនលោក វ៉ាង យី ថែមទាំងទូរស័ព្ទផ្ទាល់ ទៅសមភាគីអង់គ្លេស និងអូទ្រីស ដើម្បីពួតដៃគ្នារវាងអឺរ៉ុបនិងអាស៊ីតស៊ូទប់ទល់នឹងអាមេរិក។
ទោះបីជាម្តេចក្តី បន្ទាប់ពីការប្រកាសបន្ទន់ជំហររបស់លោក ដូណាល់ ត្រាំ ដែលចង់បន្ថយពន្ធចំពោះទំនិញចិន គឺបានធ្វើឲ្យទីផ្សារភាគហ៊ុននៅគ្រប់ទីកន្លែង មិនថានៅអាមេរិក អឺរ៉ុប និងអាស៊ីនោះទេ សុទ្ធតែមានក្តីសង្ឃឹមនិងងើបក្បាលរកចំណុចវិជ្ជមានឡើងវិញ។ អត្រាប្រាក់ដុល្លារ ដែលធ្លាប់តែដាំក្បាលចុះជាច្រើនថ្ងៃហើយ ក៏បានងើបឡើងវិញបន្តិចដែរ។ ឯតម្លៃមាសនៅតែបន្តខ្ពស់កប់ពពក៕
ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)
