IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ២,៨ភាគរយ
  • ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ២,៨ភាគរយ
ប្រធាន IMF លោកស្រី Kristalina Georgieva ។ រូបភាព ៖ X/@IMFNews

ផលិតផលក្នុងស្រុកសរុប (GDP) សកលអាចកើនឡើងត្រឹមតែ ២,៨ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៤។ នេះជាកម្រិតទាបបំផុតចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសដែលសេដ្ឋកិច្ចធំជាងគេពីរគឺអាម៉េរិក និងចិន ក៏មានការព្យាករកំណើនធ្លាក់ចុះដែរ។

TTN-Free-Banner-In-Article-PC

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី២២ ខែមេសា បានចេញផ្សាយបច្ចុប្បន្នភាពនៃរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន។ ស្ថាប័ននេះបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះពី ៣,៣ភាគរយទៅ ២,៨ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ មូលហេតុគឺភាពមិនច្បាស់លាស់ខាងគោលនយោបាយ និងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មទូទាំងពិភពលោក។ កាលពីឆ្នាំមុន GDP ពិភពលោកបានកើនឡើង ៣,៣ភាគរយ។

ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកទាំងពីរមានការព្យាករកំណើនរបស់ពួកគេធ្លាក់ចុះនៅឆ្នាំនេះ។ GDP របស់អាម៉េរិកត្រូវបានព្យាករថានឹងកើនឡើងត្រឹមតែ ១,៨ភាគរយ ទាបជាង ២,៨ភាគរយកាលពីឆ្នាំមុន។ អតិផរណា​ក្នុង​ប្រទេសនេះ ​ក៏​ត្រូវ​បាន​កែ​ប្រែ​ឡើង​យ៉ាង​ខ្លាំង ​ដោយ​សារ​ការ​កើន​ឡើង​តម្លៃ​នាំ​ចូល។

សម្រាប់​​ចិន IMF បាន​បន្ទាប​ការ​ព្យាករ​កំណើន​​ប្រទេស​នេះ​មក​នៅ​ត្រឹម ៤ភាគរយសម្រាប់​ទាំង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ។ នៅក្នុងរបាយការណ៍ខែមករារបស់ IMF បានព្យាករកំណើនប្រទេសនេះដល់ ៤,៦ភាគរយ។ យ៉ាងណាមិញ មន្ត្រីចិនកំពុងកំណត់គោលដៅកំណើនប្រហែល ៥ភាគរយនៅឆ្នាំនេះ។

ចាប់តាំងពីចូលកាន់តំណែង ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូល ១៤៥ភាគរយលើទំនិញទាំងអស់របស់ចិន។ ផលិតផលខ្លះអាចជាប់ពន្ធដល់ ២៤៥ភាគរយទៀតផង។ ជាការឆ្លើយតប ចិនក៏បានដាក់ពន្ធ ១២៥ភាគរយលើទំនិញរបស់អាម៉េរិក។ 

កំណើន​ក្នុង​ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ដែរ។ GDP របស់អាល្លឺម៉ង់អាចនៅទ្រឹង ខណៈ GDP របស់បារាំង និងអ៊ីតាលី ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងតិចជាង ១ភាគរយ។ ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក អាចមានកំណើនត្រឹមតែ ០,៦ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីការប៉ាន់ប្រមាណរបស់ IMF ក្នុងអត្រា ១,១ភាគរយនៅក្នុងរបាយការណ៍ខែមករា។

IMF មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ ​ពន្ធ​នាំ​ចូល​ដែល​ប្រកាស​ដោយ​​អាម៉េរិក​និង​ប្រទេស​ជា​ច្រើន​ទៀត។ លើសពីនេះ ភាពមិនប្រាកដប្រជានៃគោលនយោបាយក៏ប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងទស្សនវិស័យផងដែរ ដែលធ្វើឱ្យពួកគេពិបាកក្នុងការព្យាករសមស្រប និងទាន់ពេលវេលា។

កាលពីដើមខែនេះ ប្រធានាធិបតីអាម៉េរិកបានប្រកាសដំឡើងពន្ធនាំចូលលើដៃគូពាណិជ្ជកម្មទាំងអស់។ អត្រាពន្ធគយមូលដ្ឋាន ១០ភាគរយអនុវត្តចំពោះសេដ្ឋកិច្ចភាគច្រើន។ ពន្ធខ្ពស់ទៅមក ដែលត្រូវបានដាក់លើសេដ្ឋកិច្ចរាប់សិបប្រទេស ឥឡូវនេះត្រូវបានពន្យារពេលរយៈពេល ៩០ថ្ងៃ ដើម្បីផ្តល់ឱកាសឱ្យប្រទេសនានាចរចា។

យ៉ាងណាមិញ សញ្ញាវិជ្ជមានមួយចំនួនបានលេចចេញមក។ កាលពីថ្ងៃទី២២ ខែមេសា លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ល្បឿននៃការចរចាគឺលឿន។ ប្រទេសចំនួន១៨ បានធ្វើសំណើ ហើយក្រុមចរចាពាណិជ្ជកម្មរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គ្រោងជួបជាមួយប្រទេសចំនួន៣៤ នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីពន្ធ។ លោក ត្រាំ ក៏មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនអាចកាត់បន្ថយយ៉ាងខ្លាំង ជាពិសេសលើពន្ធគយនាំចូលសម្រាប់ប្រទេសនេះ៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង