- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-ណូអែល បាររ៉ូត៍ (Jean-Noël Barrot) បំពេញទស្សនកិច្ចជាលើកទី១ នៅអ៊ីរ៉ាក់។ ចេញពីអ៊ីរ៉ាក់ ប្រមុខទូតបារាំងបន្តទៅអារ៉ាប៊ីសាអូឌីតនិងកូវ៉ែត ដើម្បីបញ្ចុះបញ្ចូលផែនការសន្តិភាពនៅហ្កាហ្សា។ ពោលគឺរដ្ឋពីររស់នៅក្បែរគ្នា អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
អ៊ីរ៉ាក់មិនត្រូវបណ្តោយឲ្យធ្លាក់ខ្លួនក្នុងជម្លោះ ឬសង្គ្រាមណាមួយ ដែលអ៊ីរ៉ាក់មិនបានជ្រើសរើសដោយខ្លួនឯងនោះឡើយ។ នេះបើតាមការក្រើនរំឭករបស់ប្រមុខទូតបារាំង លោកហ្សង់-ណូអែល បាររ៉ូត៍ កាលនៅថ្ងៃពុធ ទី២៣មេសា។ នៅរដ្ឋធានីបាកដាដ ក្នុងសន្និសីទកាសែតរួមគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ រដ្ឋមន្ត្រីការបរទេសបារាំង ក៏បានថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបានខំប្រឹងរក្សាស្ថិរភាពក្នុងប្រទេស បើទោះបីជាតំបន់ដើមបូព៌ាទាំងមូល កំពុងតែរំជើបរំជួល យ៉ាងណាក្តី។
ប្រសាសន៍របស់ប្រមុខទូតបារាំងយ៉ាងដូច្នេះ គឺសំដៅទៅលើសង្គ្រាមនៅហ្កាហ្សា ផ្ទុះឡើងតាំងពីខែតុលា ឆ្នាំ២០២៣មក ដែលបានធ្វើឲ្យតំបន់ដើមបូព៌ាធ្លាក់ក្នុងវិបត្តិ តាមរយៈក្រុមប្រដាប់អាវុធ ដែលអះអាងគាំទ្រចលនាហាម៉ាសនិងក្រុមគាំទ្របុព្វហេតុឥស្លាមប៉ាឡេស្ទីន តួយ៉ាងក្រុមហេសបូឡាលីបង់ និងហ៊ូទីយេម៉ែន ជាដើម។ ម្យ៉ាងទៀត រដ្ឋមន្ត្រីការបរទេសបារាំងក៏ចង់សំដៅដល់ភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធយ៉ាងខ្លាំងក្លាលើតេហេរ៉ង់។ រដ្ឋមន្ត្រីការបរទេសបារាំង មិនចង់ឲ្យ អ៊ីរ៉ាក់ ប្រឡាក់ប្រឡូកក្នុងជម្លោះទាំងនេះឡើយ។ បារាំងបានជំរុញឲ្យអ៊ីរ៉ាក់គាំទ្រកិច្ចចរចាគ្នាដែលជាជម្រើសដំណោះស្រាយដ៏ល្អបំផុតសម្រាប់គ្រប់ជម្លោះទាំងឡាយ។
ភាគីអ៊ីរ៉ាក់វិញ ទាំងរដ្ឋមន្ត្រីការបរទេស និងទាំងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ សុទ្ធតែបានទទួលស្វាគមន៍ប្រមុខទូតបារាំងយ៉ាងកក់ក្តៅ ហើយថ្លែងទាំងអំណរ ថាទន្ទឹងរង់ចាំចង់ទទួលស្វាគមន៍ប្រមុខរដ្ឋបារាំង លោក អេម៉ានុយ អែលម៉ាក្រុង ថែមទៀត។ ថ្នាក់ដឹកនាំអ៊ីរ៉ាក់ បានអះអាងថា អ៊ីរ៉ាក់និងបារាំងមានគំនិតនិងជំហរស្រដៀងគ្នាចំពោះសំណុំបញ្ហានៅក្នុងតំបន់ដើមបូព៌ា។ នាពេលខាងមុខនេះ បារាំងនិងអ៊ីរ៉ាក់គ្រោងនឹងរៀបចំរួមគ្នា សន្និសីទអន្តរជាតិក្រុងបាកដាដ លើកទី៣ ដើម្បីស្ថិរភាពក្នុងតំបន់។ ក្រៅពីសហការផ្នែកសេដ្ឋកិច្ច បារាំងនិងអ៊ីរ៉ាក់ក៏មានកិច្ចសហការខាងយោធាជាមួយគ្នាដែរ ជាពិសេសគម្រោងប្រយុទ្ធប្រឆាំងអំពើភេរវកម្មជីហាត។
មុននឹងឈានជើងចេញពីទឹកដីអ៊ីរ៉ាក់ រដ្ឋមន្ត្រីការបរទេសបារាំងបានធ្វើដំណើរទៅតំបន់គួកឌីស្ថាន ប៉ែកខាងជើងអ៊ីរ៉ាក់ និងបានទទួលជួបមេៗដឹកនាំក្រុមជនជាតិភាគតិច។ បន្ទាប់មក ប្រមុខការទូតបារាំងអញ្ជើញទៅប្រទេសអារ៉ាប៊ីសាអូឌីត និងកូវ៉ែត។ ដំណើរទស្សនកិច្ច១ជុំតំបន់ដើមបូព៌ានេះ ក៏ដើម្បីត្រៀមជើងព្រួល រៀបចំផែនការសន្តិភាពនៅហ្កាហ្សា។
ដ្បិតថា នៅខែមិថុនា ខាងមុខនេះ ប្រទេសបារាំងនិងអារ៉ាប៊ីសាអូឌីត នឹងពួតដៃគ្នាធ្វើជាសហប្រធានរៀបចំដឹកនាំសន្និសីទអន្តរជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្រុងញូវយ៉ក់ ដើម្បីរកនីតិវិធី និងដំណោះស្រាយរដ្ឋពីរ ឈានទៅបិទបញ្ចប់ជម្លោះនៅហ្កាហ្សា។ ពោលគឺរដ្ឋពីររស់នៅក្បែរគ្នា អ៊ីស្រាអែលនិងប៉ាឡេស្ទីន៕
ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)
