- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី ព្រឹក

ក្នុងខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានទទូចជាថ្មី ឱ្យមានបទឈប់បាញ់ ទាំងស្រុង ភ្លាម និងដោយគ្មានលក្ខខណ្ឌ អនុប្រធានាធិបតីអាមេរិកលោក JD Vance បានអះអាង បែបដាក់ឱសានវាទ ថាអ៊ុយក្រែននិងរុស្ស៊ីចាំបាច់ត្រូវតែធ្វើសម្បទានទឹកដី ទើបរកសន្តិភាពឃើញ។ បើតាមអនុប្រធានាធិបតីរូបនេះ អាមេរិកបានលើកសំណើលម្អិតបង្ហាញក្រុងកៀវនិងម៉ូស្គូហើយ។ តើផែនការសន្តិភាពស្នើដោយអាមេរិកនេះមានខ្លឹមសារយ៉ាងណា?
គ្មានទេការប្រកាសបង្ហាញជាផ្លូវការនូវផែនការសន្តិភាពសម្រាប់អ៊ុយក្រែននិងរុស្ស៊ី ប៉ុន្តែបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីខ្លឹមសារដែលអាចមាននៅក្នុងផែនការសន្តិភាពស្នើឡើងដោយរដ្ឋបាលអាមេរិក។
បើតាមកាសែតWashington Post សហរដ្ឋអាមេរិកស្នើឱ្យទទួលស្គាល់ដែនដីគ្រីមេ ជាទឹកដីរុស្ស៊ី ដូចការទាមទាររបស់លោកប្រធានាធិបតីរុស្ស៊ីពូទីន។ ហើយបន្ថែមពីលើនេះទៀត ដែនដីភាគខាងកើតអ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ីទៅហើយ ដូចជា តំបន់Donetsk Kherson និងZaporijjia ក៏នឹងត្រូវក្លាយជារបស់រុស្ស៊ីដែរ។ នេះបើតាមបណ្តាញព័ត៌មានអនឡាញ Axios ដោយសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងការទាមទារដ៏ចម្បងមួយទៀតរបស់លោកពូទីន សហរដ្ឋអាមេរិកព្រមសន្យានៅក្នុងផែនការសន្តិភាព មិនឱ្យអ៊ុយក្រែនក្លាយជាសមាជិកអង្គការអូតង់ទេ។
តែអាចមានលទ្ធភាពត្រឹមចូលជាសមាជិកសហភាពអឺរ៉ុប។ Financial Times អះអាងថាលោកពូទីនបានទាមទារពីរចំណុចនេះ កាលពីដើមខែមេសា ក្នុងជំនួបជាមួយបេសកកជនអាមេរិក Steve Witkoff ដោយសន្យាបញ្ឈប់សកម្មភាពឈ្លានពាននិងបង្កកព្រំដែនរុស្ស៊ីត្រឹមខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន ជាថ្នូរ។
ទាក់ទងនឹងការរក្សាសន្តិសុខវិញ បណ្តាញAxiosសរសេរថា សហរដ្ឋអាមេរិកស្នើធានាសុវត្ថិភាពឱ្យអ៊ុយក្រែន តាមរយៈការបង្កើតក្រុមការពារដ៏ធំរឹងមាំ បែបក្រុមAd Hoc ដែលមានការចូលរួមពី ប្រទេសអឺរ៉ុបនិងប្រទេសមិនមែនអឺរ៉ុប ប៉ុន្តែគ្មានការលម្អិតអំពីដំណើរការរបស់ក្រុមនេះទេ និងមិនដូចការទាមទាររបស់អ៊ុយក្រែន ដែលតម្រូវឱ្យមានទាហានអាមេរិកចូលការពារដែរ។ យោងតាមវ៉ាស៊ីនតោនប៉ុស្តិ៍ កិច្ចព្រមព្រៀងអាមេរិកមានចារអំពីគម្រោងដកទណ្ឌកម្មចេញពីរុស្ស៊ី នាពេលអនាគត។
ឯអ៊ុយក្រែននឹងទទួលបានសំណងជំងឺចិត្ត ព្រមទាំងជំនួយសម្រាប់ស្តារប្រទេសឡើងវិញ ដោយគ្មានបញ្ជាក់អំពីនរណាជាម្ចាស់ផ្តល់ហិរញ្ញប្បទានទេ។ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មរ៉ែអ៊ុយក្រែន ក៏មានចែងក្នុងផែនការសន្តិភាពដែរ។ នេះបើតាមបណ្តាញAxiosដដែល ដែលបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ប្រឆាំងនឹងគំនិតរបស់លោកត្រាំដែលចង់ទុកមជ្ឈមណ្ឌលនុយក្លេអ៊ែរZaporijjiaឱ្យនៅជារបស់រុស្ស៊ី តែស្ថិតក្រោមអធិការកិច្ចអាមេរិក។
ការផ្សព្វផ្សាយព័ត៌មានជុំវិញផែនការសន្តិភាពអាមេរិកនេះធ្លាក់មក ក្រោយពីអនុប្រធានាធិបតីអាមេរិក JD Vance បានគំរាមបែបដាក់ឱសានវាទថា សហរដ្ឋអាមេរិកបានរៀបចំផែនការសន្តិភាពដែលមានពន្យល់យ៉ាងលម្អិតពីអ្វីដែលរុស្ស៊ីនិងអ៊ុយក្រែនត្រូវធ្វើដើម្បីអាចសម្រេចកិច្ចព្រមព្រៀងសន្តិភាព។ ប្រទេសពាក់ព័ន្ធទាំងពីរត្រូវព្រមទទួលយកសំណើសន្តិភាព ដោយចាំបាច់ត្រូវហ៊ានធ្វើសម្បទាននិងដោះដូរទឹកដីគ្នា បើពុំនោះទេ គឺអាមេរិកជាអ្នកដកខ្លួនចេញ។ នេះជាពាក្យដែលចេញពីបបូរមាត់អនុប្រធានាធិបតីអាមេរិក នៅថ្ងៃពុធទី២៣មេសា ពីប្រទេសឥណ្ឌា។
ជាប្រតិកម្មតប ប្រធានាធិបតីអ៊ុយក្រែន បានទទូចឱ្យមានបទឈប់បាញ់ ទាំងស្រុង ជាបន្ទាន់ភ្លាម និងដោយគ្មានលក្ខខណ្ឌ មុននឹងឈានដល់ការចរចារកសន្តិភាព។ ទទួលបានមកវិញនូវបូរណភាពទាំងស្រុងសម្រាប់អ៊ុយក្រែន ជាជំហរដ៏រឹងមាំរបស់អឺរ៉ុប ប៉ុន្តែអ៊ុយក្រែនជាអ្នកសម្រេចអំពីជោគវាសនាអនាគតខ្លួនឯង។ នេះបើតាមជាទស្សនៈរបស់អង់គ្លេស។ សូមរំលឹកថា អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបធ្លាប់ទាមទារយកពុំចែកដែនដីដូចមុនឆ្នាំ២០១៤ តែរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ថាជារឿងដែលមិនអាចត្រលប់បានវិញទេ៕
ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា)
