- ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១០:២៩ នាទី យប់

ក្រុមបាល់ទាត់អ៊ូសបេគីស្ថាន អាយុក្រោម ១៧ឆ្នាំ U17 ទទួលបានរង្វាន់លើកទឹកចិត្តជារថយន្តម្នាក់ ១គ្រឿង ពីសំណាក់រដ្ឋាភិបាលអ៊ូសបេគីស្ថាន ក្រោយពីពួកគេដណ្តើមបានតំណែងជើងឯកពានរង្វាន់ U17 Asian Cup ឆ្នាំ ២០២៥។
ក្រុមកីឡាករវ័យក្មេងអ៊ូសបេគីស្ថាន បានវិលត្រឡប់ទៅដល់ទឹកដីកំណើតរបស់ពួកគេវិញ ព្រមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ស្ថិតក្នុងអាកាសយានដ្ឋាន Tashkent International កាលពីថ្ងៃទី២១ មេសា ក្រោយពីបញ្ចប់ការប្រកួតទាំងស្រុងនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ពេលពិធីស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម ១៧ឆ្នាំ អ៊ូសបេគីស្ថាន ក៏មានការចូលរួមពីសំណាក់ នាយករដ្ឋមន្ត្រី លោក Abdulla Aripov ដោយផ្ទាល់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូបង្វឹក និងកីឡាករ។ លោក Aripov នាយករដ្ឋមន្ត្រីអ៊ូសបេគីស្ថាន ក៏បានកោតសរសើរ និងអបអរដល់សមិទ្ធផលដែលក្រុមយុវជនសម្រេចបាន។
គ្រូបង្វឹកក្រុមលោក Islombek Ismoilov ទទួលបានមេដាយកិត្តិយសជាគ្រូបង្វឹកល្អប្រចាំអ៊ូសបេគីស្ថាន (Honored Coach of Uzbekistan) និងកីឡាករអាយុក្រោម ១៧ឆ្នាំ របស់អ៊ូសបេគីស្ថានទាំងអស់ ទទួលបានមេដាយកិត្តិយលផ្នែកកីឡាសម្រាប់ពេលអនាគត (Creator of The Future) ជាមេដាយកីឡាកម្រិតខ្ពស់ប្រចាំប្រទេសរបស់ពួកគេ។
លើសពីការផ្តល់មេដាយកិត្តិយស ទាំងគ្រូបង្វឹក និងកីឡាករ ថែមទាំងទទួលបានរថយន្តទំនើបម្នាក់ ១គ្រឿង ជាការលើកទឹកចិត្តពីរដ្ឋាភិបាលអ៊ូសបេគីស្ថាន។ ក្រុមកីឡាករដែលមានអាយុក្រោម ១៧ឆ្នាំ សុទ្ធសឹងតែមិនទាន់គ្រប់អាយុក្នុងការបើកបរ ដោយរថយន្តទាំងនោះតម្រូវឱ្យក្រុមគ្រួសាររបស់ពួកគេមកទទួលជំនួស។
នៅការប្រកួតពានរង្វាន់ U17 Asian Cup ឆ្នាំ ២០២៥ ដែលអារ៉ាប៊ីសាអូឌីតធ្វើម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ឆ្លងកាត់ការប្រកួតដោយមិនចាញ់នោះឡើយ។ នៅវគ្គចែកពូលពួកគេបានផ្តួលក្រុមអាយុក្រោម ១៧ឆ្នាំ ថៃ លទ្ធផល ៤-១, ចិន ២-១ និងម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ៣-០។ ចូលវគ្គ ៨ក្រុម ពួកគេបន្តឈ្នះ អេមីរ៉ាត់អារ៉ាប់រួម លទ្ធផល ៣-១ បន្តទម្លាក់កូរ៉េខាងជើងលទ្ធផល ៣-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់មកយកឈ្នះអារ៉ាប៊ីសាអូឌីតជាថ្មីលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ការឈ្នះពាន U17 Asian Cup បានផ្តល់ឱ្យក្រុមអាយុក្រោម ១៧ឆ្នាំ អ៊ូសបេគីស្ថាន ទទួលបានកៅអីស្វ័យប្រវត្តិមួយទៅកាន់ការប្រកួតពានរង្វាន់ពិភពលោកអាយុក្រោម ១៧ឆ្នាំ U17 World Cup ឆ្នាំ ២០២៥ ដែលនឹងរៀបចំឡើងនៅក្នុងខែវិច្ឆិកា នៅប្រទេសកាតា៕
អ្នកសរសេរអត្ថបទ
អ្នកយកព័ត៌មានកីឡា
