- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ «ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាពិធីសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ។
ក្នុងវិស័យសុខាភិបាល ត្រូវការឱសថសម្រាប់ព្យាបាលរោគនានា ទាំងវេជ្ជសាស្រ្តទំនើប និងវេជ្ជសាស្រ្តបូរាណ។ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចាត់ទុកវេជ្ជសាស្រ្តបូរាណ ជាផ្នែកមួយដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់។
ក្នុងពិធីជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ កាលពីថ្ងៃទី២៣ មេសា លោករដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ បង្កើនសមត្ថភាពរបស់ខ្លួន។ បើតាមលោក ឈាង រ៉ា មន្រ្តីទាំងអស់ ត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងដូច្នេះ៖«ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់ មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត»។
បើទោះបីវេជ្ជសាស្រ្តនាពេលបច្ចុប្បន្នមានភាពជឿនលឿន ប៉ុន្តែក្រសួងសុខាភិបាល នៅតែផ្ដល់តម្លៃដល់ផ្នែកវេជ្ជសាស្រ្តបូរាណ។ សម្រាប់លោក ឈាង រ៉ា មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការទាំងឡាយ ដោះស្រាយរាល់បញ្ហាដែលជួបប្រទះឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។ នេះបើតាមក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ជាអង្គភាពថ្នាក់ជាតិ ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕
