ជនជាតិវៀតណាម ២០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៤ នាទី ព្រឹក
ជនជាតិវៀតណាម ២០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ជនជាតិវៀតណាមសរុបចំនួន២០នាក់ ក្នុងនោះស្រី៥នាក់ ត្រូវបាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ បណ្តេញចេញពី​កម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា តាម​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

បើតាមការផ្សាយរបស់ អគ្គនាយកអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំង២០នាក់នោះ គឺមានជាប់ពាក់ព័ន្ធនឹង ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និង​គ្មានលិខិតឆ្លងដែន), ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាមដែលត្រូវបានបណ្តេញ ពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់, ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៧នាក់ ,  ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់  និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន៩នាក់៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ