កម្ពុជា-កូរ៉េខាងត្បូង ដាក់ដំណើរការប្រព័ន្ធចែករំលែកឥណទាន ដើម្បីឲ្យពលរដ្ឋប្រទេសទាំងពីរងាយស្រួលទទួលកម្ចី
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១២:១៩ នាទី រសៀល
កម្ពុជា-កូរ៉េខាងត្បូង ដាក់ដំណើរការប្រព័ន្ធចែករំលែកឥណទាន ដើម្បីឲ្យពលរដ្ឋប្រទេសទាំងពីរងាយស្រួលទទួលកម្ចី
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ CBC, លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (កណ្តាល) និងលោក Hwang JongSup នាយកប្រតិបត្តិនៃក្រុមហ៊ុន KCB (ខាងស្តាំ) ក្នុងកម្មវិធីដាក់ឱ្យដំណើរការចែករំលែករបាយការណ៍ព័ត៌មាន។

កម្ពុជា និងកូរ៉េខាងត្បូងបានប្រកាសដាក់ឲ្យដំណើរប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាជាង ៥ម៉ឺននាក់ ដែលកំពុងរស់នៅកូរ៉េខាងត្បូង និងប្រជាជនកូរ៉េជាង ១ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

TTN-Free-Banner-In-Article-PC

ការដាក់ឲ្យដំណើរការចែករំលែករបាយការណ៍ឥណទានរវាងកម្ពុជា និងកូរ៉េខាងត្បូង ធ្វើឡើងរវាងក្រុមហ៊ុន ក្រេឌី ប្យូរ៉ូ ខេមបូឌា (CBC) និងក្រុមហ៊ុន កូរ៉េ ក្រេឌីត ប្យូរ៉ូ (KCB) នៅថ្ងៃទី២៥ ខែមេសា ដែលមានគោលដៅបង្កើនប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងជំរុញការបង្កើតថ្មីជុំវិញការផ្តល់ឥណទានឆ្លងព្រំដែន។

 កូរ៉េខាងត្បូង គឺជាទីផ្សារការងារធំបំផុតទីពីរសម្រាប់ពលករកម្ពុជា ស្របពេលប្រទេសមួយនេះក៏ជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាផងដែរ។ ទន្ទឹមនេះ ធុរកិច្ចកូរ៉េក៏បន្តវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប ៤១៤គម្រោង មានតម្លៃសរុបប្រមាណ ៦,៩ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុនកូរ៉េខាងត្បូងដែលបណ្តាក់ទុនរកស៊ីនៅកម្ពុជាមានប្រហែល ០,២៣ភាគរយនៃតម្លៃសរុប ឈរនៅលំដាប់ទី១២ ។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។  លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន CBC បានលើកឡើងថា ការចែករំលែករបាយការណ៍ឥណទានពិតជាមានសារៈសំខាន់ នៅក្នុងបរិបទនៃការផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងមាននិន្នាការកើនឡើង។ លោកបញ្ជាក់ថា ភាគីទាំងពីរនឹងចែករំលែកបច្ចេកវិទ្យាទៅមកដូចជា ការវិភាគព្យាករ ក្នុងសេវាកម្មឥណទាន ការអនុវត្តទន្និន័យបើកចំហសម្រាប់ការត្រួតពិនិត្យឥណទាន និងការប្រមូលទិន្នន័យក្រោយ ការដាក់ឲ្យកម្ចីជាដើម។ ជាពិសេស កិច្ចសហការទ្វេភាគី នឹងផ្តល់ភាពងាយស្រួល សម្រាប់ការផ្តល់កម្ចីរវាងពលរដ្ឋខ្មែរដែលកំពុងរស់នៅ ប្រទេស កូរ៉េខាងត្បូង និងពលរដ្ឋកូរ៉េរស់នៅកម្ពុជា។ 

«វាក៏ចូលរួមលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាជាង ៥ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ និងប្រជាជនកូរ៉េជាង ១ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា»។ លោក អឿ សុធារ័ត្ន បញ្ជាក់ដូច្នេះ។ 

លើសពីនេះ ការចែកប្រព័ន្ធទិន្នន័យរវាងប្រទេសទាំងពីរ នឹងផ្តល់ឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់ប្រភពទិន្នន័យថ្មីបន្ថែមទៀត ការវាយតម្លៃហានិភ័យដ៏រឹងមាំ និងការគ្រប់គ្រងផលប័ត្រ។

លោក Hwang JongSup នាយកប្រតិបត្តិនៃក្រុមហ៊ុន KCB បាននិយាយថា ៖« ខ្ញុំមានមោទនភាពណាស់ក្នុងការបើកដំណើរការសេវាកម្មនេះ ជាមួយដៃគូរបស់យើង CBC។ ខ្ញុំប្រាកដថា វានឹងជួយអ្នកប្រើប្រាស់ឱ្យទទួលបានឥណទានកាន់តែប្រសើរឡើង នៅពេលមានការចែករំលែករបាយការណ៍ឥណទានជាមួយប្រទេសផ្សេង។»។

នាយកប្រតិបត្តិក្រុមហ៊ុនកូរ៉េខាងត្បូងរូបនេះ បានប្តេជ្ញានឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់សេវាកម្មឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ 

តំណាងពីធនាគារជាតិកម្ពុជាក៏បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនាពេលនេះ គឺជាការឈរលើសក្ខីភាព និងការលះបង់ជំនាញ ក៏ដូចជាភាពជាដៃគូជាមួយប្រជាជាតិកូរ៉េ និងកម្ពុជា។ 

លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានរំលឹកនូវដំណើរការដែលឈានដល់ថ្ងៃដាក់ដំណើរការចែករំលែករបាយការណ៍ឥណទាននៅពេលនេះគឺ ដំបូងឡើយ កាលពី ២០២៤ ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ទ្វេភាគីជាមួយកូរ៉េចំនួន ៣ដាច់ដោយឡែក។ ទន្ទឹមនោះក្រុមហ៊ុន CBC បានចុះហត្ថលេខាលើ MOU ជាមួយ KBC និង JB Bank ផ្តោតលើការចែករំលែករបាយការណ៍ឥណទានឆ្លងព្រំដែន។

បន្ថែមពីនេះ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះ មានសុទិដ្ឋិនិយមចង់ឲ្យក្រុមហ៊ុន CBC ពង្រីកកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសអាស៊ានផ្សេងទៀតនាពេលខាងមុខ។

ធនាគារជាតិនៃកម្ពុជា​ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ចំនួន៣ ជាមួយស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១៦ឧសភា។​ ក្នុងនោះ ធនាគារជាតិ បានចុះអនុស្សរណៈជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.), ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងជាមួយធនាគារអ៊ូរី (Woori Bank)​៕ 


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង