នរណាខ្លះចេះតែគេងមិនលក់! ប្រយ័ត្នមាន​បញ្ហា​សុខភាព​ទាំងនេះ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
នរណាខ្លះចេះតែគេងមិនលក់! ប្រយ័ត្នមាន​បញ្ហា​សុខភាព​ទាំងនេះ

ការ​គេង​មិន​គ្រប់​មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​បាក់​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ចំពោះ​សុខភាព​ផង​ដែរ ។ ថា​តើ​ការ​គេង​មិន​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​នឹង​បង្ក​បញ្ហា​អ្វី​ខ្លះទៅ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​អាច​នឹង​កើតឡើង​ប្រសិនបើ​អ្នក​គេង​មិន​គ្រប់​ជា​ប្រចាំ ៖

TTN-Free-Banner-In-Article-PC

១. ពិបាក​ផ្ដោតអារម្មណ៍

យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​បានឱ្យ​ដឹង​ថា កង្វះ​នៃ​ការ​គេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណើរ​មុខងារ​នៃ​ខួរក្បាល ដោយ​ភាព​ហត់នឿយ​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ដោតអារម្មណ៍ និង​ចង​ចាំ​ព​ត៌​មាន​ផ្សេង​ៗ​។

២. សុខភាព​ផ្លូវចិត្ត

ការ​គេង​មិន​គ្រប់​ក៏​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ជាមួយ​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ថប់​បារម្ភ​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក NCBI បានឱ្យ​ដឹង​ថា អ្នក​ដែល​គេង​បាន​តិច​ជាង ៦ ម៉ោង​រាល់​យប់ គឺ​ហាក់ដូចជា​ងាយ​នឹង​វិ​វត្ត​ទៅ​ជា​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្តច្រើន​ជាង​អ្នក​ដែល​បាន​គេង​គ្រប់គ្រាន់​ដល់​ទៅ ៥ ដង​ឯណោះ​។

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់

ក្រៅពី​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ច្រើន​ហើយ​នោះ បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​បណ្ដាល​មក​ពី​កង្វះ​នៃ​ការ​គេង​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក NCBI បានឱ្យ​ដឹង​ថា ប្រមាណ​ជា ៩០ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​គ្រប់ ឬ​មាន​ជំងឺ​គេង​មិន​លក់​នឹង​អាច​ជួប​ប្រទះ​នូវ​បញ្ហា​សុខភាព​គួរ​អោយ​បារម្ភ​ជា​ច្រើន រួម​ទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

៤. ជំងឺ​ស​សៃ​ឈាម​បេះដូង និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល

ការ​គេង​មិន​គ្រប់​អាច​រារាំង​ឈាម​មិន​ឱ្យ​រត់​បាន​ត្រឹមត្រូវ ហើយ​វា​ជា​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​ឈាមកក​កើត​មាន​ឡើង​។ ឈាមកក​នោះ​អាច​ចរាចរ ហើយ​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ដែល​ជា​អ្វីមួយ​អាច​នាំ​ឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​កាន់​ផ្នែក​មួយ​នៃ​ខួរក្បាល នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន​។

៥. ជំងឺ​ធាត់​ជ្រុល

ផល​ប៉ះពាល់​មួយ​ផ្សេង​ទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្ក​បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅ​ពេល​គេង​មិន​បាន​គ្រប់គ្រាន់​រាង​កាយ​នឹង​មិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាច​អោយ​ខួរក្បាល​បានដឹង​ថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។

៦. ជំងឺ​ទឹកនោមផ្អែម

អ​តុល្យភាព​នៃ​អ័រម៉ូន​ដោយសារ​ការ​គេង​មិន​គ្រប់​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន​ផង​ដែរ
។ បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​ជាមួយ​អាំង​ស៊ុ​យ​លី​អាច​បណ្ដាល​អោយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ខ្ពស់​គ្រប់ពេល ហើយ​អ្នក​ប្រាកដជា​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​មិន​ខាន​៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ