អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អុីស្រាអែល
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៧ នាទី រសៀល
អេស្ប៉ាញ​ផ្តាច់កិច្ចសន្យាទិញ​លក់​អាវុធជាមួយ​​អុីស្រាអែល
នាយរដ្ឋមន្ត្រី Pedro Sánchez (ស្តាំ) និង​ប្រមុខ​ដឹកនាំចលនាប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់(ឆ្វេង) នៅ​ក្រុង​ម៉ាឌ្រីដ ក្នុងឆ្នាំ២០២៤។

ដើម្បី​ពង្រឹងការគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន រដ្ឋាភិបាល​អេស្ប៉ាញ បានប្រកាស​​ផ្តាច់​កិច្ចសន្យាទិញ​លក់គ្រឿង​សព្វាវុធ​ជាមួយ​​ក្រុម​ហ៊ុន​អ៊ីស្រាអែល​។ ការ​សម្រេច​ចិត្ត​នេះ បាន​បង្កភាព​មិនពេញចិត្ត​ពីសំណាក់​អ៊ីស្រាអែល ហើយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ ក៏​មិន​សប្បាយចិត្ត​ប៉ុន្មា​ន​ដែរ​ ព្រមទាំងបាន​​បញ្ចេញប្រតិកម្ម​រិះគន់​ជាខ្លាំង​។​

TTN-Free-Banner-In-Article-PC

ជាឯកតោភាគី រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បាន​សម្រេច​ចិត្ត​ផ្តាច់​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន​ផលិត​អាវុធ​របស់​អ៊ីស្រាអែល ឈ្មោះថា​​ IMI Systems Ltd ដែល​​តំណាង​ដោយសហគ្រាសផលិត​គ្រឿង​អាវុធ​​ Guardian Defense and Homeland Security S.A.។ កុងត្រាទិញលក់​គ្រាប់​កាំភ្លើង​នេះ មា​នតម្លៃ ៦,៨ លាន​ដុល្លារ។

រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ​ពន្យល់​ជាផ្លូវការ ថា ​សម្ព័ន្ធបក្ស​ឆ្វេង​និយម និងគណបក្ស​សង្គមនិយម ក្នុង​ជួរ​រដ្ឋាភិបាលចម្រុះ​​របស់​នាយរដ្ឋមន្ត្រី Pedro Sánchez ​ បាន​បន្ត​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុខមាំ​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន។​ ក្នុងន័យ​នេះហើយដែល​ចាប់ពី​ដើមខែ​តុលា ២០២៣មក រដ្ឋាភិបាល​អេស្ប៉ាញ មិន​ទិញ និង និង​មិន​លក់​អាវុធ​ជាមួយក្រុម​ហ៊ុន​​អ៊ីស្រាអែ​ល​នោះឡើយ ហើយ​ទៅ​ថ្ងៃ​អនាគត អេស្ប៉ាញ​ក៏​នឹង​មិន​លក់ដូរ​គ្រឿង​សព្វាវុធ​​ជាមួយ​អ៊ីស្រាអែល​ ទៀត​នោះ​ដែរ​។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់​​រដ្ឋាភិបាល​អេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ ទី​២៤មេសា​។​

ជាការ​រំឭក រដ្ឋាភិបាល​អេស្ប៉ាញ ដឹកនាំដោយ​នាយរដ្ឋមន្ត្រី​ Pedro Sánchez បាន​ប្រកាស​ទទួល​ស្គាល់​ រដ្ឋប៉ាឡេស្ទីន ក្នុង​ខែ​មេសា ឆ្នាំ២០២៤។ ការណ៍​នេះ បា​នធ្វើ​ឲ្យ ភាគី​​អ៊ីស្រាអែល​ មិន​សប្បាយចិត្ត​ជាខ្លាំង ហើយ​ទំនាក់ទំនង​កិច្ចការបរទេស​រវាង​អេស្ប៉ាញនិងរដ្ឋាភិបាលអ៊ីស្រាអែល​​របស់លោក ​បេនចាមិន នេតាន់យ៉ាហ៊ូ ត្រូវ​ជួបប្រទះភាព​តាន​តឹង​នឹងគ្នាជាខ្លាំង​។

សង្គ្រាម​នៅ​ហ្កាហ្សា ផ្ទុះ​ឡើងនៅថ្ងៃ​ទី​៧ ខែតុលា​ ឆ្នាំ២០២៣ ​ព្រោះតែ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស បង្កភេរវកម្ម​ សម្លាប់​និង​ចាប់ខ្លួន​ពលរដ្ឋអ៊ីស្រាអែល សរុប​ជាង ១ ២០០ នាក់​។ ជាការឆ្លើយតប​ កងទ័ព​អ៊ីស្រាអែល បាន​បើ​កប្រតិបត្តិការ​យោធា​ ដើម្បី​បោសសម្អាត​ក្រុម​ហាម៉ាស​នៅលើ​តំបន់​ហ្កាហ្សា និង​ស៊ីហ្ស័កដានី ហើយ​​ដែល​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន ប្រមាណ ៥១ ០០០ នាក់។ នេះបើតាម​ប្រភព​ពី​អាជ្ញាធរសុខាភិបាល​ហាម៉ាស ហើយ​​អង្គការ​សហប្រជាជាតិ ក៏ជឿទុកចិត្ត​ចំពោះ​​តួលេខ​ជនរងគ្រោះប៉ាឡេស្ទីន​​នេះដែរ​​។​

ទោះម្តេចក្តី ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ ក៏​បា​នផ្តល់​ដំណឹងអំពីការ​ខាតបង់​ថវិកាជាតិ​ព្រោះតែ​ផ្តាច់​កិច្ចសន្យា។ ​ក្រសួងមហាផ្ទៃអេស្ប៉ាញ ជូន​យោបល់​ទៅរដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីដ ថា​ការ​សម្រេច​ចិត្ត​ផ្តាច់​កុង​ត្រានេះ នឹងនាំឲ្យ​ខូច​ប្រយោជន៍​អេស្ប៉ាញ ដ្បិត​ថា អេស្ប៉ាញ​អាច​នឹង​ប្រឈម​បង់ថ្លៃ​​ ដោយ​ត្រូវចំណាយ​លុយ​ឲ្យ​ក្រុម​ហ៊ុន​អ៊ីស្រាអែល និង​មិន​បា​នទទួល​អាវុធមកវិញ​​ទៅទៀត។ ក៏ប៉ុន្តែ មន្ត្រីជាន់​ខ្ពស់ផ្សេងៗទៀត​របស់​​រដ្ឋាភិបាល​អេស្ប៉ាញ បាន​អះអាង​ថា កុំ​ខ្វល់រឿង​ខាត​លុយ​កាក់​ខ្លះ​នោះ​ តែផ្ទុយទៅវិញ ​ត្រូវពន្លឿន​នីតិវិធី​ដើម្បីបញ្ចប់​រឿង​នេះ ឲ្យ​បាន​កាន់តែ​ឆាប់៕

ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other