ចិនចាក់ប្រាក់ជិត ៧០ពាន់លានដុល្លារ ទៅធនាគារពាណិជ្ជដើម្បីគាំទ្រសេដ្ឋកិច្ច
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
ចិនចាក់ប្រាក់ជិត ៧០ពាន់លានដុល្លារ ទៅធនាគារពាណិជ្ជដើម្បីគាំទ្រសេដ្ឋកិច្ច
រូបភាព ៖ Xinhua

ធនាគារកណ្តាលចិនបានចាក់បញ្ចូលទឹកប្រាក់ជិត ៧០ពាន់លានដុល្លារទៅក្នុងធនាគារក្នុងខែនេះ ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីចុងឆ្នាំ ២០២៣ ក្នុងគោលដៅជំរុញការប្រើប្រាស់ប្រជាជនក្នុងស្រុក។

TTN-Free-Banner-In-Article-PC

ធនាគារប្រជាជនចិន (PBOC) នៅថ្ងៃទី២៤ ខែមេសា បានប្រកាសថានឹងបញ្ចូលទឹកប្រាក់បន្ថែមចំនួន ៦០០ពាន់លានយ័ន (ប្រមាណ៨២,៣ពាន់លានដុល្លារ) ទៅក្នុងធនាគារពាណិជ្ជ តាមរយៈការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមរយៈពេលមួយឆ្នាំ (MLF) របស់ខ្លួន។

ក្នុងខែមេសា PBOC បានចាក់បញ្ចូលទឹកប្រាក់សុទ្ធចំនួន ៥០០ពាន់លានយ័ន (ជាង ៦៨ពាន់លានដុល្លារ) តាមរយៈ MLF ។ តួលេខនេះមានទំហំធំជាងខែមុនច្រើនដង (៦៣ពាន់លានយ័ន) ហើយក៏ជាចំនួនធំបំផុតផងដែរចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣។ 

ថ្លែងប្រាប់សារព័ត៌មានចិន Xinhua លោក Wang Qing ដែលជាប្រធានអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Golden Credit Rating បានលើកឡើងថា នេះជាសញ្ញាមួយដែល PBOC កំពុងរក្សាស្ថិរភាពកំណើនតាមរយៈគោលនយោបាយរូបិយវត្ថុ។

MLF ត្រូវបានដាក់ដំណើរការដោយ PBOC នៅក្នុងឆ្នាំ២០១៤ ដើម្បីជួយធនាគារគោលនយោបាយ និងធនាគារពាណិជ្ជរក្សាសាច់ប្រាក់ងាយស្រួល។ ក្នុងនោះ ធនាគារនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់មូលបត្រជាវត្ថុបញ្ចាំដើម្បីខ្ចីពីធនាគារកណ្តាល។

វិនិយោគិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់អាជ្ញាធរចិន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់អាម៉េរិក។ មកទល់នឹងពេលនេះ អាម៉េរិកបានដាក់ពន្ធនាំចូល ១៤៥ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន។ ទំនិញខ្លះមានរហូតដល់២៤៥ភាគរយ។ ចិនក៏បានសងសឹកវិញជាមួយនឹងពន្ធនាំចូល ១២៥ភាគរយលើទំនិញរបស់អាម៉េរិក។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​ អាច​ទាញ​កំណើន​សេដ្ឋកិច្ច​ទាំង​ប្រទេសទាំងពីរឲ្យធ្លាក់ចុះ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ផលិតក្នុងស្រុកសរុប (GDP) របស់អាម៉េរិកនឹងកើនឡើងត្រឹមតែ១,៨ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,៨ភាគរយ កាលពីឆ្នាំមុន។ ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​​ចិន​សម្រាប់​ឆ្នាំ​នេះ​មាន​ត្រឹម​តែ ​៤ភាគរយ​ប៉ុណ្ណោះ​ គឺ​ទាប​ជាង​ការ​រំពឹង​ទុក​ក្នុង​ខែ​មករា​ដែល​មាន​ដល់ ៤,៦ភាគរយ។

មន្ត្រីចិនកំពុងកំណត់គោលដៅកំណើនប្រហែល ៥ភាគរយនៅឆ្នាំនេះ។ សន្ទុះនេះត្រូវបានចាត់ទុកថាមានមហិច្ឆតាខ្លាំង ក្នុងបរិបទដែលប្រទេសនេះប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ពីការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុក វិបត្តិអចលនទ្រព្យអូសបន្លាយរហូតដល់ភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក។ សេដ្ឋវិទូនៅធនាគារ Morgan Stanley បានព្យាករថា កំណើនសេដ្ឋកិច្ចចិននឹងធ្លាក់ចុះយ៉ាងខ្លាំងពីត្រីមាសទីពីរ បន្ទាប់ពីកំណើន ៥,៤ភាគរយនៅក្នុងត្រីមាសទីមួយ។

ការិយាល័យនយោបាយចិន គ្រោងនឹងមានជំនួបប្រជុំមួយនៅខែនេះ។ បញ្ហា​មួយ​ដែល​អាច​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ​គឺ​គោលនយោបាយ​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ដែល​ផ្លាស់ប្តូរ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក។

កន្លងមកមានព័ត៌មានលេចឡើងថា ធនាគារ​ពាណិជ្ជនៅ​ចិន​ បានជួបការលំបាកក្នុងការទទួលបានហិរញ្ញវត្ថុ ដោយ​​សម្រុក​ចូល​ទៅ​ទិញ​មូលបត្រ​បំណុល​រដ្ឋាភិបាល ស្របពេលមាន​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​បាន​បរាជ័យ​ ដើម្បីរុញតម្រូវ​ការ​កម្ចី​របស់​អតិថិជន។

ប្រាក់កម្ចីថ្មីសរុបក្នុងរយៈពេល១១  ខែរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង២០ភាគរយ មកនៅត្រឹម ១៧,១ទ្រីលានយ័ន (២,៣៣ទ្រីលានដុល្លារ) ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ PBOC៕


អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។   Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy. 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង