ក្រសួងប្រកាសរើសបេក្ខជនឆ្នើម៤រូបតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួត​អាស៊ានសាយប័រស៊ីហ្គេម នៅថៃ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ក្រសួងប្រកាសរើសបេក្ខជនឆ្នើម៤រូបតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួត​អាស៊ានសាយប័រស៊ីហ្គេម នៅថៃ
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ MPT

ភ្នំពេញ៖ សិស្ស-និស្សិត អាចដាក់ពាក្យចូលរួមប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥(Cambodia National Cybersecurity Competition 2025) ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១៨ ខែឧសភា។  ការប្រកួតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតវគ្គអាស៊ាន និងវគ្គអាស៊ានសាយប័រស៊ីហ្គេម នៅប្រទេសថៃ។

TTN-Free-Banner-In-Article-PC


គោលដៅ ដែលក្រសួងប្រៃសណីយ៍ រៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥នេះឡើង  ដើម្បីជំរុញការយល់ដឹង ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការលើកកម្ពស់មូលធនឌីជីថលក្នុងវិស័យនេះ។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងត្រូវធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។​

ក្រសួងប្រៃសណីយ រៀបចំការប្រកួតប្រជែងនេះឡើង ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។

ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ជាកម្មវិធីប្រកួតប្រជែងលក្ខណៈបុគ្គលដោយតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity Challenges) ទៅលើដែន។ ដូចជា៖​ វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័្ចយ (Forensics) ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ Binary(Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា «Flag» ដែលលាក់នៅក្នុងលំហាត់នីមួយៗ។ 

​បេក្ខភាពដែលអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខាងលើបានត្រូវមានអាយុក្រោម ២៥ ឆ្នាំ (ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ), ការចូលរួមប្រកួតជាលក្ខណៈបុគ្គល, ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវ និងពេញលេញ និងត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងបានតាមរយៈតំណភ្ជាប់ go.gov.kh/mptc/cncc2025  រហូតដល់ថ្ងៃទី១០ ខែឧសភា។​

បើតាមក្រសួងប្រៃសណីយ៍​ បេក្ខជន បេក្ខនារីទាំងអស់ នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ពោល តាមរយៈវគ្គជម្រុះនេះ គឺក្រសួង យកតែបេក្ខជន បេក្ខនារីចំនួន១០០រូបប៉ុណ្ណោះ នៅកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងដំណើរការនៃការប្រកួតនេះ ក្រសួងប្រៃសណីយ៍នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង១០០រូប ដែលបានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្ត។ ក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២លានរៀល, លេខ ២ ទទួលបាន ១,៥លានរៀល ,លេខ ៣ នឹងទទួលបានថវិកា១លានរៀល, លេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់៥០ម៉ឺនរៀល។

ចូលដល់វគ្គទី២ ក្រសួងប្រៃសណីយ៍ នឹងជ្រើសរើសបេក្ខជនបេក្ខនារីចំនួន ១៥រូបបន្ថែម ពីលើបេក្ខជនជ័យលាភីចំនួន៥រូបខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។

រហូតដល់វគ្គទី៣  បេក្ខជន-បេក្ខនារីឆ្នើមចំនួន៤រូប ក្នុងចំណោមបេក្ខភាពទាំង២០រូបនេះនឹងត្រូវជ្រើសរើសដោយការប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាអ្នកតំណាងកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ៕ 


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ