ផលនេសាទស្ទើរមិនរួចសាំងទូក កុមារ បេង សុធារិទ្ធ ស្រវាការអប់រំឡើងវិញ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:១៩ នាទី យប់
ផលនេសាទស្ទើរមិនរួចសាំងទូក កុមារ បេង សុធារិទ្ធ ស្រវាការអប់រំឡើងវិញ
ក្នុងចំណោម អ្នកនេសាទជាច្រើន នៃឃុំព្រៃចាស់ លោក មូល រ៉ូ និងប្រពន្ធឈ្មោះ ហ៊ុន ហ៊ីង ពឹងផ្អែកទំាងស្រុង លើរបរនេសាទ។ លោក មូល រ៉ូ និងភរិយា ប្រឹងប្រែងគ្រប់យ៉ាង ដើម្បីផ្គត់ផ្គង់ថវិកាឱ្យកូនពៅបានរៀនបន្ត។

បាត់ដំបង៖ នៅស្រុកស្រែចម្ការ ម៉ោង៤ទៀបភ្លឺ សំឡេងមាន់រងាវ ដាស់អ្នកស្រុកក្រោកពីដំណេក​។ នៅស្ទឹងសង្កែ ព្រះអាទិត្យមិនទាន់បញ្ចេញពន្លឺនៅឡើយ សំឡេងម៉ាស៊ីនស្មាច់បើក ទៅម កដាស់មនុស្សម្នា ឱ្យភ្ញាក់ពីដំណេក។ ព្រលឹមស្រាងៗ អ្នកនេសាទបើកទូកពីត្រើយម្ខាង ផ្ទុកដោយត្រីយកមកលក់ ឱ្យឈ្មួញ។ ចំណែកអ្នកនេសាទផ្សេងទៀត បន្តនេសាទនាពេលព្រឹកនៅតាមស្ទឹងសង្កែ ក្នុងឃុំព្រៃចាស់។

TTN-Free-Banner-In-Article-PC

ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ មានប្រជាជនប្រមាណ ១ ៥០០​នាក់ រស់នៅភូមិបណ្តែតទឹក ភាគពាយព្យ ​នៃខេត្តបាត់ដំបង។ ហ្វូងមច្ឆា ជាប្រភពចំណូលរបស់ប្រជានេសាទ។ ផ្ទះបណ្តែតលើជលសា ទូកស្មាច់ និងឧបករណ៍នេសាទ ជាទ្រព្យសម្បត្តិសំខាន់ជាងគេ។ ត្រីច្រើន ចំណូលកើន ត្រីថយចុះ ចំណូលថយចុះ។ ក្នុងចំណោម អ្នកនេសាទជាច្រើន នៃឃុំព្រៃចាស់ លោក មូល រ៉ូ និងប្រពន្ធឈ្មោះ ហ៊ុន ហ៊ីង ពឹងផ្អែកទំាងស្រុង លើរបរនេសាទ។ លោក មូល រ៉ូ និងភរិយា ប្រឹងប្រែងគ្រប់យ៉ាង ដើម្បីផ្គត់ផ្គង់ថវិកាឱ្យកូនពៅបានរៀនបន្ត។ 

 អ្នកស្រី ហ៊ុន ហ៊ីង ម្តាយរបស់បេង សុធារិទ្ធ

ជារៀងរាល់ថ្ងៃ គ្រួសារមួយនេះ រកចំណូលបានបន្តិចបន្តួច​ ដើម្បីផ្គត់ផ្គង់ថ្លៃហូបចុក ថ្លៃសាំង ចំណូលចំ ណាយផ្សេងទៀត។ បច្ចុប្បន្ន ប្តីប្រពន្ធមួយគូនេះ រស់នៅជាមួយកូនប្រុសឈ្មោះ បេង សុធារិទ្ធ មានអាយុ ១៤ឆ្នាំ ដែលជាវ័យកំពុងត្រូវការក្រេបចំណេះ។ អ្នកទាំងពីរ ក៏មានកូនស្រីច្បងមួយរូបដែរ ប៉ុន្តែបានរៀបការទៅនៅលើដីគោក នារាជធានីភ្នំពេញ។ ជីវិត ពិបាក ​ខ្វះមុខក្រោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកកម្លាំង​​​​​​​​​​​​​​​​​កំហែង ក៏មិនដូចក្មេងៗ ព្រោះជំងឺសន្លាក់ធ្វើទុក្ខរាល់ថ្ងៃ។ 

ស្ថិតនៅក្នុងរោងបាយ ដែល​បណ្តែតចងភ្ជាប់ជាមួយផ្ទះលើផ្ទៃទឹក​ អ្នកស្រី ហ៊ុន ហ៊ីង បាននិយាយមួយៗ ទាំងព្រួយចិត្តអំពីស្ថានភាពគ្រួសារ និងបារម្ភពីការសិក្សារបស់កូនប្រុសពៅ។ នោះក៏ព្រោះ សុធារិទ្ធ ធ្លាប់ផ្អាករៀនជាង ២ខែ ដោយសារម្តាយឈឺ ហើយខ្លួនចេញទៅនេសាទជាមួយឪពុក។ ស្រ្តីវ័យ៤៩ឆ្នាំរូបនេះ មិនចង់ឱ្យកូនដើរតាមគន្លងជាអ្នកនេសាទដូចឪពុកម្តាយឡើយ។ 

លោក មូល រ៉ូ ឪពុករបស់បេង សុធារិទ្ធ

អ្នកស្រី ហ៊ុន ហ៊ីង លើកឡើងទាំងក្តីកង្វល់ក្នុងចិត្ត​​ ដ្បិតគ្រួសារកំពុងខ្វះខាត ប៉ុន្តែមិនឱ្យកូនអ​វិជ្ជា៖ «មុខរបរនៅស្រុកទន្លេសាបនេះ មានតែត្រីនេះឯង។ យើងមានតែដាក់មងតិចៗ ហើយចិញ្ចឹមត្រីតូចៗ ប៉ិនមេដៃ មិនទាន់បានលក់ផង។ មិនដឹងបានអីទៅមុខទៀត ឱ្យកូនរៀន។ ខ្វល់! ប្រសិនបើកូនរៀនចប់ចុងចប់ដើមទៅ មិនដឹងថាទៅមុខរួចឬអត់។» 

ការធ្វើដំណើរតាមទូក ត្រូវចំណាយថ្លៃសាំង ២ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ប៉ុន្តែបើនេសាទ កាន់​តែឆ្ងាយ ថ្លៃសាំងចំណាយកាន់តែច្រើន។ អ្នកស្រី ត្រូវសន្សំប្រាក់មួយចំនួនទៀត សម្រាប់ឱ្យ សុធារិទ្ធ ទៅរៀនដែលមានចម្ងាយឆ្ងាយទៀត និងការហូបចុកនៅសាលា ជាប្រចាំសប្តាហ៍។ 

«ខ្ញុំហ៊ានលះបង់ ព្រោះកូននៅសល់តែមួយនេះទេ។ ជំរុញឱ្យកូនខំរៀន ដើម្បីឱ្យអនាគតយើងទៅមុខ អត់មានចង់ឱ្យកូនឈប់ទេ។ បើថារុញទៅមុខរួច យើងមានលទ្ធភាពទៅរួច ឱ្យកូនវាទៅមុខ។»។ អ្នកស្រី ហ៊ុន ហ៊ីង ដាក់ក្តីរំពឹងលើកូន ចង់ឃើញកូនមានអនាគតល្អ។ 

ក្រឡេកមកមើលការងារប្រចាំថ្ងៃ របស់លោក មូល រ៉ូ វិញម្តង។ តាំងពីព្រលឹម ទល់ព្រលប់ ​ដៃរបស់លោកមូល ប្រឡាក់ជាប់តែក្លិនត្រី ដោះមង បើកទូកនេសាទ និងដឹកត្រីយកទៅលក់។ ទិន្នផលត្រីធ្លាក់ចុះ ជាបញ្ហាធំដែលអ្នកនេសាទ កំពុងខ្វល់ខ្វាយ ព្រោះចំណូលក៏ថយចុះ។ 

ចេញទូកនាម៉ោង៣ល្ងាច រហូតដល់ព្រឹក ទើបត្រឡប់មកវិញជាមួយត្រីតូចៗ ជាប់មងប្រមាណ១០​គីឡូក្រាម។ ថ្ងៃខ្លះ បុរសវ័យ៥៤ឆ្នំារូបនេះ រកបាន៣ម៉ឺន ​ទៅ៤ម៉ឺនរៀល។ ថ្ងៃណា ត្រីត្រូវ អាចបាន ៥ម៉ឺនរៀល។ ប៉ុន្តែបើថ្ងៃត្រីខ្សត់ បានតែ១ម៉ឺនរៀល មិនគ្រប់ថ្លៃសាំងក៏មាន។ អ្នកនេសាទរូបនេះ មានតែរបរមួយនេះគត់ ដើម្បីចិញ្ចឹមក្រពះគ្រួសារ និងផ្តល់ប្រាក់ឱ្យកូនទៅរៀន​។ 

រដូវវស្សា ទឹកច្រើន ស្រួលធ្វើដំណើរ តែរដូវប្រាំង ទឹកតិច ទូកពិបាកចល័ត។ កំប្លោកដ៏ច្រើនលើសលុប នឹងក្លាយជាសត្រូវរបស់ទូក។ អ្នកបើក ប្រឈមនឹងជាប់គាំងទូកណាស់នារដូវ​ប្រាំង​។ ចុះក្មេងៗ ទៅសាលា? សាកស្រមៃបន្តិចថា ទឹកស្រកជិតអស់ កំប្លោកនៅស្កេកស្កះ តើកុមារទាំងនោះ នឹងធ្វើដំណើរទៅសាលារៀនស្រួលឬទេ? ឧបសគ្គរាប់មិនអស់ទាំងនេះ ជារនាំនៃការអប់រំ នៅបឹងទន្លេសាប។ 

យុវជន បេង សុធារិទ្ធ 

ចំណូលនេសាទ ធ្លាក់ចុះយ៉ាងគំហុក ក៏ជាដែកឆក់ដាស់ស្មារតី អ្នកនេសាទឱ្យកូនទៅរៀនវិញ​។ អ្នករស់នៅលើទឹក បានយល់ដឹងពីតម្លៃនៃការអប់រំច្រើនជាងមុន។ «ខ្ញុំ ២នាក់យាយ ខិតខំផ្គត់ផ្គង់ឱ្យកូនរៀន ដើម្បីកុំឱ្យវេទនាដូចខ្ញុំ។»។ នេះជាសម្ដីរបស់ឪពុក សុធារិទ្ធ។ 

ឪពុកម្ដាយ ជួបបញ្ហាលំបាក ធ្វើឱ្យសុធារិទ្ធ មានសម្ពាធ។ យុវជនរូបនេះ ចង់ជួយរកត្រី ដើម្បីកុំឱ្យឪពុកម្ដាយពិបាកខ្លាំងពេក។ក្នុងឆ្នាំ២០២២ កម្មវិធីដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលជា គម្រោងរួមគ្នារវាង អង្គការអេដ អេ អាកស្យុង ជាមួយនឹង កម្មវិធីអប់រំកុមារតូច នៃមូលនិធិការអប់រំសម្រាប់ទាំងអស់គ្នា ឬ Education Above All Foundation បាន កំណត់អំពីការបង្កើនលទ្ធភាពទទួលបានការអប់រំកម្រិតបឋមសិក្សាប្រកបដោយគុណភាព សម្រាប់កុមារមួយចំនួនដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។

 គំនិតផ្តួចផ្តើមនេះ បានស្វែងរកដំណោះស្រាយឧបសគ្គផ្សេងៗដែលបណ្តាលមកពី ភាពក្រីក្រ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងភាពដាច់ស្រយាលតាមភូមិសាស្រ្ត តាមរយៈការផ្តល់សម្ភារៈសិក្សា អាហារូបករណ៍ និងការគាំទ្រជីវភាពសម្រាប់ក្រុមគ្រួសាររបស់កុមារងាយរងគ្រោះ ក៏ដូចជា ការសាងសង់សាលារៀនផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការប៉ុនប៉ងជួយកុមារដែលនៅឆ្ងាយ ទប់ទល់នឹងការធ្វើដំណើរដ៏វែងឆ្ងាយទៅ និងមកពីសាលារៀន រួមជាមួយនឹងភូមិសាស្ត្រដ៏លំបាក គម្រោងនេះក៏បានចែកចាយ កង់ និងព្រមទាំង ទូកចែវ ដល់សិស្សានុសិស្ស ដើម្បីសម្រួលដល់ការចូលរៀនជាប្រចាំ។

«ខ្ញុំ មានសង្ឃឹមវិញហើយ បើបានអង្គការគេជួយយើងបែបនេះ។»។ ម្តាយសុធារិទ្ធ បន្ថែមដូច្នេះ។

សុធារិទ្ធ ជាកុមារស្លូតបូត និងឧស្សាហ៍មួយរូប។ យុវសិស្សរូបនេះ បានបន្តការសិក្សានៅអនុវិទ្យាល័យព្រៃចាស់។ ផ្ទះរបស់សុធារិទ្ធ មានចម្ងាយជាង ១១គីឡូម៉ែត្រ ពីអនុវិទ្យាល័យព្រៃចាស់​។ ការធ្វើដំណើរមកសាលារៀនរៀងរាល់ថ្ងៃ នឹងចំណាយថវិកាថ្លៃសាំងម៉ាស៊ីនទូកច្រើន ដែលលើសពីសមត្ថភាព​របស់គ្រួសារសុធារិទ្ធ។ 

 អ្នកស្រី ចក់ សុគុណ នាយិកាអនុវិទ្យាល័យព្រៃចាស់

អនុវិទ្យាល័យព្រៃចាស់ មានអន្តេវាសិកដ្ឋាន។ យុវជនរូបនេះ បានស្នាក់នៅអន្តេវាសិកដ្ឋាន នៅអនុវិទ្យាល័យព្រៃចាស់ ជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូផ្សេងទៀត។ សុធារិទ្ធ និងមិត្តភក្តិ រួមគ្នាធ្វើម្ហូប និងយកត្រីមកពីផ្ទះ ដើម្បីកាត់បន្ថយចំណាយ។ 

កំពុងសិក្សាថ្នាក់ទី៧ សុធារិទ្ធ ប្រែងប្រែងខ្លាំងជាងមុន ដ្បិតថា ចំណេះដឹងរបស់សុធារិទ្ធ មានកម្រិត ជាងសិស្សានុសិស្សផ្សេងទៀត។ ការប្រឹងប្រែងរបស់សិស្សរូបនេះ ពិតជាបានផលខ្លាំង​។ នាយកអនុវិទ្យាល័យព្រៃចាស់ អ្នកស្រី ចក់ សុគុណ បានថ្លែងថា សុធារិទ្ធ អាចអានបានរលូន និងពូកែជាងមុន។ 

«បេង សុធារិទ្ធ ព្យាយាមសិក្សារៀនសូត្រ។ គាត់មិនសូវពូកែទេ តែគាត់មិនបោះបង់ការសិក្សាទេ។ លោកគ្រូ អ្នកគ្រូ នៅទីនេះ លើកទឹកគាត់ឱ្យប្រឹងរៀន។ អាណាព្យាបាលគាត់ ក៏សុំចិត្តលោកគ្រូអ្នកគ្រូដែរ គាត់ចង់ឱ្យកូនគាត់ចេះ។ គាត់សន្យាថា នឹងឱ្យកូនគាត់រៀនយ៉ាងហោចណាស់ចប់ទី៩។»។ អ្នកគ្រូ សុគុណ ថ្លែងដូច្នេះ។ 

 

កំពុងសិក្សាថ្នាក់ទី៧ សុធារិទ្ធ ប្រែងប្រែងខ្លាំងជាងមុន ដ្បិតថា ចំណេះដឹងរបស់សុធារិទ្ធ មានកម្រិត ជាងសិស្សានុសិស្សផ្សេងទៀត។ 

នាយិកាអនុវិទ្យាល័យព្រៃចាស់ បានចុះទៅដល់ផ្ទះរបស់សុធារិទ្ធផ្ទាល់។ អ្នកគ្រូ សុគុណ បានឃើញថា ឪពុកម្ដាយសុធារិទ្ធ ពិតជាខ្វះខាត និងមានឆន្ទៈ ចង់ឱ្យកូនរៀនសូត្របានខ្ពង់ខ្ពស់។ អ្នកគ្រូលោកគ្រូ នៅសាលាព្រៃចាស់ ខិតខំបង្រៀន និងមើលការខុសត្រូវសិស្សានុសិស្ស នៅអនុវិទ្យាល័យព្រៃចាស់ បានយ៉ាងល្អ។ ទំនេរពីការសិក្សា សិស្សានុសិស្សទាំងនោះ បានជួយគ្នាស្រោចទឹកបន្លែ នៅក្នុងបរិវេណសាលា ដែលដាំនៅរដូវប្រាំង សម្រាប់សិស្សយកធ្វើម្ហូប។ សុធារិទ្ធ ក៏បានស្រវាស្រទេញការងារសាលាផងដែរ។ 

សុធារិទ្ធ ចង់ក្លាយជាប៉ូលិស នាពេលអនាគត។ មាឌធំមាំមួន សម្បុរស្រអែម ការងារជាមន្រ្តីប៉ូលិស ពិតជាសមជាមួយសុធារិទ្ធ។ យុវសិស្សរូបនេះ បានសន្យាថា នឹងមិនបោះបង់ការសិក្សានោះទេ។ សុធារិទ្ធ យល់ថា ការសិក្សានឹងជួយឱ្យគេមានការងារ ហើយអាចជួយផ្គត់ផ្គង់ឪពុកម្ដាយ។

« ឪពុកម្ដាយខ្ញុំនេសាទបានលុយ២ម៉ឺន និង៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។»។ សុធារិទ្ធ រៀបរាប់បែបនេះ។ 

បងស្រីរបស់សុធារិទ្ធ ក៏ជួយផ្ដល់ថវិកាដល់សុធារិទ្ធ ដើម្បីអាចបន្តការសិក្សា ព្រោះថា ចំណូល២ម៉ឺន ទៅ៣ម៉ឺនរៀល ពីការលក់ត្រី ចំណាយ​លើថ្លៃសាំងម៉ាស៊ីនទូក ស្ទើរតែអស់ទៅហើយ។ទំនេរពីការសិក្សា សុធារិទ្ធ ស្រវាជួយឪពុកម្ដាយរកត្រី និងដោះត្រីចេញពីមង។ សុធារិទ្ធ មិនមែនជាក្មេងខ្ជិលនោះឡើយ។ 

សុធារិទ្ធ យល់ថា ការសិក្សានឹងជួយឱ្យគេមានការងារ ហើយអាចជួយផ្គត់ផ្គង់ឪពុកម្ដាយ។ 

«ប៉ាម៉ាក់ លំបាក! ពេលព្រឹកទៅរកត្រី ដើម្បីរកលុយមកឱ្យខ្ញុំសិក្សា។ ពេលមកផ្ទះវិញ ក៏យប់ទៅ ពេលខ្លះគាត់មិនសម្រាក។ គាត់ធ្វើហ្នឹងជារបរនឿយហត់ លំបាក។ គាត់បានណែនាំខ្ញុំឱ្យខំរៀនសូត្រដើម្បីកុំឱ្យលំបាក។ ខ្ញុំមានកម្លាំងចិត្តពេលគាត់ណែនាំ។»។ សុធារិទ្ធ រៀបរាប់ពីស្ថានភាពនៅផ្ទះ និងការតាំងចិត្តដូច្នេះ។

ជីវភាពអ្នករស់នៅលើទឹក មិនសូវធូរធារប៉ុន្មានឡើយ។ កត្តាជីវភាព ធ្វើឱ្យក្មេងៗជាច្រើន មិនបានរៀនសូត្រ។ ខ្វះខាតទូក សាលាឆ្ងាយ ក៏ជាកត្តាសំខាន់មួយ ដែលនាំឱ្យកុមារជាច្រើនបោះ​បង់ការសិក្សា។ ទោះបីជាមានឧបសគ្គច្រើនរាប់មិនអស់ ឪពុកម្ដាយជាច្រើន បានប្រឹងប្រែងទាញ​កូនរបស់ខ្លួនឱ្យចាកឆ្ងាយពីការនេសាទគ្មានភាពច្បាស់លាស់។ 

  «ខ្ញុំសោកស្ដាយ មិនសូវមានអ្នកបានរៀន។ ខ្ញុំចង់ឱ្យគេមករៀនដូចខ្ញុំដែរ។ ការអប់រំ នឹងជួយឱ្យយើងមានអនាគតល្អ។ AEA បានជួយខ្ញុំច្រើន ដើម្បីឱ្យខ្ញុំបានសិក្សាទាំងអ្នកឆ្ងាយ និងអ្នកជិត ដោយសារខ្ញុំបានទូកហ្នឹងជិះ។» សុធារិទ្ធ ថ្លែងអរគុណម្ចាស់ជំនួយដូច្នេះ។ 

លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង

សុធារិទ្ធ ចង់ឱ្យអង្គការអេដ អេ អាកស្យុង(AEA) និងអង្គការនានា ជួយសិស្សនៅសាលាបឋមសិក្សាថែមទៀត។ សិស្សានុសិស្សទាំងនោះ ខ្វះខាតទូក និងពិបាកធ្វើដំណើរមកសាលា នាខែវស្សា។ ការជួយជ្រោមជ្រែង និងផ្ដល់ជំនួយពីអង្គការនានា ជាស្ពានចម្លងដ៏សំខាន់ សម្រាប់អ្នករស់នៅលើទឹក ដើម្បីទទួលបានការអប់រំ។ ក្ដីរំពឹងរបស់អ្នកទន្លេនាពេលអនាគត គឺពឹងផ្អែកលើវិជ្ជា ដែលបានរៀនសូត្រតាមរយៈការអប់រំ។ ការអប់រំ នឹងជួយលើកស្ទួយពួកគេ មានឱកាន់តែច្រើន ក្នុងការរកប្រាក់ចំណូល ដោយមិនពឹងតែលើការងារនេសាទ​តែមួយមុខ។

ដោយធ្វើការជាមួយនាយកសាលាបឋមសិក្សា នៅតំបន់ទន្លេសាប គម្រោងរួមគ្នានេះ បានឈានដល់គំនិតផ្តួចផ្តើមផ្តល់ ទូកចែវ ដើម្បីដោះស្រាយឧបសគ្គនៃការអប់រំសម្រាប់កុមារដែលជួបការលំបាកនៅសហគមន៍បណ្តែតទឹក។ សុធារិទ្ធិ ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​គាំទ្រសិស្សជួបការលំបាកនៅសហគមន៍បណ្តែតទឹកព្រៃចាស់ ហើយ​គាត់​បាន​ប្រើ​ទូកចែវ ​របស់គម្រោង ​ដើម្បីទៅ​សាលា​ជា​រៀង​រាល់​ថ្ងៃ​។ ការសិក្សារបស់ សុធារិទ្ធ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយចាប់តាំងពីពេលនោះមកទល់បច្ចុប្បន្ន សុធារិទ្ធ បានបញ្ចប់ថ្នាក់បឋមសិក្សា ដោយជោគជ័យ និងផ្លាស់ប្តូរទៅ រៀននៅ កម្រិតអនុវិទ្យាល័យ។ 

​​​​​​​លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង បានមានបញ្ជាក់ថា សព្វថ្ងៃមានទូកចែវ សរុប ១២ទូក បានដាក់ឱ្យដំណើរនៅតំបន់ទន្លេសាប ហើយតាមរយៈគម្រោងរួមគ្នាដើម្បីកុមារក្រៅសាលានេះ នឹងបង្កើនដល់ ៣០ទូកចែវ នៅពេលខាងមុខ ដើម្បីអនុញ្ញាតឱ្យកុមារនៅតំបន់ទន្លេសាប អាចប្រើប្រាស់ជាមធ្យោបាយ ដែលផ្តល់ក្តីសង្ឃឹម ភាពងាយស្រួល និងភាពរីករាយ ដើម្បីមកសាលារៀន។

នាយកអង្គការ អេដ អេ អាកស្យុងរូបនេះ បានបន្ថែមថា៖« តាមពិតទៅកញ្ចប់អាហារូបករណ៍យើងមានចម្រុះ មានកង់ សម្ភារ មានកាបូបសម្លៀកបំពាក់ ហើយកន្លែងមានជាថវិកាគាំទ្រ។ ដោយឡែក អ្នកទន្លេសាប ដោយសារគ្មានផ្លូវ គ្មានម៉ូតូ កង់ ដូច្នេះជំនួសរបស់ទាំងនេះ យើងផ្តល់ជាទូក សម្រាប់ឱ្យពួកគាត់ដឹកគ្នាជាក្រុម ៤ទៅ៥នាក់ ​ដើម្បីមករៀន និងទៅផ្ទះ។  មធ្យោបាយនេះ ជួយគាត់ច្រើនមែនទែន ទី១គឺសម្រាប់គ្រួសារកូនអ្នកនេសាទ យើងដឹងហើយថាអ្នកនេសាទ មិនសូវមានពេលវេលាជូនកូនៗមករៀនទាន់ពេលទេ។ អ៊ីចឹង ការផ្តល់ទូកតំបន់នេះ ជាមធ្យោបាយ និងដំណោះស្រាយ ដែលមានសារៈសំខាន់បំផុត ដើម្បីធានាបានថាកុមារ មករៀនទាន់ពេល​ និងមិនបោះបង់ការសិក្សា។»៕


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន