- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

សៀមរាប៖ ទោះបីសម័យកាលបច្ចុប្បន្នមានការរីកចម្រើនបែបណាក្តី ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួន នៅតែពឹងលើការបន់ស្រន់ដល់អារក្ខអ្នកតា ពពួកទេវតា ម្ចាស់ទឹក ម្ចាស់ដីតាមផ្លូវងងឹត ដែលគេជឿថា អ្នកទាំងនោះតែងជួយដល់ការសុំទាំងឡាយ ឱ្យបានដូចក្តីប្រាថ្នា។ អ្នកភូមិស្រែចង្ហូត បានបន្តរៀបចំពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទលាក់នាង ទោះបីឆ្នាំនេះមានភ្លៀងកក់ខែច្រើនមេហើយក្តី។
ពលរដ្ឋចំណុះប្រាសាទលាក់នាង ស្ថិតនៅតំបន់ភ្នំបូក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ដោយមានអ្នកភូមិស្រែចង្ហូតជាបង្គោល បានរៀបចំពិធីបុណ្យសុំទឹកភ្លៀង និងបុណ្យឆ្លងចែត្រ ឬឆ្លងឆ្នាំ ដែលជាទំនៀមពីបុរាណកាលមក។ ទឹកភ្លៀងមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរ ដែលជាកសិករ និងពឹងលើការធ្វើស្រែចម្ការ ដាំដំណាំដាំដុះផ្សេងៗ។
ព្រឹទ្ធាចារ្យ សួង យក្ស
ចាស់ព្រឹទ្ធាចារ្យនៅភូមិស្រែចង្ហូត លោក សួង យក្ស ជាអ្នកដឹកនាំមួយរូបនៃកិច្ចពិធីសុំទឹកភ្លៀង ដែលរៀបចំនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៥។ ចាស់ទុំរូបនេះបញ្ជាក់ថា អ្នកភូមិមិនដែលខកខានចំពោះកិច្ចពិធីនេះឡើយ ហើយលោកក៏មិនដឹងថា ចាស់ពីដើមចាប់ផ្តើមធ្វើកិច្ចនេះ ពីពេលណាមកដែរ។ លោកតាពន្យល់ថា៖« ពិធីនេះសំខាន់ណាស់សម្រាប់ពលរដ្ឋជាកសិករ ដែលមានជំនឿ ព្រោះក្រោយធ្វើពិតជាមានភ្លៀងមែន»។
ពេលសួរថា ឆ្នាំនេះសម្បូរភ្លៀងហើយ តើចាំបាច់អ្វីធ្វើកិច្ចសុំទឹកភ្លៀងទៀត? លោក យក្ស ដែលមានវ័យ៨៧ឆ្នាំទៅហើយ ឆ្លើយតបភ្លាមៗយ៉ាងដូច្នេះថា៖« ដែលយើងធ្លាប់ បើយើងមិនធ្វើទៅ វាអត់ត្រូវ ដូចយើងហូបបាយ ហូបព្រឹកហូបល្ងាចៗ តាំងពីបុរាណមកបើភ្លៀងហើយ ក៏យើងនៅធ្វើដែរ ត្រូវតែធ្វើ»។

អាចារ្យ រួន រៀន
អាចារ្យដឹកនាំកម្មវិធីលោក រួន រៀន បានឱ្យដឹងថា ឆ្នាំនេះអ្នកភូមិស្រែចង្ហូត បានមូលមតិគ្នា រៀបចំកិច្ចសុំពិធីសុំទឹកភ្លៀង និងឆ្លងចែត្ររួមគ្នាតែម្ដង។ លោកអាចារ្យបន្តថា នៅថ្ងៃទី១នៃកិច្ចពិធីនេះ គឺរៀបចំប្រុងពលី បួងសួងសមាទានសីល កម្មវិធីចម្រើនព្រះបរិត្ត លើកទង់ និងកម្មវិធីហែខ្សាច់មករៀបចំ ពិធីពូនភ្នំខ្សាច់នៅរានទិសឦសាន។ លុះព្រឹកថ្ងៃទី២ និមន្តព្រះសង្ឃឆាន់ ហើយនៅម៉ោង៩ ឬ១០ ពិធីសមាទានសីលម្ដងទៀត និមន្តព្រះសង្ឃឆាន់ថ្ងៃត្រង់។ ក្រោយព្រះសង្ឃឆាន់បន្តិច អ្នកភូមិដែលយកចំណីអាហារពីផ្ទះរៀងៗខ្លួន ក៏ចាប់ផ្តើមដាក់ម្ហូបអាហារជុំគ្នាហូបនៅក្រោមម្លប់ដើមឈើ មុខប្រាសាទលាក់នាងនោះទាំងអស់គ្នាផងដែរ។
លុះម៉ោង១០ និង៤០នាទី ក្បួនដង្ហែដឹកនាំដោយអាចារ្យ បានរៀបចំពិធីប្រទក្សិណ៣ជុំ ជុំវិញប្រាសាទ អមដោយឆាកហ៊ោយ៉ាងកញ្ជ្រៀវ ខ្ញៀវខ្ញាររបស់អ្នកភូមិ។ បន្ទាប់មកអាចារ្យដឹកនាំពិធីផ្សឹកភ្នំខ្សាច់។ ក្រោយចប់ពិធីនេះ គេក៏និមន្តព្រះសង្ឃគង់នៅតាមទិសជុំវិញស្រះដែលសូនជារូបនាគព័ន្ធ ហើយក្នុងស្រះនោះមានសូនជារូបកង្កែប អណ្តើក ត្រី ក្រពើ ខ្យង អន្ទង់ ក្តាម ដែលសុទ្ធសឹងជាពពួកសត្វរស់នៅក្នុងទឹក។ ក្រោយសូត្រធម៌មហាមេឃចប់ អ្នកភូមិនាំគ្នាស្រោចទឹកដល់ព្រះសង្ឃ និងចាប់ផ្តើមលេងជះទឹក ដែលតំណាងភាពត្រជាក់ត្រជំអមដោយតន្រ្តីស្គរដៃ និងនិមិត្តដូចទឹកភ្លៀងចាប់ផ្តើមធ្លាក់ស្រោចស្រោពដល់ផែនដីដូច្នោះដែរ។ អ្នកភូមិរាំលេង ខ្លះមានកាន់ទ្រូ ចាប់ត្រីនិមិត្ត ដែលគេយកមកព្រលែងក្នុងស្រះ ហើយតំណាងភាពសម្បូរសប្បាយចំពោះផលនេសាទ អមដោយការជះទឹកយ៉ាងរីករាយ។

ពិធីប្រុងពលី
អាចារ្យ រួន រៀន វ័យ៤៤ឆ្នាំ បានបញ្ជាក់ថា ពីដើមឡើយប្រាសាទលាក់នាងនេះស័ក្តិសិទ្ធណាស់ ឱ្យតែរៀបចំពិធីចប់សព្វគ្រប់ ភ្លៀងចាប់ផ្តើមបង្អុរភ្លាមតែម្ដង។ រំលង២ថ្ងៃក្រោយពិធីសុំទឹកភ្លៀង នៅតំបន់ប្រាសាទលាក់នាង មិនទាន់មានភ្លៀងធ្លាក់ទេ គ្រាន់តែខ្យល់ខ្លាំង។ នេះជាការបញ្ជាក់ពីលោក រៀន នៅថ្ងៃទី២៥ មេសា។
លោក រៀន បន្ថែមថា ពីមុនមានពុទ្ធបរិស័ទចំណុះប្រាសាទនេះច្រើនចូលរួម មិនថាភូមិស្រែចង្ហូត គឺអ្នកភូមិពីភូមិជិតៗមកច្រើន ប៉ុន្តែសព្វថ្ងៃដោយសាររវល់កិច្ចការងារផ្សេងៗ ពិធីនេះកាន់តែខ្សត់អ្នកចូលរួម។ ចំណែកអ្នកតាដែលពលរដ្ឋតែងបន់ស្រន់នៅទីនេះ មានដូចជាម្ចាស់ប្រាសាទ នាងលាក់នាង ស្ដេចដំរីស ព្រះលឹម តារាជ តាជ័យ តាពពកស យាយរលកស គឺសុទ្ធតែអ្នកតាខ្លាំងៗ ប្រចាំតំបន់ភ្នំបូក និងប្រាសាទលាក់នាងនេះ។

ពិធីយកខ្សាច់
ជាអ្នកបន្តវេនរៀបចំកិច្ចពិធីសុំទឹកភ្លៀងតពីចាស់ទុំជំនាន់មុន លោក យក្ស ដែលមានវ័យជរាទៅហើយ មានក្តីរំពឹងខ្ពស់ទៅលើកូនចៅអ្នកភូមិស្រករក្រោយ ថាពួកគេនឹងបន្តរៀបចំកិច្ចនេះបន្ទាប់ពីចាស់ៗដូចលោក។ ជាមរតកអរូបីដែលបន្សល់ពីអ្នកជំនាន់មុន និងមានតម្លៃមិនអាចកាត់ថ្លៃបាន លោក យក្ស ដែលនិយាយដោយទឹកមុខមុះមុត និងលាយស្នាមញញឹមជ្រាវជ្រួញ បានលើកឡើងដូច្នេះថា៖« វាមិនគួរឱ្យភ្លេចទេរបស់នេះ បុរាណគេបង្គាប់យើងឱ្យធ្វើរហូតកុំឱ្យភ្លេច។ ចង់ឱ្យក្មេងៗស្រករក្រោយបន្តធ្វើរហូត ពីព្រោះយើងធ្លាប់រាប់អាន បើមិនធ្វើមិនកើតទេ»។
គួរបញ្ជាក់ថា ពិធីសុំទឹកភ្លៀងជាពិធីដ៏សំខាន់សម្រាប់អ្នកស្រុកអង្គរ ដែលគេនិយមរៀបចំទៅតាមតំបន់នីមួយៗ និងទៅតាមទម្លាប់ ហើយបែបបទរៀបចំក៏ខុសគ្នាបន្តិចបន្តួចផងដែរ។ នៅតំបន់អង្គរ គេរៀបចំពិធីនេះនៅប្រាសាទនាគព័ន្ធ ប្រែរូប លាក់នាង មេបុណ្យខាងកើត និងបន្ទាយសំរ៉ែជាដើម។ ចំពោះពេលវេលាវិញ ក៏ទៅតាមពេលទំនេររបស់អ្នកភូមិតាមតំបន់ទាំងនោះដែរ៕






អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕
