- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ផែនការស្តីពីការការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរបរទេស ដើម្បីបង្កលក្ខណៈអំណោយផលដល់ការវិនិយោគ និងវិស័យទេសចរណ៍ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនពលរដ្ឋនិងបង្កើនចំណូលថវិកាជាតិ។ ទាក់ទងនឹងបញ្ហានានា លោកណែនាំអង្គភាពក្រោមឱវាទឱ្យឆាប់ដោះស្រាយតាំងពីរឿងហេតុតូចតាច ឬទើបកើតឡើង ដោយមិនត្រូវទុកឱ្យមានការអូសបន្លាយពេល ឬក្លាយជាទៅរឿងស្មុគស្មាញឡើយ។
តាមលិខិតដែលចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមេសា លោក ស សុខា បានគូសបញ្ជាក់ថា ការដាក់ផែនការនេះ គឺដើម្បីរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងទេសចរបរទេសឱ្យចូលមកបណ្តាក់ទុនក៏ដូចជាធ្វើទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើនឡើង។
រដ្ឋមន្ត្រីមហាផ្ទៃចង់ឱ្យវិនិយោគិន និងទេសចរបរទេស ទទួលបាននូវភាពកក់ក្តីចំពោះបរិយាកាសសន្តិសុខ សណ្តាប់សាធារណៈ ជាពិសេសសុវត្ថិភាព ពេញទី នាពេលធ្វើធុរកិច្ច និងទស្សនកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ លោកណែនាំមន្ត្រីក្រោមឱវាទឱ្យមានភាពម្ចាស់ការក្នុងការក្តាប់ព័ត៌មានដែលបង្កប់ឱបាយកល និងជះឥទ្ធិពលអាក្រក់ដល់វិស័យវិនិយោគ និងទេសចរណ៍, ការពារឱ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់វិនិយោគិនបរទេស បុគ្គលិករដ្ឋបាល អ្នក បច្ចេកទេស និងអ្នកទេសចរបរទេស រួមទាំង សុវត្ថិភាពរាល់ទីតាំងវិនិយោគ រាល់ទ្រព្យសម្បត្តិស្របច្បាប់ និងរាល់គោលដៅទេសចរណ៍ទាំងអស់។
លោក ស សុខា ណែនាំឱ្យនគរបាលទេសចរណ៍បង្កើតបញ្ជរទទួលពាក្យបណ្ដឹងចល័តនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីទទួលបណ្ដឹង និងដោះស្រាយបញ្ហារបស់វិនិយោគិន និងទេសចរបរទេសបានទាន់ពេលវេលា។
លោកក៏បានលើកឡើងផងដែរពីការជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”, ការតម្លើងផែនទីកំណត់គោលដៅគម្រោងវិនិយោគរោងចក្រ សហគ្រាស កសិដ្ឋាន ការដ្ឋាននានា, កម្មវិធីជួបប្រជុំជារៀងរាល់ខែជាមួយវិនិយោគិន ឬតំណាងទាក់ទងនឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់, ការបង្កើតយន្តការទាក់ទងតាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធអេឡិចត្រូនិក, ការកំណត់ឱ្យក្រុមហ៊ុនសន្តិសុខឯកជនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការតម្រូវឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្សព្វផ្សាយព័ត៌មាននានាជូនភ្ញៀវ និងវិនិយោគិនបរទេស។
ក្នុងករណីមានការវិវាទផ្សេងៗ ឬហេតុការណ៍ណាមួយកើតឡើង លោក ស សុខា ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត រួសរាន់ចាត់ឱ្យមានយន្តការដែលមានតួនាទីទទួលខុសត្រូវចុះទៅកាន់គោលដៅនោះ ដើម្បីសហការដោះស្រាយជាបន្ទាន់ តាំងពីរឿងហេតុតូចតាច ឬទើបតែកើតមានឡើងដោយមិនទុកឱ្យមានការអូសបន្លាយពេល ឬក្លាយទៅជាស្មុគស្មាញបាន។
អំពីវិធានការការពារទេសចរ លោកតម្រូវឱ្យមានភាពហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ដោយមិនទុកឱ្យមានភាពចន្លោះប្រហោងនោះឡើយ ក្នុងនោះនគរបាលទេសចរណ៍ត្រូវសហការជាមួយភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន ខារ៉ាអូខេ ក្លឹបរាត្រី PUB បៀហ្គាដិន ហាងម៉ាស្សា អាជីវកម្មផ្លូវទឹក ព្រមទាំងទីកន្លែងកម្សាន្តសប្បាយផ្សេងៗទៀតដើម្បីក្តាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ គ្រប់ទីកន្លែង។
ការរៀបចំប្រព័ន្ធកត់ត្រាវត្តមានជនបរទេសតាមបច្ចេកវិទ្យាទំនើប, ការគ្រប់គ្រងក្រុមហ៊ុន និងអ្នកធ្វើអាជីវកម្មដឹកអ្នកទេសចរណ៍, ការពង្រឹងវិធានការការពារសន្តិសុខតាមបណ្តាកាស៊ីណូស្របច្បាប់, ការបំផុសចលនាពលរដ្ឋឱ្យចូលរួមការពារ សន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរ, សណ្តាប់ធ្នាប់តាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗ, ការរៀបចំប្រព័ន្ធ Hotline, យន្តការសង្គ្រោះ សុទ្ធតែជាចំណុចដែលលោក ស សុខា បានលើកឡើង។
ក្នុងផែនការណែនាំ លោក ស សុខា តម្រូវឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធ ធ្វើរបាយការណ៍បូកសរុបជារៀងរាល់ខែ ជូនក្រសួងមហាផ្ទៃ ហើយប្រគល់ភារកិច្ចជូនរដ្ឋលេខាធិការដែលទទួលកិច្ចការនេះ ដឹកនាំប្រជុំបូកសរុប ដកពិសោធន៍ លទ្ធផល នៃការអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសរៀងរាល់ ៦ខែម្តង៕
អ្នកសរសេរអត្ថបទ
