- ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ភ្នំពេញ៖ ស្ថានទូតបារាំង នឹងប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ព្រឹត្តិការណ៍រម្លឹកនេះ នឹងធ្វើឡើងរយៈពេល១០៩ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ដែលមានពិព័រណ៍រូបភាព និងឯកសារ ពិធីឧទ្ទិសកុសល និងបញ្ចាំងភាពយន្តផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ការប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងបញ្ជ្រាបការចងចាំពីសម័យកាលដ៏ខ្មៅងងឹតរបស់កម្ពុជាដល់មនុស្សជំនាន់ក្រោយ និងទំនាក់ទំនងរវាងបារាំង និងកម្ពុជា ផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ពិព័រណ៍រូបភាព និងឯកសារ ក្រោមប្រធានបទ «ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា ដល់ថ្ងៃទី៨ ឧសភា) នឹងធ្វើឡើងរយៈពេល១០៩ថ្ងៃពេញ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា នៅស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង ចាប់ពីម៉ោង៦៖៣០នាទីល្ងាច។
ចំណែកឯ ថ្ងៃទី៧ ខែឧសភាព ចាប់ពីម៉ោង៦៖៣០នាទីល្ងាច នឹងមានវេទិកាពិភាក្សា រវាងលោក ពន្ធុវិទូ ជាមួយអ្នកនិពន្ធបារាំង François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neveu ដែលធ្វើឡើងនៅវិទ្យាស្ថានបារាំង។ វាគ្មិនទាំង២រូបនេះ ជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។
នៅថ្ងៃទី៨ ខែឧសភា នឹងមានការរៀបចំពិធីរម្លឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅទីតាំងស្ថានទូតបារាំង ដែលមានការចូលរួមពីអ្នកមានជីវិតពីរបបខ្មែរក្រហម សាក្សី តំណាងសង្គមស៊ីវិល អាជ្ញាធរ និងអង្គទូត។
ដោយឡែកការបញ្ចាំងភាពយន្ត និងភាពយន្តឯកសារ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែឧសភា ដែលក្នុងនោះមានចំនួន១២រឿង ផ្ដោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជានាសម័យខ្មែរក្រហម។ វណ្ណកម្មទាំងអស់នោះ ជាស្នាដៃរបស់ផលិតករខ្មែរ និងបរទេស មានលោក ប៉ាន់ រិទ្ធី,លោក ដាវី ជូ,លោក Denis Do,លោកស្រី អែនជេលីណា ជូលី,លោក Arthur Dong និងលោក ឆាយ បូរ៉ា។ ស្នាដៃទាំងនេះ បង្ហាញពីការចងចាំពីអំពើហិង្សាក្នុងរបបខ្មែរក្រហម ដែលឆ្លុះបញ្ចាំងពីបញ្ហា និងការបញ្ជ្រាបចំណេះដឹងពីរបបខ្មែរក្រហម ក៏ដូចជាការតស៊ូជម្នះពីការប៉ះទង្គិចផ្លូវចិត្ត៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
