អត្ដពលិកទូកកានូ និងរ៉ូអ៊ីងកម្ពុជា ហ្វឹកហាត់នៅទន្លេវៃគោ ត្រៀមប្រកួត World Games នៅ​ចិន និង​ស៊ីហ្គេម នៅថៃ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
អត្ដពលិកទូកកានូ និងរ៉ូអ៊ីងកម្ពុជា ហ្វឹកហាត់នៅទន្លេវៃគោ ត្រៀមប្រកួត World Games នៅ​ចិន និង​ស៊ីហ្គេម នៅថៃ
ទន្លេវៃគោ ជាទីតាំងអំណោយផល ដល់ការហ្វឹកហាត់អត្ដពលិកទូក រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

លោក គង់ សុភាព អគ្គលេខា​ធិការរង​សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា ទន្លេវៃគោ ក្នុងទីរួមខេត្តស្វាយរៀង គឺជាទីតាំងអំណោយផល ដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដោយសារជាផ្ទៃទឹកនឹង ហើយមានលក្ខណៈស្ដង់ដារអន្ដរជាតិ។

TTN-Free-Banner-In-Article-PC

អត្ដពលិកកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ២៦នាក់ កំពុងប្រមូលផ្ដុំហ្វឹកហាត់ នៅទន្លេវៃគោ ដែលស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងចំណោមអត្ដពលិក ២៦នាក់នោះ កីឡាការិនី មានចំនួន ៦នាក់។ 

លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិនេះ ក្នុងឆ្នាំ២០២៥ ដើម្បីត្រៀមព្រឹត្តិការណ៍សំខាន់ៗ ២គឺ ការប្រកួត World Games នៅប្រទេសចិន នាអំឡុងខែសីហា និងការប្រកួតស៊ីហ្គេម លើកទី៣៣​ នៅប្រទេសថៃ នាអំឡុងខែធ្នូ។

រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

អគ្គលេខាធិការរងរូបនេះ បាននិយាយថា៖«យើង មានគោលដៅ ២សំខាន់សម្រាប់ឆ្នាំ២០២៥ គឺទី១ ការទៅចូលរួមប្រកួត World Games នៅខែសីហា ប្រទេសចិន និងទី២ គឺស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុងខែធ្នូ។»។

លោក គង់ សុភាព បន្ថែមទៀតថា ទន្លេវៃគោ គឺជាទីតាំងស្ដង់ដារអន្ដរជាតិមួយ ព្រោះជាទឹកនឹង អំណោយផលដល់ការហ្វឹកហាត់ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង។ ជាពិសេសនេះ ទីតាំងនេះ ឆ្លើយតបទៅនឹងតម្រូវការរបស់សហព័ន្ធកីឡាទូកអន្ដរជាតិ។

រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

«ទីតាំងហ្វឹកហាត់ គឺល្អ ដោយសារតែទន្លេវៃគោ ជាទីតាំងមួយដែលអំណោយផល សម្រាប់ប្រភេទកីឡាទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង យើងនេះ ដោយសារមានទឹកនឹង។ សហព័ន្ធអន្ដរជាតិ នឹងមិនអនុញ្ញាតឲ្យរៀបចំការប្រកួតលើផ្ទៃទឹកដែលហូរខ្លាំងទេ។»។ នេះ បើតាមការបញ្ជាក់ពីលោក គង់ សុភាព។

ក្រៅពីជាទីតាំងដែលមានស្ដង់ដារ ការហ្វឹកហាត់នៅទន្លេវៃគោ ក៏ជួយឲ្យអត្ដពលិកកម្ពុជា មានប្រៀបច្រើនជាងអត្ដពលិកជម្រើសជាតិផ្សេងទៀត ដែលហ្វឹកហាត់លើទឹកហូរ ផងដែរ។ អគ្គលេខាធិការរងរូបនេះ បានពន្យល់ថា៖«ទីលានប្រកួតរបស់អន្ដរជាតិ គឺគេកំណត់យកទីតាំង ដែលមានទឹកមិនហូរ ជាប្រភេទទឹកនឹង។ ទីតាំងប្រកួតទូកជាទូទៅ ដូចជាទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ទីលានស្ដង់ដារ គឺជាទឹកនឹង។ ទីលាន ដែលមានទឹកហូរ យើងគ្មានលំបាកអីទេ ព្រោះយើងមានលំហូរទឹក ហើយបើយើងហាត់ទឹកនឹង ទៅប្រកួតទឹកហូរ យើងកាន់តែស្រួល ព្រោះគ្មានអីលំបាកសម្រាប់យើងទេ។»។

រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

ជាមួយទីតាំងដែលសមប្រកបនេះ អត្ដពលិកកម្ពុជា បានហ្វឹកហាត់ដោយរលូន។ លោក គង់ សុភាព ប​ន្ថែមថា អ្វីដែលជាឧបសគ្គនោះ គឺបញ្ហាអាកាសធាតុ ព្រោះមានខ្លះក្ដៅពេក និងពេលខ្លះទៀតមានភ្លៀង ហើយខ្យល់ខ្លាំងបង្កឲ្យមានរលកធំៗ ពិបាកក្នុងការហ្វឹកហាត់។

គួរបញ្ជាក់ថា អត្ដពលិកជម្រើសជាតិនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់កាលពីដើមខែមេសានេះ ដើម្បីត្រៀមព្រឹត្តិការណ៍ World Games​ នៅប្រទេសចិន និងស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំ២០២៥ នៅប្រទេសថៃ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា