សមាជិកគ្រួសារ៧នាក់ដែលពុលផ្សិតនៅស្រុកស្រែអំបិល ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ
  • ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៨ នាទី ល្ងាច
សមាជិកគ្រួសារ៧នាក់ដែលពុលផ្សិតនៅស្រុកស្រែអំបិល ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ

ភ្នំពេញ៖ សមាជិកគ្រួសារ៧នាក់ ដែលពុលផ្សិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ។ ការសម្រេចបញ្ជូន​មកព្យាបាលនៅភ្នំពេញនេះ ក៏ព្រោះតែពួកគេមានអាការៈពុលធ្ងន់ធ្ងរ​ រហូតមានអ្នកខ្លះសន្លប់ និងវង្វេងស្មារតី។​ នេះបើតាមការលើកឡើងរបស់លោក សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកស្រែអំបិល។
TTN-Free-Banner-In-Article-PC


គ្រួសារដែលពុលផ្សិតនៅស្រុកស្រែអំបិលនោះ  រួមមានឪពុក ម្ដាយ និងកូន៥នាក់។ លោក សៅ សូនី បញ្ជាក់ថា ជនរងគ្រោះទាំង៧នាក់នេះ គឺបានបរិភោគសម្លរ ដែលមានផ្សិតពុល តាំងពីម៉ោង១១ព្រឹក អំឡុងពេលអាហារថ្ងៃត្រង់។ ២ម៉ោងបន្ទាប់មក ពោលនៅម៉ោង១រសៀល មួយគ្រួសារនេះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។​

បើតាមប្រធានការិយាល័យសុខាភិបាលស្រុកស្រែអំបិលរូបនេះ អាការៈអ្នកជំងឺទាំងនោះ គឺមានសភាពធ្ងន់ធ្ងរ ដោយឪពុកសន្លប់បាត់ស្មារតី ខណៈម្ដាយ និងកូនៗ៥នាក់ទៀត មានអាការៈវង្វេង និងក្អួត។ លោក សូនី បានរៀបរាប់ពីអាការៈដែលគ្រួសារខាងលើបានពុលផ្សិតមកកាន់សារព័ត៌មានឌីជីថលថ្មីៗ នាល្ងាចថ្ងៃទី២៥ ខែមេសា យ៉ាងដូច្នេះ៖ « ដោយសារគាត់ធ្ងន់ពេក ពុលដល់ថ្នាក់អត់ដឹងខ្លួន។ ស្ថានភាពប្ដីប្រពន្ធហ្នឹង ប្រពន្ធដឹងខ្លួន តែគាត់វង្វេង និយាយទៅគាត់ដូចអត់ដឹងអី។ កូនៗគាត់ចេញក្អួត ពុលដល់ថ្នាក់អត់ដឹងដូចគ្នា។ បើឪពុក គឺសន្លប់អត់ដឹងខ្លួនតែម្តង»។

យ៉ាងណាមិញ លោកប្រធានការិយាល័យសុខាភិបាលស្រុកស្រែអំបិលរូបនេះ ក៏មិនទាន់ដឹងច្បាស់ផ្សិតដែលគ្រួសារខាងលើបានបរិភោគពុលនោះ ជាប្រភេទផ្សិតអ្វីដែរ។ ប៉ុន្តែតាមការលើកឡើងរបស់អ្នកស្រុក ទំនងជាផ្សិតក្ងោក។

បើតាមលោក សូនី បច្ចុប្បន្នគ្រួសាររងគ្រោះបានបញ្ជូនមកសង្រ្គោះនៅភ្នំពេញហើយ ដោយឪពុក និងម្ដាយ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យសម្ដេច តេជោ និងកូនៗ៥នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងចំណោមគ្រួសារ៧នាក់ មានឪពុកអាយុ២៩ឆ្នាំ,ម្ដាយអាយុ២៧ឆ្នាំ,កូនស្រីអាយុ១២,កូនប្រុសអាយុ១១ឆ្នាំ,កូនប្រុសអាយុ១០ឆ្នាំ,កូនស្រីអាយុ៧ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំផងដែរ៕

អ្នកសរសេរអត្ថបទ

ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ផាត ដាណេ