- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២:៥៩ នាទី រសៀល

នគរបាលប្រេស៊ីលបានបញ្ជាក់អំពីការចាប់ខ្លួនលោកអតីតប្រធានាធិបតី ហ្វែរណាន់ដូ ខូល្ល័រ ឌឺ មែលឡូ។ ក្នុងវ័យ៧៥ឆ្នាំ អតីតប្រមុខដឹកនាំប្រទេសប្រេស៊ីល រូបនេះ រងបទចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ ស៊ីសំណូក និងលាងលុយកខ្វក់។
អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្វែរណាន់ដូ ខូល្ល័រ ឌឺ មែលឡូ បានត្រូវនគរបាលចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ ភ្លឺ ថ្ងៃសុក្រ ទី២៥មេសា។ រូបលោកត្រូវសមត្ថកិច្ច បន្តបញ្ជូនខ្លួន ទៅមន្ទីរឃុំឃាំង ក្នុងរដ្ឋធានី Brasilia ដើម្បីអនុវត្តទោស។ នេះបើតាមការផ្សាយយ៉ាងព្រោងព្រាតរបស់កាសែតក្នុងស្រុកប្រេស៊ីល ដោយបញ្ជាក់ថា កន្លែងចាប់ខ្លួន ឋិតនៅតំបន់ Maceio ភាគឥសានប្រទេសប្រេស៊ីល។
លោក ឌឺ មែលឡូ ធ្លាប់ជាប់ឆ្នោតធ្វើជាប្រធានាធិបតី ក្រោយពីប្រេស៊ីលរួចពីរបបយោធាផ្តាច់ការ (ចន្លោះឆ្នាំ១៩៦៤-១៩៨៥)។ លោកកាន់អំណាចប្រធានាធិបតី បានតែរយៈពេល ២ឆ្នាំប៉ុណ្ណោះ គឺចន្លោះពីឆ្នាំ១៩៩០ ដល់១៩៩២។ ទីបំផុត លោកត្រូវបង្ខំចិត្តលាចុះពីកៅអីប្រមុខរដ្ឋ ដោយឃើញច្បាស់ថា រដ្ឋសភាជាតិបានផ្តើមនីតិវិធីបោះឆ្នោតទម្លាក់ប្រធានាធិបតីចេញពីតំណែង ព្រោះតែបទចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ។
ក្នុងវ័យ៧៥ឆ្នាំ អតីតប្រធានាធិបតី មែលឡូ ក៏ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភា ចន្លោះពីឆ្នាំ២០១០ និង២០១៤។ អំឡុងពេលនោះ អ្នកនយោបាយរូបនេះ ត្រូវជាប់ចោទល្មើសជាថ្មីទៀត ក្នុងសំណុំរឿងពុករលួយ ស៊ីសំណូក និងលាងសម្អាតលុយកខ្វក់ ចំនួនប្រមាណ ៣លានអឺរ៉ូ។ នេះព្រោះតែលោកបានលូកដៃសម្របសម្រួលកិច្ចការជំនួញរបស់ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនផលិតប្រេង នៅប្រេស៊ីល។ ក្នុងឆ្នាំ២០២៣ តុលាការប្រេស៊ីលបានផ្តន្ទាទោសរូបលោក ឲ្យជាប់ពន្ធនាគារ ចំនួន ៨ឆ្នាំ និង១០ខែ។
នៅប្រេស៊ីល ការចាប់ខ្លួន និងផ្តន្ទាទោសអតីតប្រធានាធិបតី ឬរឿងអាស្រូវផ្លូវច្បាប់ទាក់ទងនឹងអតីតប្រមុខរដ្ឋ ពុំមែនជារឿងថ្មី និងលើកទី ១ នោះទេ។ ដ្បិតថា នាពេលកន្លងទៅ អតីតប្រធានាធិបតី ៤ រូប ក្នុងចំណោម ៧ នាក់ ត្រូវជាប់សំណាញ់ច្បាប់ ពោលគឺអ្នកខ្លះត្រូវកាត់ទោស ខ្លះត្រូវជាប់ពន្ធនាគារ និងខ្លះទៀតត្រូវបោះឆ្នោតទម្លាក់ពីតំណែងប្រធានាធិបតី នៅមុនអាណត្តិ។
អតីតប្រធានាធិបតីចុងក្រោយបំផុតដែលជួបក្តីក្តាំផ្លូវច្បាប់ គឺលោក ហ្សាអៀរ បុលសូណារ៉ូ ដែលបានកាន់អំណាចចន្លោះឆ្នាំ២០១៩ ទៅឆ្នាំ២០២២។ លោក បុលសូណារ៉ូ កំពុងតែត្រូវប្រឈមមុខនឹងតុលាការកាត់ទោស ចំពោះបទចោទប្រកាន់ថា ប៉ុនប៉ងធ្វើរដ្ឋប្រហារ។ អ្នកនយោបាយទាំង ២នេះ ជាមនុស្សស្និទ្ធស្នាលគ្នា។ ក្នុងឆ្នាំ២០២២ លោក ឌឺ មែលឡូ ថែមទាំងធ្លាប់ឃោសនាឲ្យគេបោះឆ្នោតគាំទ្រលោក បុលសូណារ៉ូ ទៀតផង។
ការចាប់ខ្លួនអតីតប្រធានាធិបតី មែលឡូ ធ្វើឡើងស្របតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជាបន្ទាន់ ចេញដោយលោក Alexandre de Moraes ចៅក្រមម្នាក់ របស់តុលាការកំពូល។ តែសេចក្តីសម្រេចរបស់សាលាជម្រះក្តីជាន់ខ្ពស់ ថាដូចម្តេចទៀតនោះ នឹងត្រូវដាក់ឲ្យអង្គចៅក្រមទាំងអស់របស់តុលាការកំពូលប្រេស៊ីល ជាអ្នកបោះឆ្នោតសម្រេច៕
ដោយ៖ហេង ឧត្តម (RFI ខេមរភាសា)
អ្នកសរសេរអត្ថបទ
