ចិនកោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្ស​ ដើម្បីរក​មធ្យោបាយ​ទប់ទល់​នឹងការសម្លុតរបស់​​អាមេរិក
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៥៩ នាទី រសៀល
ចិនកោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្ស​ ដើម្បីរក​មធ្យោបាយ​ទប់ទល់​នឹងការសម្លុតរបស់​​អាមេរិក

ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក​ រដ្ឋអំណាច​ក្រុង​ប៉េកាំងបាន​ប្រញាប់​ប្រញាល់កោះប្រជុំ​ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បី​រក​ដំណោះស្រាយ​វិបត្តិ​រនាំង​ពន្ធគយ។ ទន្ទឹម​នឹង​គ្នា​នេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​​អំពាវនាវ​សហគមអន្តរជាតិ ឲ្យ​ពួតដៃ​គ្នា​ជាមួយ​ចិន​ ដើម្បី​ទប់​ទប់​នឹងការ​​​គំរាម​សម្លុត​របស់រដ្ឋអំណាច​ទី​ក្រុង​វ៉ាស៊ីនតោន​។​  ​

TTN-Free-Banner-In-Article-PC

នៅទីក្រុង​ប៉េកាំង ថ្នាក់​ដឹកនាំកំពូលៗ​​របប​កុម្មុយនិស្ត​ចិន​ បាន​កោះប្រជុំ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស ហើយ​កិច្ចប្រជុំ​បន្ទាន់នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីន​ ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ដំណោះស្រាយ​សេដ្ឋកិច្ច​។ នេះបើតាម​ការ​ផ្សាយផ្លូវការ​​របស់​ប្រព័ន្ធឃោសនា​រដ្ឋ​ចិន​ នៅ​ថ្ងៃ​សុក្រ​ ទី​២៥​ ខែ​មេសា ឆ្នាំ២០២៥។​

អ្នក​ជំនាញ​សដ្ឋកិច្ច​ចិន Yue Su នៃ Economist Intelligence Unit បាន​កត់​សម្គាល់​ថា ក្រុម​សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន​ បាន​ជួប​ប្រជុំ​គ្នា​ ៥ ថ្ងៃ​ មុន​កាល​កំណត់​ និង​ខុស​ពី​ទម្លាប់​រៀង​រាល់​ឆ្នាំ។​ នេះក៏ព្រោះតែ​ស្ថានការណ៍​តឹងតែងខ្លាំង​ពេក​​នៃជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។​ ទោះជាយ៉ាងនេះក្តី លោក Zhiwei Zhang អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​ Pinpoint Asset Management ប្រមើលមើលឃើញថា ចិន​ហាក់​មិន​សូវ​ជាប្រញាប់​ប្រញាល់​ពេក​ទេ ដ្បិត​រដ្ឋអំណាច​ចិន​រង់ចាំ​តាម​ដាន​មើល​សភាព​ការ​ជាមុន។ 

ចិនត្រូវការ​ពេល​វិភាគ ហើយ​វាយ​តម្លៃ​ស្ថានការណ៍​ មុន​នឹង​សម្រេច​ចិត្ត​។

ខ្លឹមសារ​នៃកិច្ចប្រជុំ​របស់​​​ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ត្រូវ​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន​ Xinhua ​​លម្អិត​ថា ថ្នាក់ដឹកនាំចិន​បាន​សម្រេច​ប្តេជ្ញាចិត្ត​​ ជួយ​ជ្រោម​ជ្រែង​ក្រុមហ៊ុន​សហគ្រាសនិងពួក​​កម្មករ​ ដែល​រងគ្រោះ​​ព្រោះតែ​រនាំងពន្ធគយ​អាមេរិក។​ 

ក្នុងន័យ​នេះ ប្រទេស​ចិន​នឹង​ដំឡើង​ជំនួយដល់​មូលនិធិ​​ធានារ៉ាប់រង​នៅពេល​អត់​ការងារ​ធ្វើ​ និង​ពង្រឹង​ស្ថិរភាព​ការងារ​។​ គោល​នយោបាយ​រួម គឺ​ពង្រឹង​ស្ថិរសេដ្ឋកិច្ច​ពីខាងក្នុង​ប្រទេស តាមរយៈ​រក្សាលំនឹង​​ក្រុមហ៊ុន កាត់បន្ថយ​បំណុល​ សម្របសម្រួល​នយោបាយ​ហិរញ្ញវត្ថុ និង​គាំពា​រ​អ្ន​កធ្វើការ​ ព្រ​មទាំង​ជំរុញ​កំណើន​សន្ទុះ​តម្រូវ​ការ​និងការ​ប្រើប្រាស់​ក្នុងស្រុក ​ឲ្យ​កាន់តែច្រើន​។

តាមរយៈ​ការ​ពង្រឹង​សេដ្ឋកិច្ចខាងក្នុង​ប្រទេសដូច្នេះ​ ចិន​បាន​ត្រៀម​ខ្លួន​ទប់ទល់​ស្ថានការណ៍​ដែល​អាច​នឹង​ធ្លាក់​ដុន​ដាបធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ចិន​ក៏បានអំពាវនាវសហគមអន្តរជាតិ ឲ្យពួតដៃគ្នាជាមួយចិន ដើម្បីទប់ទប់នឹងការគំរាមសម្លុតរបស់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន។

គួរ​កត់​សម្គាល់​ដែរ ថា មួយ​ថ្ងៃ​ មុនកិច្ច​​ប្រជុំរបស់​ការិយាល័យនយោបាយមជ្ឈិមបក្ស ថ្នាក់ដឹកនាំ​រដ្ឋអំណាច​ចិន ក៏បាន​ជួប​ប្រជុំ​ជាមួយ​ ថៅកែ​ម្ចាស់សហគ្រាសនិងអ្នក​តំណាង​ក្រុមហ៊ុន​បរទេស​នៅ​ស្រុក​ចិន ចំនួន ជា​ង​ ៨០ ស្ថាប័ន និង បណ្តាក្រុម​​សភាពាណិជ្ជកម្មបរទេស​នៅ​ចិន​។ 

វត្ថុបំណង ​គឺដើម្បីយល់​ពី​ទុក្ខលំបាក​និង​ផលប៉ះពាល់​ដល់​ពួក​គេ​ទាំងនោះ ហើយ​រក​ដំណោះស្រាយ​។ លោក Michael Hart ប្រធានសភាពាណិជ្ជកម្ម​អាមេរិក​នៅចិន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មា​ន Reuters ថា រដ្ឋាភិបាល​ចិន​បាន​សាកសួរ​ក្រុម​ហ៊ុន​បរទេស​​នៅចិន ពី​​ប្រភេទផលិតផលទំនិញ​អ្វីខ្លះ​ដែល​នាំចូល​ពីសហរដ្ឋអាមេរិក​ និង​ដែល​គេ​មិនអាច​នាំ​ចូល​ពីប្រទេស​ដទៃ​ ហើយ​ដែល​វា​អាច​រងគ្រោះ​ឈាន​ទៅ​បិទ​ដំណើរ​ការ​ផលិត​កម្ម ​​​។​

​មកទល់​ពេល​នេះ ទាំង​ប៉េកាំង​និងទាំង​​វ៉ាស៊ីនតោន នៅ​មិនទាន់​មា​នដំណឹង​បញ្ជាក់​ជាផ្លូវការ​ អំពី​កិ​ច្ចចរចា​គ្នា​នោះទេ។ តែ​ក្រោយពី​​អាមេរិកបាន​សម្រេច​​លើក​​លែង​ពន្ធ​ចំពោះ​ផលិត​មួយ​ចំនួន​ទាក់ទង​នឹង​សឺមីកុងឌុកទ័រដែល​នាំចូល​អាមេរិក ចិន​វិញក៏​បាន​ត្រៀម​ខ្លួន​លើកលែង​ពន្ធ​ចំពោះ​សឺមីកុងឌុកទ័រដែល​នាំចូល​ចិន​ដែរ។ នេះបើតាម​​ Caixin ជាទស្សនាវដ្តី​សេដ្ឋកិច្ច​ចិន ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី២៥មេសា។ 

ចំពោះប៉េកាំង ចិន​បើកចំហ​ច្រកទ្វារចរចាជាមួយ​អាមេរិក​ ដោយឈរលើស្មារតី​ស្មើភាពគ្នា តែប្រសិន​​បើ​ត្រូវតស៊ូប្រយុទ្ធវិញ​ នោះចិន​ថា​នឹង​ប្រយុទ្ធ​ឲ្យ​ដល់​ទីបំផុត​៕

ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា)


Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

Other