រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែបង្ហាញរូបរាងស្រស់ស្អាតឡើងវិញ
  • ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែបង្ហាញរូបរាងស្រស់ស្អាតឡើងវិញ
រានហាល និងបង្កាន់ដៃនាគជ្រុងពាយ័ព្យប្រាសាទបន្ទាយសំរ៉ែ

សៀមរាប៖ រានហាល និងបង្កាន់ដៃនាគជ្រុងឦសាន នៃប្រាសាទបន្ទាយសំរ៉ែ បានបញ្ចប់ការងារជួសជុល និងអភិរក្សជាស្ថាពរ ក្រោមកិច្ចសហការរវាងអ្នកជំនាញការខ្មែរ និងអាល្លឺម៉ង់។

TTN-Free-Banner-In-Article-PC


លោក ឡុង ណារី អ្នកអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងជួសជុលរានហាល និងបង្កាន់ដៃនាគជ្រុងឦសានប្រាសាទបន្ទាយសំរ៉ែនេះ ស្ថិតក្នុងគម្រោងបណ្ដុះបណ្ដាលអ្នកអភិរក្សវ័យក្មេង ដែលសិក្ខាកាមមកពីផ្នែកផ្សេងៗ​នៃអាជ្ញាធរជាតិអប្សរា​ និងចាប់អារម្មណ៍លើជំនាញនេះ។ លោក ណារី បញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន GIZ របស់អាល្លឺម៉ង់។ សិក្ខាកាមដែលជាមន្រ្តី និងបុគ្គលិកចំនួន២០រូប បានសិក្សាទាំងទ្រឹស្តី និងអនុវត្តន៍ដោយផ្ទាល់ នៅក្នុងការដ្ឋានខាងលើ។ 

លោក ឡុង ណារី អ្នកអភិរក្សថ្ម

លោក ភួយ សាវឿត ជាមន្រ្តីបម្រើការងារនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលផ្នែកអភិរក្សថ្ម។ លោក ភួយ សាវឿត ប្រាប់ពីមូលហេតុដែលលោក ជ្រើសរើសរៀនវគ្គនេះ ដោយសារចិត្តស្រឡាញ់ និងចង់រួមចំណែកជួយជួសជុលប្រាសាទបុរាណ។ លោកបន្ថែមថា៖« ដោយសារ វាជាជំនាញមួយជាក់លាក់ក្នុងការងារនៅតំបន់អង្គរ។​រហូតមកដល់បច្ចុប្បន្ននេះ​ខ្ញុំទទួលបានចំណេះដឹងអំពីជំនាញក្នុងការអភិរក្ស និងជួសជុលប្រាសាទ​ជាពិសេសប្រាសាទដែលសាងសង់អំពីថ្មភក់»។

សកម្មភាពសម្អាតនៅការដ្ឋានជួសជុលរានហាល និងបង្កាន់ដៃនាគ

ខុសពីការងារនៅក្នុងសារមន្ទីរដែលលោកធ្លាប់ធ្វើការ លោក សាវឿត បានចាប់អារម្មណ៍ទៅ​លើការងារអភិរក្ស និងជួសជុលប្រាសាទ​ ដែលជួយឱ្យលោកកាន់តែយល់ច្បាស់ពីប្រវត្តិ និងស្ថានភាពប្រាសាទ ក៏ដូចជាប្រវត្តិក្នុងការជួសជុល។ បន្ថែមពីនេះ វគ្គសិក្សានេះក៏អាចឱ្យលោក សាវឿត អាចយល់ដឹងពីស្ថានភាពនៃការខូចខាត ការវាយតម្លៃការខូចខាត និងរកវិធីដើម្បីជួសជុល

ការងារអភិរក្សនិងជួសជុលប្រាសាទទាំងនេះ យើងបានសិក្សាអំពីប្រាសាទសាស្ត្រទាក់ទងនិងប្រាសាទ ប្រវត្តិនៃការបាក់បែកនិងប្រវត្តិជួសជុលកន្លងមក សិក្សាទៅលើស្ថានភាពនៃការខូចខាត ការវាយតម្លៃការខូចខាត និងការរកវីធីដើម្បីជួសជុលឡើងវិញជាដើម។ ​

លោក ភួយ សាវឿត កំពុងជួសជុលប្រាសាំទបន្ទាយសំរ៉ែ

គម្រោងបណ្ដុះបណ្ដាលអភិរក្សថ្ម និងជួសជុលខាងលើ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះសិក្ខាកាមបានសិក្សាទាំងទ្រឹស្តី និងចុះអនុវត្តន៍ការងារអភិរក្ស និងជួសជុល ដែលសរុបមាន រយៈពេល២ឆ្នាំកន្លះ។ គម្រោងបានជ្រើសរើសការដ្ឋានជ្រុងឦសាន នៃរានហាលខាងកើតប្រាសាទ​បន្ទាយសំរ៉ែ ដើម្បីចុះអនុវត្តន៍។ ក្នុងកិច្ចការងារនេះ លោក ឡុង ណារី ពន្យល់ថា ដោយសារវាមាន​ភាពទូលាយ ងាយស្រួលដាក់រន្ទាជាដើម ណាមួយជាកន្លែងដែលទេសចរ ងាយឆ្លងកាត់ផង។ 

ចំពោះការងារជួសជុលវិញ លោក ណារី បានពន្យល់ថា ក្រុមការងារបានរើសម្អាត ជួសជុល អភិរក្ស បកថ្មពុកផុយ និងមានប្រើថ្មជំនួសកន្លែងដែលដែលចាំបាច់មួយចំនួន ដូចជាសសរ និងបង្កាន់ដៃនាគ។ ចំពោះផ្នែកគ្រឹះវិញ ក៏ត្រូវបានពង្រឹងបន្ថែមផងដែរ។ តាមការបញ្ជាក់ពីលោក ណារី រានហាលនេះធ្លាប់បាន ជួសជុលម្ដងហើយនៅសម័យបារាំង។ 



ទោះបីកន្លែងខ្លះមានជំនួសថ្មថ្មីក៏ដោយ ប៉ុន្តែអ្នកជំនាញខ្មែរ និងអន្តរជាតិ បានព្យាយាមរក្សាទម្រង់បុរាណ ដោយមិនឱ្យឆ្លាក់ចម្លាក់ពេញដូចជារបស់បុរាណឡើយ។ ត្រង់នេះលោក ណារី ពន្យល់ថា៖« ចម្លាក់ថ្មី យើងបានសិក្សា យើងមិនហ៊ាន ឬមិនបាច់ឆ្លាក់ទាំងអស់ទេ គ្រាន់តែឆ្លាក់តិចៗ មិនឱ្យដូចរបស់ដើមទេ ដើម្បីឱ្យគេដឹងនិងឃើញ ដូចជាសសរយើងព្យាយាមឆ្លាក់តូច ដើម្បីឱ្យគេដឹងថា យើងក៏មានលទ្ធភាព​ធ្វើដូចដែរ តែមិនគួរធ្វើថ្មីដូចចាស់ទេ»។ 

ក្រៅពីសិក្ខាកាម២០នាក់ គម្រោងជួសជុលខាងលើនេះ ក៏មានការចូលរួមពីអ្នកជំនាញការខ្មែរ ដែលជាសិស្សច្បងនៃវគ្គបណ្ដុះបណ្ដាលកាលពីឆ្នាំ២០១៥ផងដែរ។ លោក ណារី បន្ថែមថា ផ្នែកចម្លាក់ និងសសរ គឺបណ្ដុះបណ្ដាលដោយគ្រូមកពីខាងសិប្បករអង្គរ និងអ្នកជំនាញការអាល្លឺម៉ង់ ដែលបង្រៀនឆ្លាក់បែបណាឱ្យសសរមូលល្អ។ 

ឆ្លងកាត់ពេលវេលាដ៏មានតម្លៃពីអ្នកជំនាញការខ្មែរ អាល្លឺម៉ង់ រួមនិងសិក្ខាកាមអ្នកអភិរក្សវ័យក្មេង លោក ណារី ចាត់ទុកសមិទ្ធផលនៃគម្រោងជួសជុលខាងលើ ថាពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់លោក និងក្រុមការងារ។ លោកក៏សង្ឃឹមថា រានហាល និងបង្កាន់ដៃនាគជ្រុងឦសាននេះ នឹងស្រូបទាញទេសចរច្រើនចូលទស្សនា ក៏ដូចជាស្វែងយល់ពីការជួសជុលនៅទីនេះផ្ទាល់។ ក្នុងនោះ លោក ណារី ក៏បង្ហាញក្តីមោទកភាពដែរក្នុងនាមជាគ្រូបង្គោលមួយរូប បានជួយបណ្ដុះធនធា​ន​អ្នកអភិរក្ស និងជួសជុលប្រាសាទបានមួយជំនាន់ទៀត។ អ្នកជំនាញរូបនេះក៏សង្ឃឹមថា ពួកគេនឹងបន្តរៀនសូត្រ និងអនុវត្តន៍ការបន្តបន្ទាប់ទៀត ដើម្បីពង្រឹងចំណេះ និងជំនាញឱ្យកាន់តែប្រសើរឡើង៕


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី