គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សម្រេចបានជោគជ័យ «ដំណើរឆ្ពោះទៅកាន់ការចូលរួមបរិច្ចាគ ១,០០០ ប្លោកឈាម» ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម
- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:១៣ នាទី រសៀល

ភ្នំពេញ៖ ក្នុងបេសកកម្មរួមចំណែកក្នុងកិច្ចការសង្គម មនុស្សធម៌ និងសង្គ្រោះអាយុជីវិតមនុស្សដល់អ្នកជំងឺដែលកំពុងត្រូវការឈាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានមោទកភាពដែលសម្រេចបានជោគជ័យ “ដំណើរឆ្ពោះទៅកាន់ការចូលរួមបរិច្ចាគ ១,០០០ ប្លោកឈាម ជូនមជ្ឈមណ្ឌលជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា នៅទីស្នាក់ការអម្រឹត ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់បុគ្គលិក ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធប្រមាណជាង ២០០នាក់។
លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៏ថា «នេះគឺលើកទី១០មកហើយ ដែលអម្រឹតបានចាប់ផ្តើមរៀបចំកម្មវិធីនេះឡើង ដោយចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៣។» កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់អម្រឹត ធ្វើឡើងក្នុងគោលបំណង៖
១. ចូលរួមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាម
២. ចូលរួមក្នុងសកម្មភាពមនុស្សធម៌សង្គម (ក្នុងនាមជាពលរដ្ឋ និងស្ថាប័ន) ក្នុងការជួយសង្គ្រោះអាយុជីវិត

លោកបន្ថែមថា «ក្នុងនាមស្ថាប័ន និងបុគ្គលិក អម្រឹត ពិតជាមានមោទកភាពយ៉ាងក្រៃលែង ដែលបានចូលរួម និងសម្រេច ដំណើរឆ្ពោះទៅកាន់ ១,០០០ ប្លោកឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃនេះ»។ លោកដុស ឌីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តសប្បុរសធម៌ និងការលះបង់របស់អ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលបានចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យមិនអាចកាត់ថ្លៃបាននេះ។
បើមិនមានការចូលរួមនេះទេ នោះដំណើរឆ្ពោះទៅកាន់ការចូលរួមបរិច្ចាគ ១,០០០ ប្លោកឈាមនេះ ក៏មិនអាចសម្រេចបានផងដែរ។ អម្រឹត ប្ដេជ្ញាបន្តដំណើរក្នុងសកម្មភាពផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គម សង្គ្រោះជីវិតមនុស្សនិងរួមចំណែកផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។
លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា «ការបរិច្ចាគឈាមពិតមានផលប្រយោជន៍ជាច្រើនដូចជា អាចដឹងពីសុខភាពផ្ទាល់ខ្លួន កាត់បន្ថយការលើសជាតិដែក ឈាមដែលផលិតថ្មីឡើងវិញនឹងនាំឲ្យមានសុខភាពល្អ ជាពិសេសគឺឈាមដែលបរិច្ចាគអាចសង្គ្រោះអ្នកជំងឺ និងជួយឲ្យ "ស្តុកឈាម" មានគ្រប់គ្រាន់ដើម្បីសង្គ្រោះអ្នកជំងឺផ្សេងៗទៀត។
លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានចូលរួមក្នុងកម្មវិធី បានថ្លែងអំណរគុណ និងកោតសសើរដល់ទឹកចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បុគ្គលិក និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានសហការក្នុងការរៀបចំកម្មវិធីសប្បុរសធម៏នេះឡើងមក។ ការបរិច្ចាគឈាមនេះ គឺជាកម្មវិធីសប្បុរសធម៌ដ៏ប្រពៃ និងជាកម្មវិធីដ៏ល្អដែលយើងទាំងអស់គ្នាគួរតែបន្តទៅទៀត ក្នុងបុព្វហេតុចូលរួមចំណែកក្នុងកិច្ចការងារសង្គម និងមនុស្សធម៌។

គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ម៉ៅ សំណាង អភិបាលក្រុងកំពង់ឆ្នាំង លោក គង់ ច័ន្ទធា ប្រធានការិយាល័យ បង្ការនិងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក វ៉ាន់ សាវឿន តំណាងកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក ដុស ឌីន អគ្គនាយកនៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លោកវេជ្ជបណ្ឌិត សុខប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមគ្រូពេទ្យប្រមាណចំនួន២០នាក់ និងអ្នកចូលរួមបរិច្ចាគប្រមាណ២០០នាក់ ដែលនៅក្នុងនោះមាន មន្រ្តីប៉ូលីស ប្រជាពលរដ្ឋ និងបុគ្គលិកអម្រឹតក្នុងតំបន់កំពង់ឆ្នាំង។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន។
(អត្ថបទពាណិជ្ជកម្ម)




អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com