- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ល្ងាច

របបសឹកភូមាដែលបានសន្យាផ្អាកការវាយប្រហារបណ្តោះអាសន្ន ទៅលើក្រុមឧទ្ទាម បន្ទាប់ពីប្រទេសបានជួបគ្រោះរញ្ជួយដីនោះ គឺនៅតែបន្តការវាយប្រហារដដែលទេ។ នេះបើផ្អែកតាមព័ត៌មាន ប្រមូលបានដោយទីភ្នាក់ងារព័ត៌មានReuters ចេញផ្សាយកាលពីថ្ងៃទី២៥មេសា។ គ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨មីនា បានផ្តាច់ជីវិតមនុស្សប្រមាណ៣៧០០នាក់នៅភូមា ហើយបច្ចុប្បន្ន ប្រជាជនភូមាប្រមាណ៦ម៉ឺននាក់ ត្រូវរស់នៅក្នុងជំរកបណ្ដោះអាសន្ន ដោយសារផ្ទះសម្បែងត្រូវបាក់បែកអស់។
កាលពីថ្ងៃទី២មេសា ពោលគឺ៥ថ្ងៃក្រោយរញ្ជួយដី របបសឹកភូមាបានប្រកាសផ្អាកការវាយប្រហារជាបណ្តោះអាសន្នទៅលើក្រុមឧទ្ទាម រយៈពេល២០ថ្ងៃ ដើម្បីសម្រួលដល់ការជួយសង្គ្រោះ ក៏ដូចជាការដឹកជញ្ជូនជំនួយមនុស្សធម៌ ដល់ជនរងគ្រោះដោយមហន្តរាយរញ្ជួយដី។ ហើយបន្ទាប់ពីមានអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី របបសឹកភូមា បានសុខចិត្តពន្យារការផ្អាកការវាយប្រហារនេះ ដល់ថ្ងៃទី៣០មេសា។
ក៏ប៉ុន្តែ ផ្អែកតាមព័ត៌មានប្រមូលបានដោយទីផ្នាក់ងារព័ត៌មានReuters ដោយផ្អែកលើការទិន្នន័យផ្តល់ឲ្យដោយ Armed Conflict Location & Event Data Project (ACLED) គឺរបបសឹកភូមាបានបន្តវាយប្រហារលើក្រុមឧទ្ទាមដដែល ដោយមិនគោរពការសន្យារបស់ខ្លួនទេ។ ទីភ្នាក់ងារព័ត៌មានReuters បានព្យាយាមទាក់ទងទៅកាន់អ្នកនាំពាក្យរបបសឹកភូមា ដើម្បីសុំការបំភ្លឺទៅនឹងបញ្ហានេះ តែមិនបានទទួលការឆ្លើយតបអ្វីទាំងអស់។
របាយការណ៍ របស់ACLED បានបង្ហាញថា រវាងពីថ្ងៃទី២៨មីនា ថ្ងៃដែលមានគ្រោះរញ្ជួយដី រហូតដល់ថ្ងៃទី២៤មេសា គឺកងទ័ពនៃរបបសឹកភូមា បានបើកការវាយប្រហារចំនួនយ៉ាងហោច ២០៧លើក ដែលក្នុងនោះ មាន១៤០លើកជាការវាយប្រហារបាញ់ប្លោងគ្រាប់ពីលើអាកាស និង២៤លើក ជាការវាយប្រហារដោយគ្រាប់កាំភ្លើងធំ។
ដោយឡែក ចន្លោះពីថ្ងៃទី២ដល់ថ្ងៃ១៨មេសា គឺកងទ័ពជាតិភូមាបានបើកការវាយប្រហារជាមធ្យម ៩,៧ដង ហើយសម្លាប់ជីវិតមនុស្សជាមធ្យម ៦នាក់ក្នុងមួយថ្ងៃ។ ចំណែកក្រុមឧទ្ទាមប្រឆាំងរបបសឹកវិញ បានវាយប្រហារតមវិញចំនួន៣លើក តាមរយៈការប្រើដ្រូន ដោយសារតែគ្មានមធ្យោបាយធំដុំដូចកងទ័ពរបបសឹក ដូចជាយន្តហោះចម្បាំង ឬកាំភ្លើងធំជាដើម។ ភាគច្រើននៃការវាយប្រហាររបស់របបសឹកភូមា គឺកើតមាននៅតំបន់ Sagaing នៅរដ្ឋស្ហាន រដ្ឋរ៉ាឃីន និងកាឈីនជាដើម។ នេះបើផ្អែកតាម លោក Su Mon អ្នកវិភាគនៅក្រុមការងារ ACLED។
យ៉ាងហោចណាស់ ការវាយប្រហារចំនួន១៧២លើក បានកើតឡើងបន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នចូលជាធរមាន ក្នុងនោះមាន៧៣លើក ដែលកងទ័ពរបបសឹកភូមាបានវាយប្រហារទៅលើតំបន់ដែលរងគ្រោះដោយមហន្តរាយរញ្ជួយដី។ លោក James Rodehaver មន្ត្រីទទួលបន្ទុកការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំភូមា បានលើកឡើងថា របបសឹកភូមាគ្មានធម៌មេត្តា បន្តវាយប្រហារធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ទាំងដែលប្រជាជនខ្លួនកំពុងរងទុក្ខវេទនាដោយសារគ្រោះរញ្ជួយដី។
សូមរំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៧នៃកម្រិតរិឆទឺ បានផ្តាច់ជីវិតប្រជាជនភូមា ប្រមាណ៣៧០០នាក់ និងរបួសជាច្រើនពាន់នាក់ទៀត។ គិតត្រឹមថ្ងៃទី២៥មេសា មានមនុស្សយ៉ាងហោច៦ម៉ឺននាក់ ដែលរស់នៅក្រោមជំរកបណ្តោះអាសន្ន ខណៈរដូវភ្លៀងបានចាប់ផ្តើមមកដល់។ អង្គការសហប្រជាជាតិបានអំពាវនាវប្រមូលប្រាក់ ចំនួន២៧៥លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាជនភូមា។
អង្គការសហប្រជាជាតិអះអាងថា មុនមានគ្រោះរញ្ជួយដី ប្រជាជនភូមាប្រមាណ៤លាន៣សែននាក់ ដែលត្រូវការជំនួយឧបត្ថម្ភបន្ទាន់ ដោយសារតែសង្គ្រាមស៊ីវីល។ តែចំនួននេះ បានកើនឡើង ២លាននាក់បន្ថែមទៀត បន្ទាប់មានគ្រោះរញ្ជួយដី៕
ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
