- ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៣:៣៨ នាទី រសៀល

ក្រសួងបរិស្ថានបានរកឃើញសិប្បកម្មកែច្នៃដំណាប់ស្វាយមួយកន្លែង នៅខេត្តកណ្ដាល បានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ស្ទឹងព្រែកត្នោត កាលពីទី២៥ ខែមេសា។ ដើម្បីសុវត្ថិភាព និងសុខភាពពលរដ្ឋ ក្រសួងបរិស្ថានប្រកាសឱ្យពលរដ្ឋរស់នៅក្បែរតំបន់ក្រុមហ៊ុនកែច្នៃស្វាយខាងលើ ក្នុងមូលដ្ឋានភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ឱ្យមានការប្រុងប្រយ័ត្នចំពោះការយកទឹកមកប្រើប្រាស់ ឬបរិភោគ។
ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី២៥មេសាម្សិលមិញនេះ បានរកឃើញសិប្បកម្មកែច្នៃស្វាយ របស់ក្រុមហ៊ុន Ji Li Long (Cambodia) Fruit Industry Co.,Ltd. បង្ហូរសំណល់រាវចូលអាងស្តុក ដោយមិនមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួចបូមបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈទុយោបង្កប់ក្រោមដី។
បើតាមក្រសួងបរិស្ថានដដែល ក្រុមអ្នកត្រួតពិនិត្យ បានរកឃើញទៀតថាក្រុមហ៊ុនខាងលើនេះ មិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធឡើយ។
ក្រោយរកឃើញការបំពុលប្រភពទឹកសាធារណៈ ដោយសិប្បកម្មខាងលើនេះ ក្រសួងបរិស្ថានបានចាត់ការក្រុមហ៊ុនខាងលើតាមវិធានការច្បាប់ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ របស់រាជរដ្ឋាភិបាល បានចេញកាលពីខែមីនា ឆ្នាំ២០២៥ និងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល លេខ៥៩០ សជណ.តប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ក្រៅពីបញ្ឈប់ការបង្ហូរសំណល់រាវ និងរងការផាកពិន័យអន្តរការណ៍ ក្រសួងបរិស្ថានក៏បានដាក់បញ្ជាឱ្យក្រុមហ៊ុនខាងលើរុះរើទុយោបង្កប់ចេញឱ្យបានរួចរាល់មុនខែមេសានេះជាកំហិត ក្រោមការតាមដានពីអាជ្ញាធរមូលដ្ឋាន, ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ, ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថានផ្សេងទៀត, ផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ ព្រមទាំងត្រូវស្ដារស្ទឹងព្រែកត្នោតឱ្យល្អប្រសើរឡើងវិញ។
គួរជម្រាបផងដែរថា សារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៧ចំណុច ក្នុងនោះមានវិធានការ ជាការងារអាទិភាពមួយ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងបន្ទាន់ សំដៅទប់ស្កាត់ការបំពុលតំបន់ទឹក សាធារណៈពីសកម្មភាពបញ្ចេញទឹកកខ្វក់ និងសំណល់រាវពីរោងចក្រ សហគ្រាស ក្រុមហ៊ុន សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ និងទីសត្តឃាត គឺត្រូវធ្វើការបំពាក់ និងដាក់ឱ្យដំណើរការប្រព័ន្ធ ប្រព្រឹត្តិកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ដោយឡែកសេចក្តីជូនដំណឹងនោះបានចែងថា ចំពោះក្រុមហ៊ុននៅពេលដែលមានការមិនគោរពលើបទដ្ឋានបច្ចេកទេស និងច្បាប់ជាធរមានក្នុងនោះ ក្រសួងបរិស្ថានផ្អាករាល់ការចេញលិខិតអនុញ្ញាតជូនទៅក្រុមហ៊ុន រហូតដល់ក្រុមហ៊ុនធ្វើការកែតម្រូវ តាមច្បាប់និងគោលការណ៍ជាធរមាន។
ទី២ ក្នុងករណីមិនអនុវត្តតាម ឬបំពានចំណុចទី១ ខាងលើក្រសួងបរិស្ថានត្រូវផ្អាកដំណើការក្រុមហ៊ុន រហូតដល់ក្រុមហ៊ុនធ្វើការកែតម្រូវ តាមច្បាប់និងគោលការណ៍ជាធរមាន។ ទី៣ក្នុងករណីមិនអនុវត្តតាម ឬបំពានចំណុចទី២ ខាងលើ ក្រសួងបរិស្ថានមានចំណាត់ការបទក្រុមហ៊ុន តាមច្បាប់និងគោលការណ៍ជាធរមាន៕
អ្នកសរសេរអត្ថបទ
