ប្រធានាធិបតីអាម៉េរិក៖ លោក ពូទីន ប្រហែលជាមិនចង់បញ្ឈប់សង្គ្រាមទេ
  • ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៩ នាទី ព្រឹក
ប្រធានាធិបតីអាម៉េរិក៖ លោក ពូទីន ប្រហែលជាមិនចង់បញ្ឈប់សង្គ្រាមទេ
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ។ រូបភាព ៖ Office of the President of Ukraine

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានរិះគន់រុស្ស៊ីចំពោះការវាយប្រហារក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានសន្និដ្ឋាន លោក វ្ល៉ាឌីមៀ ពូទីន ប្រហែលជាមិនចង់បញ្ចប់ ជម្លោះជាមួយអ៊ុយក្រែនទេ។

TTN-Free-Banner-In-Article-PC

 «ប្រហែលជាយើងត្រូវប្រព្រឹត្តចំពោះរុស្ស៊ីតាមរបៀបផ្សេង អាចដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសនេះ»។ លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth បន្ទាប់ពីបានជួបលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៦ ខែមេសា ខណៈចូលរួមបុណ្យសពរបស់សម្តេច Pope Francis នៅបុរីវ៉ាទីកង់។

ប្រធានាធិបតីអាម៉េរិករូបនេះបញ្ជាក់ថា៖«គ្មានហេតុផលណា ដែលឱ្យលោកពូទីនបាញ់មីស៊ីលចូលទៅក្នុងទីក្រុង ទីប្រជុំជន និងតំបន់ស៊ីវិលនៃប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទេ។ រឿងនោះធ្វើឱ្យខ្ញុំគិតថា លោកមិនចង់បញ្ឈប់ការប្រយុទ្ធនោះទេ ប៉ុន្តែកំពុងកេងចំណេញលើខ្ញុំវិញ។ មនុស្សច្រើនពេកកំពុងស្លាប់»។

 សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយលោក ត្រាំ បន្ទាប់ពីកិច្ចប្រជុំប្រហែល ១៥ នាទីជាមួយលោក ហ្សេលេនស្គី នៅបុរីវ៉ាទីកង់មុនពេលពិធីបុណ្យសពរបស់ Pope Francis ។ ភាគី​ទាំង​ពីរ​ បានពិ​ពណ៌នា​ជំនួប​នេះ​ថា ​មានការរីកចម្រើនគួរឱ្យសម្គាល់ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។

 រុស្ស៊ី ​មិន​បាន​ប្រតិកម្មលើ​ការ​បង្ហោះ​របស់​លោក ត្រាំ ទេ។

 នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក​ប្រ​ធា​នាធិបតី វ៉្លាឌីមៀ ពូទីន បានរំលឹកឡើងវិញ ទៅកាន់លោក Stephen Witkoff បេសកជន​ ពិសេសរបស់លោក ត្រាំ ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចាជាមួយ​អ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាមុន។

 លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយមុននេះថា លោកបានពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ នូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលអាចកើតមានជាមួយរុស្ស៊ី ដោយបង្ហាញពីក្តីរំពឹងសម្រាប់លទ្ធផលពីកិច្ចប្រជុំ«ជានិមិត្តរូប និងជាប្រវត្តិសាស្ត្រ»។

 លោក ហ្សេលេនស្គី បានបង្ហោះនៅលើបណ្តាញសង្គម X ថា ៖« យើងបានពិភាក្សាជាច្រើនដង ដោយសង្ឃឹមថានឹងមានលទ្ធផលសម្រាប់អ្វីគ្រប់យ៉ាងដែលយើងបានលើកឡើង ។ ការការពារជីវិតមនុស្ស ជាបទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។ សន្តិភាពដែលអាចទុកចិត្តបាន និងយូរអង្វែងនឹងការពារជម្លោះមួយផ្សេងទៀតពីការផ្ទុះឡើង»។

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី២៥ ខែមេសាថា កិច្ចពិភាក្សាស្តីពីបទឈប់បាញ់នៅអ៊ុយក្រែនមានការរីកចម្រើន ដោយជំរុញឱ្យមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបគ្នា ដើម្បីបញ្ចប់កិច្ចព្រមព្រៀង។ លោក​ថា ភាគី​បាន​ឯកភាព​លើ​ចំណុច​សំខាន់ៗ​ភាគច្រើន​ក្នុង​នោះ។

ថ្មីៗ​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​អំពាវនាវ​ឲ្យ​លោក ពូទីន បញ្ឈប់​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ទោះបីជាយ៉ាងណា លោកក៏បានបន្ទោសប្រធានាធិបតី ហ្សេលេនស្គី ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការបង្ហូរឈាមដែលកំពុងបន្ត។

លោក ត្រាំ ក៏​បាន​ជំរុញ​មេដឹកនាំ​អ៊ុយក្រែន​ឱ្យ​ទទួល​យក​សម្បទាន​ដូច​ជា​ការ​ទទួល​ស្គាល់​ថា​ឧបទ្វីប​គ្រីមេ ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឆ្នាំ ២០១៤ នឹង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​ក្នុង​កិច្ច​ព្រមព្រៀង​ណា​មួយ​ដើម្បី​បញ្ចប់​ជម្លោះ។ លោក ហ្សេលេនស្គី បានច្រានចោលការលើកឡើងដែលថា អ៊ុយក្រែនគួរតែបោះបង់ចោលឧបទ្វីបគ្រីមៀ៕


អ្នកសរសេរអត្ថបទ

កញ្ញា  ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន