- ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០៩ នាទី រសៀល

ភ្នំពេញ៖ រយៈពេល១៩ខែ នៃអាណត្តិដឹកនាំរបស់រដ្ឋាភិបាលថ្មី មានពលរដ្ឋប្រមាណ៦៨ម៉ឺននាក់ បានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលសុខភាព និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ក្នុងនោះមានស្វ័យនិយោជន៍ប្រមាណ៥០ម៉ឺននាក់ និង១៨ម៉ឺននាក់ជាអ្នកនៅក្នុងបន្ទុក។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា រដ្ឋបានចំណាយថវិកាប្រមាណ៣៣០ពាន់លានរៀល សម្រាប់ផ្ដល់ជូនបុគ្គលិកស្រ្តីជាម្ដាយប្រមាណ៦៤ម៉ឺននាក់ និងកូនប្រមាណ៦៦ម៉ឺននាក់ តាមរយៈប័ណ្ណ ប.ស.ស។
បើតាមលោក ហេង សួរ រយៈពេល១៩ខែកន្លងមកនេះ ពលរដ្ឋប្រមាណ៦៨ម៉ឺននាក់ បានចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីទទួលសេវាព្យាបាលសុខភាព និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព។ ក្នុងចំណោមនោះ មានស្វ័យនិយោជន៍ប្រមាណ៥០ម៉ឺននាក់ និង១៨ម៉ឺននាក់ជាអ្នកនៅក្នុងបន្ទុក។ «រយៈពេល១៩ខែ ប.ស.ស បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាព តាមរយៈរបបភាគទានស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុករបស់សមាជិករបស់បសសបានប្រមាណ៦៨ម៉ឺននាក់»។ នេះជាការលើកឡើងរបស់លោក ហេង សួរ។
រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់បន្ថែមថា តាមរយៈប័ណ្ណ ប.ស.ស ស្រ្តីមានផ្ទៃពោះ នឹងទទួលបានថវិកាពីរដ្ឋចំនួន១៤លើករាប់ចាប់ពីពេលពពោះរហូតសម្រាលកូនបានអាយុ២ឆ្នាំ ដោយមួយលើកទទួលបានថវិកា៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភសម្រាប់កូនចំនួន៨០ម៉ឺនរៀល។ ថវិកា ដែលផ្ដល់ជូននេះ ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកង្វះអាហារូបត្ថម្ភ។
សូមបញ្ជាក់ថា រយៈពេលជិត១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២៥ ពលរដ្ឋប្រមាណ២,៧លាននាក់ បានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលបានសេវាព្យាបាលសុខភាព ប្រាក់បំណាច់មាតុភាព រួមទាំងប្រាក់សោធន ដែលជាការគាំពារពីកម្មវិធីរបបសន្តិសុខសង្គម (ប.ស.ស)។ មួយឆ្នាំៗ ថវិកាដែលចំណាយលើរបបសន្តិសុខសង្គមមាន២,២៩៧ប៊ីលានរៀល (ប្រមាណ៥៧៤លានដុល្លារអាម៉េរិក)។ ក្នុងនោះ មានថវិការដ្ឋចំនួន៤០៦លានដុល្លារ និងថវិកាវិភាគទានមានប្រមាណ១៦៧លានដុល្លារ៕
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។
