- ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ក្រសួងធម្មការ និងសាសនា គ្រៀងនឹងរៀបចំពិធីបុណ្យវិសាខបូជា រយៈពេល២ថ្ងៃគឺនៅថ្ងៃទី១១ និង១២ ខែឧសភា នៅភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ នៅបរិវរណព្រះមហាសក្យមុនីចេតិយ។ ស្របជាមួយគ្នានេះ នៅតាមបណ្ដាវត្តអារាមទាំងអស់ក្នុងប្រទេសក៏នឹងរៀបចំព្រមៗគ្នាដែរ ស្របតាមរដ្ឋធម្មនុញ្ញដែលបានចែង។
យោងតាមសេចក្ដីណែនាំ ដើម្បីឱ្យពិធីនេះឱឡារិក ក្រសួងធម្មការ ណែនាំដល់មន្ទីរធម្មការគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយសាលាគណ និងរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយពីខ្លឹមសារស្ដីពីបុណ្យវិសាខបូជា ដល់ប្រជាពុទ្ធបរិស័ទ និងយុវជនគ្រប់មជ្ឈដ្ឋាន ឱ្យបានជ្រួតជ្រាបពីអត្ថន័យនៃពិធីនេះ។
ក្រសួងក៏បានណែនាំឱ្យបំផុសគ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្ដារាជធានី-ខេត្តនីមួយៗ ក្រសួងឱ្យជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធីបុណ្យវិសាខបូជា ជាផ្លូវការ។
ក្រសួងបញ្ជាក់ទៀតថា មន្ទីរធម្មការតាមបណ្ដារាជធានី-ខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ណែនាំដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិត្រាស់ដឹង បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ រៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា និងដឹកនាំបបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋានជាដើម។
ជាមួយគ្នានេះក្រសួងឱ្យសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងបំផុសសប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លា រក្សានូវប្រពៃណីដ៏ល្អផូរផង់ និងអនុមោទនាយកអានិសង្សរៀងៗខ្លួន។
បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាសំខាន់បំផុតមួយ សម្រាប់ប្រទេសដែលប្រកាន់ពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំឭកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃដែលព្រះពុទ្ធប្រសូតិ, ត្រាស់ដឹង និងបរិនិព្វាន។ បុណ្យនេះ ក៏ត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ៕
អ្នកសរសេរអត្ថបទ
