- ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែមិថុនា នៅសាលាមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ។ មហោស្រពឆ្នាំនេះធ្វើឡើងក្រោមបទ «ទំពាំងស្នងឫស្សី»។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ ព្រឹត្តិការណ៍វប្បធម៌នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចួលរួមថែរក្សា លើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។
ព្រឹត្តិការណ៍នេះ ក៏ដើម្បីលើកទឹកចិត្តដល់សិល្បករ សិល្បការិនីជំនាញចាប៉ីដងវែងឱ្យមានសកម្មភាពកាន់តែផុសផុលបន្ថែមទៀត។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសជ្រើសបេក្ខភាព ដើម្បីចូលរួមប្រកួតចាប៉ីដងវែង សម្រាប់មហោស្រពនេះផងដែរ។
លក្ខខណ្ឌនៃការចូលរួមប្រកួត គឺបេក្ខភាពនីមួយៗ ត្រូវមានសញ្ជាតិខ្មែរ និងពុំមែនជាបេក្ខភាពធ្លាប់ជាប់ជ័យលាភីលេខ២ ក្នុងកម្មវិធីមហោស្រពចាប៉ីដងវែងទូទាំងប្រទេសនាពេលកន្លងមក។ បេក្ខភាពនីមួយៗ ត្រូវថតជាវីដេអូថ្មី ដែលមានរយៈពេល១៥នាទី ពីសកម្មភាពសម្ដែង ឬច្រៀងចាប៉ីដងវែងរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យប្រើបច្ចេកទេសជំនួយសំឡេងដាច់ខាត។ បើនល្មើសលក្ខខណ្ឌនេះ បេក្ខជ នឹងត្រូវគណៈកម្មការ ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ បេក្ខភាពមានពិការភាព ដែលមានសមត្ថភាពផ្នែកចាប៉ីដងវែង ត្រូវបានលើកទឹកចិត្ត។
ចំពោះវិញ្ញាសាប្រឡង វិញបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទីមួយវគ្គជម្រុះវីដេអូ ប្រធានបទសេរី ដែលមានអត្ថន័យបង្កប់នូវខ្លឹមសារអប់រំ មានរយៈពេល១៥នាទី ដូចបានរៀបរាប់ខាងលើ។ ទី២គឺវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទដែលមានអត្ថន័យទាក់ទងនឹង «ទំពាំងស្នងឫស្សី» មានរយៈពេល១៥នាទី និងទី៣គឺវគ្គផ្ដាច់ព្រ័ត្រ ដែលមានប្រធានបទដូចវគ្គទី២ដែរ និងប្រធានបទរបស់គណៈកម្មាការមេប្រយោគដាក់ជូនបេក្ខភាពភ្លាមៗនៅពេលប្រឡងផ្ទាល់រយៈពេល១៥នាទីផងដែរ។
ចំពោះរង្វាន់ជ័យលាភីលេខ១ នឹងទទួលបានពានមាស១ និងទឹកប្រាក់៦លានរៀល, លេខ២ នឹងទទួលបានពានប្រាក់មួយ និងទឹកប្រាក់៤លានរៀល ខណៈលេខ៣ នឹងទទួលបានពានសំរឹទ្ធ រួមនឹងទឹកប្រាក់២លានរៀល។ ចំពោះជ័យលាភីកិត្តយស នឹងទទួលបណ្ណសរសើរ និងទឹកប្រាក់លើកទឹកចិត្តចំនួន ១លានរៀលផងដែរ។
ព័ត៌មានបន្ថែមលោកអ្នកនាងអាចទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ និងតេឡេក្រាម ០៦១ ៣៣៥ ១៨២, ០៩៧ ៣៣៥ ៣៣១០ និង០៨១ ៣៣៦ ១៨២។
បេក្ខភាពប្រកួតទាំងអស់ ត្រូវដាក់ពាក្យចូលរួមប្រកួត និងអាចស្វែងរកពាក្យប្រកួតបានតាមរយៈតំណភា្ជប់នេះ https://drive.google.com/file/d/1Pcr4hkeie5K4lTZ1KueTw4A-REMZYMMm/view ៕
អ្នកសរសេរអត្ថបទ
