- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន និងពាណិជ្ជករ ចាប់អារម្មណ៍លើដំណាំកាកាវ ឱ្យចូលរួម «ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥»។ ក្រុមប្រឹក្សាកាកាវម៉ាឡេស៊ី នឹងរៀបចំពិព័រណ៍នេះនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Saban ប្រទេសម៉ាឡេស៊ី។
ផលិតផលកាកាវ ជាវត្ថុដើមសំខាន់មួយ ក្នុងផលិតកម្មសូកូឡា ជាគ្រឿងផ្សំក្នុងគ្រឿងសម្អាង និងត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទៀត។ប្រទេសម៉ាឡេស៊ី ជាប្រទេសដែលត្រូវបានគេស្គាល់ថាជាប្រទេសកែច្នៃ និងនាំចេញផលិតផលកាកាវសំខាន់មួយផងដែរ។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះ ជាវេទិកាសំខាន់មួយ ដែលប្រមូលផ្ដុំនូវអ្នកផលិតកាកាវ អ្នកកែច្នៃសូកូឡា និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មកាកាវ និងសូកូឡាទាំងក្នុង និងក្រុងប្រទេស ដើម្បីបង្កើតបង្កើតបណ្ដាញទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្មថ្មីៗក្នុងវិស័យកាកាវ។
ដើម្បីចូលរួមវេទិកានេះ សូមទំនាក់ទំនងបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានអាស័យដ្ឋានឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលេខទូរស័ព្ទ ០១២ ៧៧៧ ៩៥៩, ០១៧ ២៩៦ ៩៩២ ឬអ៊ីម៉ែល [email protected], [email protected]៕
អ្នកសរសេរអត្ថបទ
