សម្តេច ហ៊ុន សែន នឹង​ទៅ​ចូលរួមខួប​លើកទី៥០នៃទិវា​បង្រួបបង្រួមជាតិ​វៀតណាម
  • ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ២:២៨ នាទី រសៀល
សម្តេច ហ៊ុន សែន នឹង​ទៅ​ចូលរួមខួប​លើកទី៥០នៃទិវា​បង្រួបបង្រួមជាតិ​វៀតណាម

នៅថ្ងៃទី២៩-៣០ ខែមេសា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹង​ទៅប្រទេសវៀតណាម ដើម្បី​ចូល​រួមខួប​លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួប​បង្រួមជាតិរបស់វៀតណាម តបតាមការអញ្ជើញរបស់ លោក តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

TTN-Free-Banner-In-Article-PC

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៨ ខែមេសា ​ប្រតិភូអមដំណើរសម្តេច ហ៊ុន សែន ក្នុងទស្សនកិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេស​វៀតណាមនេះ រួមមានសម្តេច​ ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និង​ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន​នៃស្ថាប័នព្រឹទ្ធសភា ​និងរាជរដ្ឋាភិបាលកម្ពុជា។ 

នៅក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា នឹងមានជំនួបពិភាក្សា​ការងារ​ដាច់ដោយឡែកពីគ្នា ជាមួយ លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម , លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។ នេះបើតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានបញ្ជាក់ទៀតថា សម្តេច ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំបរទេស ដែល​ចូ​ល​រួម​ពិធីរំលឹកខួបនេះដែរ។

​ព្រឹទ្ធសភាកម្ពុជា ចាត់ទុក​ទស្សនកិច្ចរបស់​ សម្តេច ហ៊ុន សែន ​ក្នុងខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការ បង្រួបបង្រួមជាតិ​វៀតណាមនេះ សបញ្ជាក់យ៉ាងច្បាស់ អំពីការបន្តរឹតចំណង និងលើកកម្ពស់ មិត្តភាពជា​ប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្រប តាមស្មារតី ​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង​៕


អ្នកសរសេរអត្ថបទ

កញ្ញា ខន ចំប៉ា ចូលរួមជាមួយ​សារព័ត៌មានឌីជីថលថ្មីៗ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤។ កញ្ញាមានជំនាញសរសេរព័ត៌មាន​ផ្នែកសង្គម និងគ្រប់គ្រង​ផ្នែកពាណិជ្ជកម្ម។ បច្ចុប្បន្ន ចំប៉ា មាន​តួនាទីជានិពន្ធនាយកា៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ខន ចំប៉ា