- ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

សៀមរាប៖ អង្គការស្លាបព្រាកម្ពុជា (SPOONS) កំពុងធ្វើនវានុវត្តន៍មុខម្ហូបខ្មែរបែបប្រពៃណី ៣០មុខ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-បារាំង តាមរយៈអាហារ និងចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។ នវានុវត្តន៍នៃម្ហូបប្រពៃណី ផ្ដោតទៅលើសោភ័ណភាព រសជាតិ ក្នុងន័យលើកកម្ពស់មុខម្ហូបខ្មែរ សម្រាប់ទេសចរបរទេសផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ស្តាប់កិច្ចសម្ភាស រវាងលោក ស៊ុល រ៉វី និងអ្នកស្រី អ្នកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា ដូចតទៅ៖
បដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ការស្នាក់នៅ និងការទទួលទានផងដែរ។ មនុស្សប្រើប្រាស់ភាសាទីទៃពីគ្នា វប្បធម៌ដោយឡែកពីគ្នា រសនិយមក៏ខុសគ្នាដែរ។ បើនិយាយពីម្ហូបអាហារទៀត ក៏រឹតតែខុសគ្នាថែមទៀត។
ម្ហូបអាហារខ្មែរសម្បូរបែបណាស់ រាប់ចាប់ពីសម្លស្ងោរ ចៀន ឆា ចំហុយ ញាំជាដើម។
ទោះជាយ៉ាងណា ម្ហូបខ្មែរមានលក្ខណៈពិសេស គឺមានក្លិន និងរសជាតិដិតៗ និងប្រើប្រាស់នូវប្រហុក និងគ្រឿងទេសចម្រុះច្រើនប្រភេទក្នុងសម្ល ឬមុខម្ហូបមួយមុខៗ។
សម្រាប់ប្រជាជនកម្ពុជា ក្លិនប្រហុក និងរសជាតិដិតៗទាំងអស់នេះ ជារឿងធម្មតាទេ ហើយវាក៏ជារសជាតិពិសេសផងដែរ នៅពេលបានបង់ប្រហុកក្នុងមុខម្ហូប។ ប៉ុន្តែសម្រាប់ជនជាតិ បរទេស ពួកគេអាចសាកបាន តែប្រហែលជាពួកគេមិនអាចបរិភោគរសជាតិដើមនៃម្ហូបខ្មែរ ពេញមួយអាទិត្យ ឬពេញមួយដំណើរកម្សាន្តពួកគេ នៅកម្ពុជាទេ។
ដូច្នេះដើម្បីរក្សានូវតម្លៃប្រពៃណី និងលើកតម្លៃម្ហូបខ្មែរ ការកែច្នៃ និងធ្វើនវានុវត្តន៍ម្ហូបអាហារ គឺមានសារៈសំខាន់ណាស់។
អង្គការស្លាបព្រាកម្ពុជា បានជើងមួយជំហាន ក្នុងកិច្ចការនេះនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន អង្គការស្លាបព្រា កំពុងធ្វើទំនើបកម្ម មុខម្ហូបខ្មែរចំនួន៣០មុខ សម្រាប់ភោជនីយ ដ្ឋានរបស់ខ្លួន ស្ថិតក្នុងខេត្តសៀមរាប។ គម្រោងនេះ ទទួលបាន គាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការអន្តរជាតិ La Francophonie ប្រទេសបារាំង។
នារាត្រីនៃការដឹងគុណ ដែលរៀបចំដោយអង្គស្លាបព្រាកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា អ្នកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា លើកឡើងថា ការចាក់បញ្ចូលគ្នានៃអាហារប្រពៃណីខ្មែរ និងអាហារបារាំង ក្នុងន័យទំនាក់ទំនងវប្បធម៌គ្នានឹងគ្នា តាមរយៈម្ហូបអាហារ។
អ្នកស្រី ម៉ៅ សុផានី ពន្យល់បន្ថែម៖ «គម្រោងមួយទៀត គឺការrenovate (នវកម្ម) ផលិត ផលទាក់ទងនឹងម្ហូបខ្មែរ, ម្ហូបខ្មែរកាត់បារាំង ឬលាយគ្នាជាដើម ដើម្បី ឱ្យពួកយើង មាន ទំនាក់ទំនង culture exchange (ការផ្លាស់ប្ដូរវប្បធម៌) ជាមួយខ្មែរ និងបារាំងយើងហៅថា Khmer – French Cuisine»។
តាមរយៈគម្រោងនេះ បច្ចុប្បន្នអង្គការ SPOONS បានជ្រើសរើសមុខម្ហូបខ្មែរចំនួន៣០មុខ។ នាយិកាអង្គការ ពន្យល់ថា គម្រោងនវានុវត្តន៍ម្ហូបអាហារនេះ គឺជាការរៀបចំតុបតែងម្ហូបអាហារ ខ្មែរ ឱ្យកាន់តែទាន់សម័យ ឬទំនើបបន្ថែមទៀត ដោយរក្សានៅរសជាតិ និងវត្ថុធាតុដើម ប្រើប្រាស់ជារបស់ខ្មែរដដែល ពោលធ្វើយ៉ាងណាឱ្យរសជាតិអាចឱ្យខ្មែរ និងបរទេស ទទួល យកបានដូចគ្នា។
បើតាមអ្នកស្រី សុផានី ចំណុចសំខាន់នៃការនវានុវត្តន៍ម្ហូបអាហារនេះ គឺការច្នៃម្ហូប ដោយប្រើ ប្រាស់វត្ថុធាតុដើម ឬគ្រឿងផ្សំទាំងអស់ជាផលិតផលក្នុងស្រុករាប់ចាប់ពីគ្រឿងទេស, សាច់ និងបន្លែជាដើម។ ការណ៍នេះ ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់នូវផលិតផលក្នុងស្រុក។
អ្នកស្រី ម៉ៅ សុផានី បញ្ជាក់ទៀតថា ក្រៅពីការកែច្នៃ ការរក្សានូវមុខម្ហូបប្រពៃណី នៅតែត្រូវ រក្សាដដែល តែមានការកែប្រែថ្មីបន្ថែម ឱ្យស័ក្តិសមទៅនឹងការទទួលរបស់ជនបរទេស។ អ្នកស្រី ម៉ៅ សុផានី សង្កត់ធ្ងន់ដូច្នេះ៖«សម្លកកូរក៏យើងមាន ហហ្មុកត្រីក៏យើងមាន ប៉ុន្តែ យើងត្រូវបន្ថយប្រហុក ឬកុំឱ្យវាក្លិនពេក ហើយយើងប្រើប្រាស់ចានសេរ៉ាមិច របស់ខ្មែរ យើងជាដើម»។
បច្ចុប្បន្ននេះម្ហូបទាំង៣០មុខ ដែលអង្គការបានសម្រេចជ្រើសរើស កំពុងស្ថិតក្នុងដំណាក់ កាល នៃការឆ្លងកាត់សាកល្បង ដើម្បីឈានដល់ការសម្រេចចុងក្រោយ៕
អ្នកសរសេរអត្ថបទ
